ខេត្តព្រៃវែង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញមន្ត្រីកសិកម្មធ្វើយ៉ាងណាឲ្យវិស័យវារីវប្បកម្មលូតលាស់ទៅមុខ ដើម្បីធានាដល់ផ្គត់ផ្គង់ត្រី និងសាច់ក្នុងស្រុកពោល គឺធ្វើឲ្យចំនួនអ្នកចិញ្ចឹមត្រីនៅកម្ពុជាមានកំណើនដល់ ១០ម៉ឺនគ្រួសារ ដែលអាចធ្វើឲ្យស្រុកខ្មែរក្លាយជាអធិរាជអណ្ដែង ។

ក្នុងឱកាសចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅស្រុកពាមរក៍ ខេត្តព្រៃវែង សម្តេចនាយករដ្ឋមន្ត្រីថា រដ្ឋនឹងទម្លាក់សាច់ប្រាក់ ៥០ម៉ឺនដុល្លារ តាមរយៈធនាធារអភិវឌ្ឍន៍ជនបទ ដើម្បីជួយឧត្ថម្ភដល់អ្នកចិញ្ចឹមត្រី១ពាន់គ្រួសារ និងអ្នកចិញ្ចឹមកង្កែប៧០០គ្រួសារ ។ ហើយថា បើថវិកានោះអស់សម្តេច និងទម្លាក់បន្ថែមទៀត ។

ប្រមុខរាជរដ្ឋាភិបាលក៏បានជំរុញឲ្យមានអ្នកបច្ចេកទេសចុះជួយពលរដ្ឋនៅក្នុងការងារវារីវប្បកម្មនេះដូចជា ការណែនាំពលរដ្ឋពីរបៀបធ្វើប៊ែលចិញ្ចឹមត្រីជាដើមនោះ ។ សម្តេចតេជោ បានស្នើដល់អាជ្ញាធរធ្វើការសម្រួលដល់ពលរដ្ឋអាចប្រើប្រាស់ព្រែក ទន្លេ សម្រាប់ចិញ្ចឹមត្រីបានផងដែរ ។ ក្រសួងកសិកម្មបានឲ្យដឹងថា ការអភិវឌ្ឍវិស័យវារីវប្បកម្មមានការកើនជារៀងរាល់ឆ្នាំ ។

ជាក់ស្តែងនៅ ឆ្នាំ២០០៩ កម្ពុជាអនុវត្តបានត្រឹមតែ ៥០០០០តោន និងការភ្ញាស់កូនត្រីពូជអនុវត្តបានជាង ៦៩ លានក្បាលតែប៉ុណ្ណោះ ។ ប៉ុន្តែមកដល់ឆ្នាំ២០១៩ ការធ្វើវារីវប្បកម្មបានកើតឡើងរហូតដល់ ៣០៧ ៤០៨ តោន ក្នុងនោះផលចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោ មានចំនួន៧១ ៥៣៦តោន ហើយនិងការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន២២២ លានក្បាល ។
ក្រសួងកសិកម្មបានឲ្យដឹងថា តាមរយៈផែនការយុទ្ធសាស្ត្រនេះជាគោលដៅ ដើម្បីសម្រេចបានផលិតផលវារីវប្បកម្មចំនួន ៧៤០ ០០០តោន នាឆ្នាំ២០២៤ ខាងមុខ ។ ត្រីជាម្ហូបអាហារសំខាន់របស់ប្រជាពលរដ្ឋខ្មែរ ។ ស្របពេលត្រីធម្មជាតិចេះតែខ្សត់ទៅៗ មានការតែចិញ្ចឹមនេះទេ ទើបអាចផ្គត់ផ្គង់ដល់ការបរិភោគរបស់ពលរដ្ឋជាប្រចាំថ្ងៃបាន ។

នៅក្នុងឱកាសចុះពិនិត្យការចិញ្ចឹមត្រី នៅក្នុងខេត្តព្រៃវែងនេះដែរ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ខ្លួនសម្តេចផ្ទាល់ជាអ្នកចូលចិត្តទទួលទានត្រីម្នាក់ដែរ ។ សម្តេចថា ក្នុង១ឆ្នាំ ៣៦៥ថ្ងៃនោះគ្មានថ្ងៃណាមួយដែលសម្តេចមិនពិសាត្រីឡើយ ។ ត្រីដែលសម្តេចចូលចិត្តទទួលទាន គឺត្រីឆ្អែនអាំងជាមួយទឹកត្រីដាក់ប៉េងប៉ោះ ។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ខ្ញុំទទួលទាននេះ ទទួលទាននោះ តែចុងក្រោយនៃអាហាររបស់ខ្ញុំគឺត្រីឆ្អែនអាំង និងទឹកត្រីជាមួយប៉េងប៉ោះ» ។ សម្រាប់ត្រីអណ្តែងវិញ នាយករដ្ឋមន្ត្រីបញ្ជាក់ថារស់ជាតិឆ្ងាញ់ណាស់ ដោយគេអាំងក៏បាន ហើយបើធ្វើសម្លកកូរនោះកាន់តែឆ្ងាញ់ ។ ក្នុងការជំរុញវិស័យវារីវប្បកម្មនេះ សម្តេចតេជោ ហ៊ុន បានស្នើស្ថាប័នជំនាញសិក្សាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការមានការវិនិយោគលើរោងចក្រផលិតចំណីសត្វ សម្រាប់ផ្គត់ផ្គង់ដល់កសិករ ។

សម្តេចបានបញ្ជាក់ថា នៅមានការផលិតចំណីសត្វនៅក្នុងស្រុកបាននោះ កម្ពុជាកាន់តែមានភាពម្ចាស់ការលើការងារចិញ្ចឹមត្រី និងកង្កែប ជ្រូក និងគោជាដើមនោះ ។

សូមជម្រាបថា អ្នកចិញ្ចឹមត្រី កង្កែប និងជ្រូកជាដើមនោះ ធ្លាប់បានត្អូញត្អែរជាច្រើនឆ្នាំមកហើយ ពីផលលំបាករបស់ពួកគាត់ លើការទិញចំណីសត្វមានតម្លៃខ្ពស់ នាំចូលពីបរទេសនោះ។ ការចិញ្ចឹមដែលបានចំណាយដើមទុនច្រើន បានធ្វើឲ្យផលិតផលក្នុងស្រុកមិនអាចប្រកូតប្រជែងជាមួយផលិតផលនាំចូល ដែលធ្វើឲ្យកសិករខ្មែរមិនចង់ចិញ្ចឹមត្រី កង្កែប និងជ្រូករហូតមកនោះ៕
ចែករំលែកព័តមាននេះ