បង្ក្រាបឈើ និងមធ្យោបាយដឹកជញ្ជូនរបស់ឈ្មួញដុះស្លែពាក់ស្បែកខ្លាម្នាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ឈើជាច្រើនដុំដែលជារបស់ឈ្មួញពាក់ស្បែកខ្លាមានឥទ្ធិពលប្រចាំស្រុកឱរ៉ាល់មួយរូប ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ ធ្វើការបង្ក្រាប ខណៈពេលដែលក្រុមឈ្មួញកំពុងតែលើកឈើដាក់ចូលក្នុងទូកុងតឺន័រ ដើម្បីបំភាន់ភ្នែកមហាជនដឹកយកទៅលក់នៅក្រុងតាខ្មៅ។ នេះគឺជាល្បិចថ្មីមួយទៀត របស់ក្រុមឈ្មួញដែលបំភាន់ភ្នែកសមត្ថកិច្ច និងមហាជនក្រោមរូបភាពដាក់ក្នុងទូកុងតឺន័រ តែទោះជាមានការបំភាន់បែបនេះក្តី ក៏មិនអាចគេចផុតពីក្រសែភ្នែករបស់មន្ត្រីជំនាញបានឡើយ។

ការបង្ក្រាបឈើលក្ខណៈទ្រង់ទ្រាយធំដែលពុំធ្លាប់មាននាពេលកន្លងមកនេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង10នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី14 ខែកក្កដា ឆ្នាំ2020 នៅក្នុងដីចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពបានឱ្យដឹងថា ដោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថា មានក្រុមឈ្មួញបានយកទូកុងតឺន័រចូលទៅក្នុងចំការស្វាយចន្ទី នៅចំណុចខាងលើ់ ភ្លាមនោះលោកអធិការនគរបាលស្រុកឱរ៉ាល់ បានចាត់កម្លាំងតាមឃ្លាំមើលតាំងពីក្បាលព្រលប់ ក៏ឃើញពួកឈ្មួញកំពុងធ្វើសកម្មភាពយកអេស្កាវ៉ាទ័រលើកឈើដាក់ចូលក្នុងទូកុងតឺន័រពិតប្រាកដមែន។

ក្រោយពីឃើញសកម្មភាពរបស់ក្រុមឈ្មួញ ដោយមានមេការម្នាក់កំពុងតែចាត់ចែងនៅទីនោះ កម្លាំងបានរាយការណ៍មកលោកអធិការមិនទុកយូរឡើយ ក្រោយមកលោកអធិការក៏បានស្នើសុំគោលការណ៍ពីថ្នាក់លើ ដើម្បីធ្វើការចុះបង្ក្រាប។

ជាក់ស្ដែងក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចឃាត់បានអេស្កាវ៉ាទ័រមួយគ្រឿង, រថយន្តសម្រាប់ V1 ផ្ទុកទូកុងតឺន័រមួយគ្រឿង, រថយន្តមីតស៊ុយប៊ីស៊ី ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិ02.21985 និងរថយន្តម៉ាកវីហ្គោ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 02.2-9113មួយគ្រឿង ព្រមទាំងម៉ូតូម៉ាកវ៉េវ ១គ្រឿងទៀត។

រថយន្តដែលសមត្ថកិច្ចឃាត់ទុក ត្រូវបានដឹងថា មានម្ចាស់ម្នាក់ឈ្មោះ លឹម ផេង ជាមន្ត្រីយោធា និងរថយន្តមួយគ្រឿងទៀតជារបស់ឈ្មោះ ទុយ អ្នកទាំងពីរ ជាមេការមើលការខុសត្រូវការលើកដាក់ឈើចូលក្នុងទូកុងតឺន័រ។ ហើយបុរសឈ្មោះ ទុយ ដែលជាមេការកំពុងមើលការខុសត្រូវបានប្រាប់ថា ឈើទាំងអស់ជារបស់ឈ្មោះ ជឿង ថេង មន្ត្រីយោធាភូមិភាគ 3 ដែលធ្លាប់មានរឿងអាស្រូវកន្លងមក។
ព័ត៌មានពិស្តារមានផ្សាយនៅលើកាសែតកោះសន្តិភាព។ (កែសម្រួលដោយ ៖ បុប្ផា)














ចែករំលែកព័តមាននេះ