តាមឯកសារ«មហាបុរសខ្មែរ» បានសរសេរថា៖ ឈ្មោះ«កែប»នេះ គឺក្លាយមកពីភាសាបារាំង«Cap»ដែលបារាំង ធ្លាប់ហៅកាលដែលបារាំងដាក់នឹមត្រួតត្រានៅកម្ពុជា ឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ ។ ពាក្យ«Cap»នេះ មានន័យជា ភាសាខ្មែរថា «ជ្រោយ» ស្របនឹងទីតាំងភូមិសាស្ត្រតំបន់កែបនេះមានរាងលយ ឬពយ ចូលទៅសមុទ្រ ។ ហេតុនេះហើយទើបគេហៅថាក្រុងកែប ឬក្រុង«Cap» តាមភាសាបារាំងមានន័យថា«ជាទីក្រុងជ្រោយ» ដែលមានសណ្ឋានដីលយ ចូលសមុទ្រ ហើយពាក្យនេះក៏ចេះតែហៅ តៗគ្នាថា«កែបៗ»រៀងរហូតមក ។

បើតាមរឿងព្រេងនិទាន បានបញ្ជាក់ថា នៅសម័យមហានគរដ៏រុងរឿង មានស្តេចលាវមួយព្រះអង្គព្រះនាម «សាគររាជ» ដែលមានវិជ្ជាគុនខ្លាំងក្លាណាស់ ហើយចេះវេទមន្តមហាសណ្តំពូកែទៀតផង ។ នៅថ្ងៃមួយពេលដែលព្រះអង្គ ទតឃើញសេះសមួយក្បាលដ៏ស្រស់សង្ហា មានព្រះទ័យចង់បាន ក៏ប្រើវេទមន្តមហាសណ្តំលើមេទ័ពខ្មែរដែលជាម្ចាស់សេះសនោះឲ្យដេកលង់លក់អស់រយៈពេលយ៉ាងយូរ ហើយក៏លួចយកសេះនោះរត់គេចមកតាំងពីតំបន់អង្គរ (ក្នុងទឹកដីខេត្តសៀមរាបសព្វថ្ងៃ) ដោយនាំទាំងមហេសី និងពលសេនាមកជាមួយផង ។

ក្រោយមក មេទ័ពដែលត្រូវសណ្តំនោះ បានដឹងខ្លួនឡើងវិញ ហើយបាត់សេះជាទីស្រលាញ់ ក៏បាននាំពលដើររកសេះរបស់ខ្លួន តាមស្នាមដានជើងសេះ រហូតដល់តំបន់ភាគនិរតីនៃប្រទេស (ខេត្តកែបសព្វថ្ងៃ) ហើយបានឃើញ សេះរបស់ខ្លួននៅជាមួយ«សាគររាជ» ។ ក្នុងខណៈនោះក៏កើតមានចម្បាំងប្រយុទ្ធជាមួយគ្នាយ៉ាងស្វិតស្វាញ ហើយ «សាគររាជ»ពេលនោះច្បាំងមិនឈ្នះមេទ័ពខ្មែរ ក៏បានដកខ្លួនថយ ដោយឡើងលើខ្នងសេះនោះបំផាយ ដើម្បីភៀស ខ្លួនចេញពីគ្រោះថ្នាក់ ប៉ុន្តែត្រូវសេះនោះកញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើខ្នងសេះនោះ ហើយរងរបួសជាតំណំ ដោយជ្រុះកែបសេះនៅទីនោះទៀតផង ។ នៅពេលឃើញគ្រោះមហន្តរាយបែបនេះ «សាគររាជ» ក៏ព្យាយាមស្ទុះឡើង លើខ្នងសេះរបស់ព្រះអង្គមួយទៀត បំផាយយ៉ាងលឿនគេចខ្លួនបាត់ស្រមោល ជាមួយនឹងពលសេនាទៅជាមួយផង ។

លុះក្រោយមកទៀត ស្តេចលាវនោះក៏ចេះតែនាំគ្នារត់ពីកន្លែងមួយទៅកន្លែងមួយរហូតទៅបោះជំរំនៅលើកំពូលភ្នំមួយ (ភ្នំលាវសព្វថ្ងៃ) ដែលស្ថិតនៅខាងកើតនៃកន្លែងដែលជ្រុះកែបសេះ ចម្ងាយប្រមាណជាង៤គីឡូម៉ែត្រ ។ មិនយូរប៉ុន្មាន ដំណឹងនៃការបោះជំរំនេះ បានដឹងដល់មេទ័ពខ្មែរ ហើយមេទ័ពខ្មែរក៏ចាត់ពលឱ្យព័ទចាប់ស្តេចលាវ «សាគររាជ»នោះទៀត ហើយស្តេចលាវនោះក៏នាំមហេសី និងពលសេនារត់ទៅលាក់ខ្លួនពូនអាត្មានៅភ្នំមួយទៀត ស្ថិតនៅខាងលិច ចម្ងាយប្រហែល១គីឡូម៉ែត្រ ។ ចេញពីភ្នំមួយនេះទៅ «សាគររាជ» និងពលសេនា បានហែលឆ្លងសមុទ្រ ទៅបោះជំរំនៅកោះមួយចម្ងាយប្រមាណជាង៤គីឡូម៉ែត្រ ពីឆ្នេរដីគោគ ។

ក្រោយមកមេទ័ពខ្មែរបានវាយលុកនៅលើកកោះ នោះទៀត រហូតកងទ័ពលាវដែលនៅលើកោះទាំងអស់ត្រូវបានរំសាយចេញអស់គ្មានសល់ ។ បន្ទាប់ពីនេះនៅពេល ដែលបែកបាក់កម្លាំងទ័ព រត់ចោលអស់ទៅ«សាគររាជ» ក៏រត់តែម្នាក់ឯងទៅ សសៀរៗ នៅជុំវិញភ្នំមួយទៀត ស្ថិតនៅប៉ែកខាងជើងកន្លែងជ្រុះកែបសេះប្រហែលជាង១០គីឡូម៉ែត្រ ។
ទាក់ទងនឹងប្រវត្តិរឿងព្រេងបែបនេះ ទើបគេហៅ ភ្នំដែលស្តេចលាវបានបោះជំរំនោះថា «ភ្នំលាវ» រីឯភ្នំមួយទៀតដែលស្តេចលាវបានលាក់ខ្លួនពួនអាត្មានោះថា «ភ្នំពួន» តែក្រោយមកហៅថា «ភ្នំពោន»វិញ ហើយភ្នំដែលស្តេចលាវបានរត់ សសៀរៗនោះ គេហៅថា«ភ្នំសរសៀរ» រហូតដល់សព្វថ្ងៃនេះ ។

ចំពោះកោះដែលកងទ័ព «សាគររាជ« បានបោះជំរំនោះឈ្មោះថា «កោះរំសាយ»តែក្រោយមកហៅថា «កោះទន្សាយ» វិញ ។
ចំណែកឯទីតាំងដែលជ្រុះកែបសេះ គេហៅថា «ភូមិកែបសេះ» តែក្រោយមកដោយឈ្មោះនេះវែងពេក ទើបគេហៅខ្លីត្រឹមថា «ភូមិកែបៗ»រហូតដល់បង្កើតជាក្រុង មានឈ្មោះថា «ក្រុងកែប»។
ក្រោយឆ្នាំ១៩៧៩ ខេត្តកែប គ្រាន់តែជាឃុំមួយឈ្មោះថា «ឃុំកែប» ដែលស្ថិតនៅចំណុះស្រុកកំពត ខេត្តកំពត ។ លុះដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩២ រដ្ឋសភានៃរដ្ឋកម្ពុជា បានអនុម័តច្បាប់ស្តីពីការបង្កើតក្រុងកែបឡើងវិញ ។ ក្រោយមកបានដូរឈ្មោះទៅជា «ខេត្តកែប»នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ដំណើរការរហូតដល់សព្វថ្ងៃនេះ ៕





ចែករំលែកព័តមាននេះ