រាជធានីភ្នំពេញ ៖ យោងតាមការស្រាយបំភ្លឺរបស់លោករដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះថា ការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តរបស់ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ នាពេលបច្ចុប្បន្នមានចំនួន៥២ការិយាល័យ ។

គិតចាប់ពីខែមករា ឆ្នាំ២០១៧មក ការិយាល័យបានចុះបញ្ជីទោចក្រយានយន្តជាង៥៤ម៉ឺនគ្រឿង និងសេវាផ្សេងៗទៀត សរុបជាង៥៦ម៉ឺនគ្រឿង និងបានរកឃើញភាពមិនប្រក្រតីដូចជា ការប្រើអត្តសញ្ញាណបណ្ណមិនត្រឹមត្រូវ និងការក្លែងបង្កាន់ដៃបង់ពន្ធជាដើម ។

នៅទីស្ដីការក្រសួងមហាផ្ទៃ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍រាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គប្រជុំថា បញ្ហាកូវីដ១៩ បានក្លាយជាឧសគ្គរារាំងការដឹកជញ្ជូនសម្ភារៈមួយចំនួនសម្រាប់បំពាក់នៅតាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្តជូនពលរដ្ឋហើយថា បញ្ហានេះបានធ្វើឱ្យការដាក់ឱ្យដំណើរការក៏ត្រូវពន្យាពេលរហូតដល់ដំណាច់ឆ្នាំ២០២០ ។

លោក ស៊ុន ចាន់ថុល បន្តថា «នៅក្នុងដំណាក់កាលនេះក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារប្រជុំពិភាក្សាគ្នារៀបចំនីតិវិធី និងបែបបទ ដើម្បីចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងដំណើការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត និងបានស្នើឱ្យក្រុមហ៊ុនព័ត៌មានវិទ្យារិះរកបច្ចេកវិទ្យាទប់ស្កាត់ការក្លែងបន្លំឯកសារ»។
លោក ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្រពីសម្ដេចក្រឡាហោម ពិនិត្យលទ្ធភាពភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយប្រព័ន្ធអនឡាញគ្រប់គ្រងអត្តសញ្ញាណបណ្ណរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការក្លែងបន្លំឯកសារអត្តសញ្ញាណបណ្ណពេលស្នើសុំចុះបញ្ជី ពីព្រោះកន្លងមកមានអ្នកក្លែងបន្លំ អត្តសញ្ញាណបណ្ណដើម្បីបានស្លាកលេខភ្នំពេញ ហើយមន្ត្រីក៏ជួបការលំបាក ដោយសារមិនមានទិន្នន័យដើមផ្ទៀងផ្ទាត់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីស្ដាប់នូវរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងការអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌក្រសួងទទួលខុសត្រូវ ពិសេសការផ្ដល់សេវានានាជូនប្រជាពលរដ្ឋ ។
ពាក់ព័ន្ធនឹងការស្នើសុំពន្យាពេលដល់ដំណាច់ឆ្នាំ២០២០ សម្រាប់ការបំពាក់សម្ភារៈបំរើឱ្យការផ្ដល់សេវាចុះបញ្ជីយានយន្តដោយសារបញ្ហាកូវីដ១៩នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឯកភាពតាមសំណើ និងបានផ្ដល់ការណែនាំកិច្ចការសំខាន់ៗមួយចំនួនទៀតសម្រាប់ក្រុមការងារក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន៕
ចែករំលែកព័តមាននេះ