រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ចូលគាស់សោបន្ទប់ផ្ទះជួលមួយកន្លែងរស់នៅ ដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះឡើយ ក្រោយមកត្រូវបានម្ចាស់ផ្ទះប្ដឹងសមត្ថកិច្ចឃាត់ខ្លួនមកសួរនាំតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា បុរសខាងលើនេះមានឈ្មោះ សំអាត ចាវ ភេទប្រុស អាយុ២១ឆ្នាំ មានមុខមិនពិតប្រាកដ មានស្រុកកំណើត ភូមិកាដាស់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
តាមប្រភពពីម្ចាស់ផ្ទះខាងលើបានអោយដឹងថា បន្ទប់ជួលរបស់គាត់គ្មានអ្នកជួលនោះទេ គឺទុកចោលជាច្រើនខែមកហើយ ក៏ស្រាប់តែមានបុរសម្នាក់មកចូលលួចគាស់សោ រួចចូលទៅរស់នៅអស់រយៈពេលជិតមួយខែ ទើបដឹង ។ ភ្លាមៗនោះគាត់ក៏បានយកសោទៅចាក់ពីខាងក្រៅបន្ទប់ បន្ទាប់មកគាត់ក៏រត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣តែម្តង។ ភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ឃាត់ខ្លួនបុរសខាងលើខាងលើនេះ យកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីបានសួរនាំទៅបុរសខាងលើ ក៏បាននិយាយប្រាប់ថា ខ្លួនគាត់គ្មានលុយកាក់សម្រាប់ជួលរស់នៅនោះទេ ទើបគាត់ដាច់ចិត្តលួចចូលគាស់សោរបន្ទប់ផ្ទះជួលខាងលើ ដើម្បីស្នាក់នៅតែម្តងទៅ ។

ប្រភពព័ត៌មានពីបុរសដដែលឱ្យទៀតថា ពីមុនគាត់ធ្លាប់ដើរស៊ីឈ្នួលលើកឥវ៉ាន់ដាក់លើចូលក្នុងទូកុងតឺន័រ និងលើកចេញពីទូកុងតឺន័រ លុះក្រោយមកដោយដាច់ការងារ ធ្វើឱ្យរូបគាត់ក៏គ្មានលុយ និងជួលផ្ទះនៅទេ ទើបគាស់បន្ទប់ខាងលើចូលរស់នៅតែម្ដងទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានសួរនាំ និងឆែកឆេរពិនិតទៅគ្មានអ្វីជាប់ខ្លួននោះទេ ក៏ឃាត់ខ្លួនបុរសខាងលើទុករង់ចាំអាណាព្យាបាលមកទទួលត្រឡប់ទៅផ្ទះវិញ ៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ