រាជធានីភ្នំពេញ៖ សកម្មជនបរិស្ថាន ដែលជាកូនភ្លោះឈ្មោះ ជុំ ហួរ និងជុំ ហួត កន្លងមកធ្លាប់បានភៀសខ្លួនទៅនៅប្រទេសថៃមួយរយៈ ស្រាប់តែពេលនេះកូនភ្លោះ ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបើកដំណើរសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម កាលពីថ្ងៃទី៩ ខែកក្កដាកន្លងមកនេះ។

យោងតាមលិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី ១៤ ខែកក្កដានេះ បានបញ្ជាក់ថា អង្គការនេះ មានទីស្នាក់ការកណ្តាល នៅភូមិត្រពាំងស្មាច់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្រោយទទួលបានការអនុញ្ញាតពីអាជ្ញាធរ លោក ជុំ ហួត ដែលជាប្រធានសមាគម បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា អង្គការក្រៅរដ្ឋាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅកម្ពុជា តាមរយៈការដោះស្រាយបញ្ហាសង្គមជាក់លាក់ ដើម្បីជួយបំពេញបន្ថែមលើតម្រូវការនានា ដែលស្ថាប័នរដ្ឋនៅខ្វះចន្លោះមិនអាចបំពេញបាន។

លោក ជុំ ហួត បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា សមាគមដែលទើបបង្កើតនេះ នឹងធ្វើការដើម្បីលើកកម្ពស់ការយល់ដឹងសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងការពារប្រព័ន្ធអេកូឡូស៊ីចាំបាច់របស់បរិស្ថាន និងការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងរៀបចំនៃការស្រាវជ្រាវ ការសិក្សាស្តីពីបរិស្ថាន និងសង្គម ដើម្បីបង្ហាញលទ្ធផលទៅរដ្ឋាភិបាលទទួលខុសត្រូវយកទៅអនុវត្តតាមនីតិវិធីដែលសមស្រប។
សូមជម្រាបថាលោក ជុំ ហួត ជាកូនភ្លោះនិងជុំ ហួរ អ្នកទាំងពីរជាសកម្មជនបរិស្ថាន ធ្លាប់ចេញមុខការពារបរិស្ថានដងទន្លេសេសាន លើគម្រោងទំបន់វារីអគ្គិសនី នាពេលកន្លងមក។កូនភ្លោះទាំងពីរនេះ ធ្លាប់ទទួលការបណ្តុះបណ្តាល ពីលោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនយោបាយ ដែលគេបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំ២០១៦នោះដែរ៕

ចែករំលែកព័តមាននេះ