រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានជាបឋមថា នាព្រឹកថ្ងៃទី១៤ កក្កដា ២០២០នេះ មានការភ្ញាក់ផ្អើលមួយនៅខាងជើងផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយសារតែក្មេងប្រុសម្នាក់ អាយុ២ឆ្នាំ បានរត់លេងស្រាប់តែរអិលធ្លាក់ចូលតាមមាត់លូ ។
បើតាមប្រភពព័ត៌មានពីក្រុមសន្តិសុខផ្សារនាគមាស បានឲ្យដឹងថា ភ្លាមៗត្រូវឪពុកស្ទុះចូលទៅជួយចាប់មកវិញដែរ ប៉ុន្តែចូលមិនរួច ដោយសារ មាត់លូតូច មិនអាចឲ្យមនុស្សចាស់ចូលបានទេ ។ បន្តិចក្រោយមកក្រុមសន្តិសុខផ្សារនាគមាស កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌទួលគោក និងប្រជាពលរដ្ឋ នាំគ្នាជួយកាយប្រលោះមាត់លូ ដើម្បីជួយសង្គ្រោះក្មេងតូច ។
ប្រភពដដែលបានបន្តថា សំណាងល្អដែរ ពេលធ្លាក់ចូលក្នុងលូនោះ ខោក្មេងប្រុសទៅទាក់ជាប់សរសៃដែកមួយក្នុងលូ គ្រាន់តែឈ្លក់ទឹកសន្លប់ប៉ុណ្ណោះ នៅពេលលើកឡើងមកលើគោកវិញ ត្រូវបានឪពុកនិងប្រជាពលរដ្ឋ ជួយសង្គ្រោះបឋម របៀបមនុស្សលង់ទឹក បន្តិចក្រោយមក ក្មេងប្រុសមានដង្ហើមឡើងវិញ ទើបឪពុកដឹកតាមម៉ូតូ បញ្ជូនទៅដល់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតផងដែរ ។
សូមមាតាបិតា គ្រប់រូបគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនតូចៗ!




ចែករំលែកព័តមាននេះ