ខេត្តព្រៃវែង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាស នៅព្រឹកថ្ងៃទី១៤ កក្កដានេះថា កន្លងមករាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកឡើងវិញនូវ ខារ៉ាអូខេ និងឌីសកូថែក ឡើងវិញ តែត្រូវប្រែក្លាយជាភោជនីយដ្ឋាន ក៏ប៉ុន្តែមានហាងខារ៉ាអូខេមួយចំនួនបើកឡើងវិញមែន តែមិនមែនភោជនីយដ្ឋាន បែរជានៅជ្រកក្រោមផ្លាកភោជនីយដ្ឋាន តែខាងក្នុងនៅជាខារ៉ាអូខេ ។

ថ្លែងចេញពីខេត្តព្រៃវែង ទីកន្លែងសម្តេចនាយករដ្ឋមន្ត្រីបានអញ្ជើញចុះទៅពិនិត្យមើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែកក្កដានេះ សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់ទីតាំងខារ៉ាអូខេមួយកន្លែងដែលលួចជ្រកក្រោមស្លាកភោជនីយដ្ឋាន ត្រូវបានបង្ក្រាបនៅខណ្ឌចំការមន កាលពីយប់ថ្ងៃទី ១៣ កក្កដា ។

សម្តេចបានមានប្រសាសន៍បញ្ជាក់ថា ទៅតាំងដែលចាប់មួយនៅចំការមននោះ គឺដូរផ្លាក តែខាងមុខតែខាងក្នុងជាខារ៉ាអូខេដដែល ។

សូមរម្លឹកថា ក្រោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៣ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតិអោយបើកដំណើរការ KTV ឡើងវិញ ។ ក៏ប៉ុន្តែការអនុញ្ញាតឲ្យអាជីវកម្មកម្សាន្ត និង KTV នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត គឺតម្រូវឲ្យទីតាំងទាំងនោះត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាន ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញ ប៉ុន្ដែត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ នៅកម្ពុជា ៕
ចែករំលែកព័តមាននេះ