ខេត្តកំពង់ស្ពឺ ៖ ឈើដុលជាច្រើនដុំ បន្ទាប់ពីក្រុមឈ្មួញបានចរចាជាមួយជំនាញពាក់ព័ន្ធជាច្រើន ដែលមានតួនាទីភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើមិនត្រូវគ្នា ហើយក៏មិនហ៊ានដឹកចេញ ទីបំផុត ត្រូវបានខាងរដ្ឋបាលព្រៃឈើបកចូលទៅបង្ក្រាបដកហូតយកធ្វើជាសម្បត្តិរដ្ឋ។

ការចរចានេះ មិនត្រឹមតែសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនោះទេ សូម្បីតែក្រុមអង្គការក្រៅរដ្ឋាភិបាលមួយដ៏មានឥទ្ធិពលនោះ ក៏ក្រុមឈ្មួញសុំបង់លុយឲ្យដែរ។ នេះជាពាក្យលេចឮសុះសាយ ។ ការចុះបង្ក្រាបនិងប្រមូលយកឈើសន្និធិនៅក្នុងក្រុមហ៊ុនដាំដំឡូងមី «អេចអិលអេច» នេះ ធ្វើឡើង នាព្រឹកថ្ងៃទី១៣ កក្កដា នៅចំណុចក្រុមហ៊ុនស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រភពពីមន្ត្រីបរិស្ថានបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីបណ្ដាញថាមានក្រុមឈ្មួញបានយកឈើមកលាក់ទុកនៅក្នុងក្រុមហ៊ុនរួចមក ក៏បានរាយការណ៍ទៅខាងកសិកម្ម ដើម្បីអោយចុះស្រាវជ្រាវនិងពិនិត្យមើល។ ក្រោយពីចុះដល់ទីតាំងរួចមកមន្ត្រីបានរកឃើញឈើជាច្រើនដុំ ដែលមានមុខកាត់ធំៗលាក់ទុកដូចសេចក្តីរាយការណ៍ពិតប្រាកដមែន។ បន្ទាប់ពីរកឃើញហើយក៏បានសុំគោលការណ៍របស់ថ្នាក់លើប្រមូលរួចយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទប និងត្រពាំងជោរបំពេញបែបបទដើម្បីដកហូតជាសម្បត្តិរដ្ឋ។

ដោយឡែក តាមការបង្ហើបពីសំណាក់មន្ត្រីកងរាជអាវុធហត្ថស្រុកឱរ៉ាល់បានឲ្យដឹងថាឈើទាំងអស់ មានពាក់ព័ន្ធនឹងឈ្មោះតុង ឈ្មោះសឿង ឈ្មោះធីជាមន្ត្រីនគរបាលនិងឈ្មួញជាច្រើននាក់ទៀតចូលហ៊ុនគ្នាទិញពីខេត្តពោធិ៍សាត់ដឹកយកមកទុកនៅក្នុងក្រុមហ៊ុនដាំដំឡូងមីនេះអ្វីដែលជាការកត់សម្គាល់គឺការចរាចរណ៍ឈើចេញពីខេត្តពោធិ៍សាត់យកមកលាក់ទុកក្នុងចំការដំឡូងមីក្រុមហ៊ុនបានត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីឡេមឡឺមមួយកន្លែងដែលឈរជើងនៅជិតចំណុចអូរត្រាវ។

ប្រភពបន្តថាគ្មាននរណាម្នាក់អាចបញ្ជាក់បានទេអំពីការបង់លុយទៅឲ្យក្រុមមន្ត្រីដែលឈរជើងនៅទីនោះតែបើគ្មានការបង់លុយឱ្យទេ ឈើទាំងអស់នេះក៏មិនអាចចរាចរណ៍ឆ្លងកាត់ពីខេត្តពោធិ៍សាត់យកមកលាក់ទុកនៅទីនេះបានដែរ។ ប្រភពដដែលបានបន្តថាការពិតឈើទាំងអស់នេះត្រូវបានក្រុមឈ្មួញប្រុងយកឡានចូលមកលើកដែរតែដោយការចរចាបង់លុយមិនត្រូវរ៉ូវគ្នា ជាមួយមន្ត្រីពាក់ព័ន្ឋជាពិសរសគឺក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដ៏មានឥទ្ធិពលមួយ ដែលមិនទាន់បានទទួលលាភសក្ការៈ (ទារអោយឈ្មួញបង់លុយមុន)ពីក្រុមឈ្មួញទើបក្រុមឈ្មួញមិនហ៊ានដឹកចេញ ហើយក៏ត្រូវបានក្រុមមេព្រៃរកឃើញឈានដល់ការបង្ក្រាបតែម្ដង។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។


ចែករំលែកព័តមាននេះ