រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យសមត្ថកិច្ចដែលចុះចាប់បង្ក្រាបបទល្មើសជលផលខុសច្បាប់ ដោយប្រើប្រាស់ស្បៃអួនដាក់ត្រី មិនត្រូវចាប់យកស្បៃទៅដុតចោលដូចមុនទៀតទេ គឺត្រូវទុកស្បៃនោះឲ្យប្រជាកសិករ អ្នកចិញ្ចឹមត្រីយកទៅបាំងត្រីក្នុងស្រះដែលលិចទឹក ។

ថ្លែងក្នុងពិធីអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជា សំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចបញ្ជាក់ថា ៖«ពេលនេះខ្ញុំស្នើសុំឲ្យសមត្ថកិច្ចដែលចាប់បានស្បែអួនដែលជនល្មើសយកទៅដាក់ចាប់ត្រីខុសច្បាប់ដោយកុំដុតចោលដូចមុនទៀត ដោយទុកយកមកឲ្យប្រជាកសិករអ្នកចិញ្ចឹមត្រីនៅពេលលិចស្រះរបស់ពួកគាត់វិញ» ។
សម្តេចបន្តថា ការទុកស្បៃនេះចំណេញច្រើនជាង ព្រោះនៅពេលយកស្បៃនេះមកឲ្យប្រជាកសិករមិនសូវចំណាយលុយច្រើនក្នុងទិញស្បៃមកវាំងឃាត់មិនឲ្យចេញពីស្រះនៅពេលរដូវទៅលិចស្រះ ។
សូមជម្រាបថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលបន្ទាប់ពីសម្តេចបានសួរនាំប្រជាកសិករជាអ្នកចិញ្ចឹមត្រីហើយ បង្ហាញពីកង្វល់ដូចជា ទីផ្សារត្រីថោកនៅពេលទទួលផល បញ្ហាលិចស្រះនៅរដូវទឹកឡើង ៕
ចែករំលែកព័តមាននេះ