ខេត្តរតនគិរី ៖ នៅភូមិភាគឦសាន្តខេត្តរតនគិរី មានអំបូរជនជាតិដើមភាគតិចប្រមាណ១៣ជនជាតិ ដែលមានជីវភាពរស់នៅតាមតំបន់ជ្រលងភ្នំ បង្កើតជាទីប្រជុំជនភូមិដាច់ស្រយាល និងមួយចំនួនខ្លះទៀត ក៏បានមានការវិវឌ្ឍមករស់នៅក្នុងក្រុងលាយឡំនឹងបងប្អូនខ្មែរយើងដែរ ហើយក៏ប្រកាន់ជាប់នូវប្រពៃណីទំនៀមទម្លាប់់របស់ខ្លួននៅឡើយ ។
ទាក់ទឹននិងទំនៀមទំលាប់នេះ ទាំងការរស់នៅ គោរពនូវការសែនព្រេន ស្លៀកពាក់ និងការហូបចុកជាដើមមិនបោះបង់ទេ ។
យ៉ាងណាមិញ នៅខេត្តភូមិភាគឦសាននេះ ក៏នៅមានការពេញនិយមមុខម្ហូបជាច្រើនផងដែរដែលជាកេរ្ត៍ដំណែលបងប្អូនជនជាតិដើមភាគតិចរាល់ថ្ងៃ មានមុខម្ហូបជាច្រើនដ៍ពេញនិយមប្រចាំខេត្តរតនគិរី យើងនេះ ។
អាជីវករមួយរូប ដែលប្រកបមុខរបលក់ម្ហូបដែលមានយីហោថា «ចាណាងដំរីលើកជើង» មានទីតាំងស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី រៀបរាប់ថា សម្លរបស់គាត់ពេញនិយមបំផុតសម្រាប់តំបន់នេះ គាត់លក់ដាច់ខ្លាំងណាស់សម្លរដែលពេញនិយមបំផុត ហើយក្រៅពីសម្លរនេះ នៅមានមុខម្ហូបជាច្រើនមុខទៀតដូចជា៖ ក្រៅពីសម្លរចាណាង មានមុខម្ហូបគេហៅថា សម្លរម៉ាភា.ភីភា.ឡាប.កយ.សេក.សម្លរប្រូង.សម្លរបុកម្សៅ ។ល។
សម្រាប់កម្មវិធីផ្សេងៗ និងភ្ញៀវទេសចរណ៍ជាតិដែលមកលេងកម្សាន្ត ឬមហាជនដែលមក ពីខេត្តផ្សេងៗ មកលេងសាច់ញាតិ ត្រូវដឹងអំពីមុខម្ហូបក្នុងខេត្តរតនគិរី តែងតែចង់ស្គាល់និងចង់ភ្លក្សមុខម្ហូបទាំងនោះ ដែលអ្នកខេត្តបានធ្វើសម្រាប់បរិភោគប្រចាំថ្ងៃ និងនៅពេលមានពិធីតូច-ធំ ។ មានមុខម្ហូបជាច្រើនដែលអ្នកខេត្តនេះចូលចិត្តត្រូវដឹងអំពីមុខម្ហូបទាំងអស់នេះ មិនថានៅជនបទ ឬបណ្តាស្រុកក្រុងនានា ដែលកំពុងក្លាយជាម្ហូបប្រចាំត្រកូលក្នុងខេត្តរតនគិរីទៅហើយ ។
សូមមហាជនមកស្គាល់មុខម្ហូបចំនួនច្រើនមុខដែលបងប្អូនអ្នករស់នៅខេត្តរតនគិរី តែងតែធ្វើ ជាប្រចាំ សម្រាប់បរិភោគ និងទទួលភ្ញៀវក្នុងពិធីផ្សេងៗដូចខាងក្រោម៖
ទី១-សម្លរចាណាង ជាទីពេញនិយមសម្រាប់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋដែលមានដើមកំណើតនៅខេត្តនេះ ។ ហើយតាមរយះមុខម្ហូបមួយនេះ គេនឹងអាចសម្គាល់ដឹងបានថា ជាម្ហូបអ្នកខេត្តភាគឦសាន្ត និងមានលក់នៅតាមហាង ឬភោជនីយដ្ឋាននានាក្នុងខេត្ត ព្រមទាំងពេញនិយមផងដែរ ក្នុងការធ្វើម្ហូបប្រចាំថ្ងៃ និងពេលមានពិធីផ្សេងៗ សម្រាប់ទទួលភ្ញៀវ ។

ចាណាង ជាប្រភេទសម្លរដែលដាក់បន្លែច្រើនមានដូចជា ទំពាំង.ត្រប់.ធាងត្រាវ ឬក្តាត.ត្រួយល្ពៅ.ផ្សិតប៉ក់.សាច់គោ ឬសាច់ជ្រូកនិងស្លឹកដើមចាណាង ។
ពិធីធ្វើដំបូង គេយកស្លឹកចាណាងបុកឱ្យហ្មត់ដាក់ត្រាំទឹកមួយយប់ច្របាច់យកទឹករួចដាក់ដាំក្នុងឆ្នាំងឱ្យពុះបង់សាច់ចូល ហើយបង់បន្លែទំពាំងមុនគេ បន្ទាប់មកបង់បន្លែផ្សេងៗ មើមខ្ទឹមនិងដាក់ស្ករអំបឹលប៊ិះចេង តាមចិត្តចំណូលដាក់រំងាស់ឱ្យរលួយជាការស្រេច ។

រួចហើយគេមានបន្ថែមតាមក្រោយនៅគល់ខ្ទឹម ឬគូគ្រីវ បុកលាយអំបឹលម្ទេសដាក់តាមចំណូលទៀត ។
ទី២-មុខម្ហូបភីភា(ស៊ុបភា)មានរសជាតិល្វិងតិចៗ ឈ្ងុយឆ្ងាញ់ជាទីពេញនិយមខ្លាំងណាស់ ។
មុខម្ហូបមួយនេះគេអាចធ្វើបានតែសម្រាប់ប្រភេទសាច់សត្វណាដែលស៊ីស្មៅជាអាហារ ។
មានបន្លែដាក់ផ្សំជាមួយនៅពេលបរិភោកដូចជាស៊ុបខ្មែរយើងដែរ ។

គ្រឿងផ្សំរួមមានសាច់និងគ្រឿងក្នុង របៀបធ្វើគេយកទឹកក្នុងពោះហ៊ុន មានលាមកខ្ចីលាយទឹកសាបដាក់ដាំឱ្យពុះ រួចបង់សាច់និងគ្រឿងក្នុងចូលរួចថែមគ្រឿងផ្សំរសជាតិគ្រប់មុខរំងាស់ជាការស្រេច ។ ពេលបរិភោកដាក់ភ្លើងកំដៅដាក់បន្លែចូល បើស្ទើរល្វិងអាចថែមទឹកប្រម៉ាត់ចូលនិងមានទឹកប្រហុក.គូគ្រីវបុកអំបឹលម្ទេសតាមតម្រូវការ ។

ទី៣-ម៉ាភាជាមុខម្ហូបរបៀបដូចញាំភ្លាមានបន្លែគ្រប់មុខ ញាំជាមួយសាច់និងគ្រឿងក្នុងគោលាយទឹកប្រម៉ាត់រស់ជាតិតិចៗ ពេលហូបមានទឹកប្រហុកដាក់លាយតាមការគួរ ។

ទី៤-ឡាបត្រីមុខម្ហូបពណ៌ខ្មៅប៉ិកៗ ធ្វើអំពីត្រីក្អី ឬត្រីឆ្លាត កោសសាច់ផ្សំជាមួយអង្ករលីងខ្លោចបុកផ្សំគ្រឿង ពេលហូបមានបន្លែច្រើនមុខផ្ទាប់ផងដែរ ។
ទី៥-កយ ធ្វើអំពីសាច់អាំងឆ្អឹនមានដូចជា.ជ្រូក.មាន់.ត្រី.សាច់គោផ្សំគ្រឿងមានបន្លែច្រើនទៀត ។
ទី៦-សេក ធ្វើអំពីសាច់ដូចស្រដៀងកយដែរផ្សំគ្រឿងមានបន្លែតែមានស្រោចឈាមស្រស់តិច ឬច្រើនតាមចំណូលចិត្ត ។
ទី៧. សម្លរប្រូង
ទី៨. សម្លរបុកម្សៅ

ទី៩. ត្រីកប់បំពង់ឫស្សី
ទី១០. បាយដំណើបប្រហុកដុតសាច់ងៀត
ទី១១. ត្រីបាខឹមជាប្រភេទត្រីរៀលពងពេញពោះប្រឡាកទាំងមូល មានលាយអង្កាមស្រដៀងនិងផ្អកដែរ ។

ទី១២. ផ្អកផ្សឹតប៉ក់
ទី១៣. កន្ទុយហេះ
ទី១៤. ញាំអង្រងប្រស្វា

ទី១៥. គីមឈី ធ្វើអំពីស្បៃក្តោបហើយក៏នៅមានមុខម្ហូបជាច្រើនមុខផ្សេងទៀតដូចជា បុកគូគ្រីវបុកត្រប់ជាដើមផងដែរ ដែលជនជាតិដើមភាគតិចដាច់ស្រយាល និយមចូលចិត្តបរិភោគដំណរតាំងពីបុរាណកាលមក ៕













ចែករំលែកព័តមាននេះ