ខេត្តបន្ទាយមានជ័យ ៖ នគរបាលផែ្នកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត និងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កាលពីវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១២ ខែកក្កដាកន្លង
ទៅ បានធ្វើការឆែកឆេរទីតាំងស្តុកទំនិញមិនស្របច្បាប់មួយកន្លែងរកឃើញគ្រឿងក្នុងជ្រូក២០កេសស្មើនឹង១តោន នៅក្នុងទីតាំងមួយដែលគេបាំងស័ង្កសីជិត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការបង្ក្រាបគ្រឿងក្នុងជ្រូកនេះ គឺអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល។ នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់ស្តង់ឈ្មោះ អ៊ុល ក្លឹង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមកស្នាក់នៅភូមិសាមគ្គីមានជ័យសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកអធិការបានឲ្យដឹងទៀតថា គ្រឿងក្នុងជ្រូកដែលគេស្តុកនៅក្នុងទីតាំងរបស់ឈ្មោះ អ៊ុល ក្លឹង នោះសមត្ថកិច្ចបានឆែកឆេររកឃើញ អណ្តាតត្រចៀក ពោះ បេះដូង ក្រចក ប្រអប់ជើងជ្រូកសរុបមានចំនួន២០កេស ស្មើនឹង១តោន សុទ្ធសឹងជារបស់មានផ្ទុកសារធាតុគីមីទាំងអស់ដែលទំនិញទាំងអស់បង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានយ៉ាងខ្លាំង ។
វត្ថុតាងគ្រឿងក្នុងជ្រូកទាំងអស់ខាងលើ និងម្ចាស់ស្តង់ ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានដឹកទៅស្នងការដ្ឋាននគរបាលខេត្ត ។

ឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងនគរបាលខេត្ត ទទួលផែនប្រឆាំងបទល្មើសសេដ្ឋ
កិច្ច បានបញ្ជាក់បន្ថែមថា គ្រឿងក្នុងជ្រូកដែលសមត្ថកិច្ចបង្ក្រាបបាន១តោននេះ គឺឈ្មួញលួច
នាំចូលពីប្រទេសថៃតាមច្រករបៀង ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ដោយទិញនាំចូល១គីឡូក្រាមតម្លៃ៧០បាត ហើយយកទៅលក់នៅរាជធានីភ្នំពេញ១គីឡូក្រាម១០.០០០រៀល ដោយដឹកតាមរថយន្តតាក់ស៊ី ។

លោកស្នងការរងបញ្ជាក់ថា គ្រឿងក្នុងជ្រូកនេះឈ្មួញនាំចូលខុសច្បាប់និងទុកដាក់ខុសលក្ខណៈបច្ចេកទេស ខូចគុណភាព ហើយសមត្ថកិច្ចបានរៀបចំឯកសារនិងសហការមន្ត្រីជំនាញយកទៅដុតកម្ទេចចោល ។ ចំណែកម្ចាស់ទំនិញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ