រាជធានីភ្នំពេញ ៖ គិតចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្នជនបរទេសដែលបានជួលនិងទិញខុនដូនៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លាំង ។ នេះបើតាមការលើកឡើងរបស់លោកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនវាយ តម្លៃអចលនទ្រព្យ CBRE Cambodia តែលោកស្រីមិនបានបង្ហាញពីតួលេខនៃការធ្លាក់ចុះនោះទេ យ៉ាងណាលោកស្រីបញ្ជាក់អត្រាខុនដូដែលនៅទំនេរនាពេលបច្ចុប្បន្ននេះ មានអត្រាប្រមាណ៣០ភាគរយនៃខុនដូសរុប ។

លោកស្រីបានបន្តថា បើនិយាយពីទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងនៅមុននេះបន្តិចគឺទីផ្សារផ្ដោតលើជនបរទេស ពីព្រោះតែអត្រានៃការរស់នៅក្នុងខុនដូពីសំនាក់ជនជាតិខ្មែរ នៅមានកម្រិតនៅឡើយ ដូច្នេះហើយនៅពេលដែលជនបរទេសមកដល់ប្រទេសកម្ពុជា បានធ្លាក់ចុះនោះអត្រានៃការជួលនិងទិញខុនដូ សម្រាប់ស្នាក់នៅ របស់ជនបរទេសក៏មានការធ្លាក់ចុះដែរ ។

លោកស្រីបាននិយាយថា « រហូតមកដល់ពេលនេះ បើទោះបីជាប្រជាជនកម្ពុជាមួយចំនួនបានផ្លាស់ប្តូរឥរិយាបថ ពីការរស់នៅក្នុងផ្ទះជាប់ដីមករស់ក្នុងខុនដូក្ដី ក៏ប៉ុន្តែមានអត្រាទាបនៅឡើយ បើធៀបនឹងជនបរទេស ហើយប្រជាជនកម្ពុជាដែលចាប់ផ្ដើមរស់នៅក្នុងខុនដូ ភាគច្រើនជាងយុវវ័យសម័យថ្មី ដូចជាអ្នកទើបរៀបការហើយថ្មីថ្មោង និងអ្នកទើបត្រលប់មកពីរស់នៅបរទេសនិងធ្លាប់រស់នៅជាលក្ខណៈខុនដូកាលពីពេលពួកគេរស់នៅក្រៅប្រទេស » ។

លោកស្រីបន្តទៀតថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានខុនដូសរុបប្រមាណ២ម៉ឺនយូនីត ក្នុងនោះបានអភិវឌ្ឍន៍សាងសង់រួចរាល់ចំនួនជាង៦០គម្រោង និងកំពុងទទួលបានការគាំទ្រពីធនាគារ ក្នុងការផ្ដល់ឥណទានសម្រាប់វិនិយោគផងដែរ ។ ដោយឡែកសម្រាប់គម្រោងខុនដូ ដែលកំពុងសាងសង់ មិនសូវមានការគាំទ្រហិរញ្ញវត្ថុដើម្បីវិនិយោគពីសំណាក់ធនាគារឡើយ ។ លោកស្រីថា៖«វិនិយោគិនខ្លះបានយកលុយពីធនាគារ មកទិញខុនដូ រួចហើយក៏បានដាក់ជួលខុនដូនោះទៅជនបរទេសឬវិនិយោគិនដទៃទៀត ដើម្បីបានប្រាក់ចំណេញមកវិញ ក៏ប៉ុន្តែនៅពេលមានការធ្លាក់ចុះចំនួនជនបរទេសនៅក្នុងប្រទេសកម្ពុជា ខាងធនាគារក៏គេមើលដែរ បើសិនជាគ្មានអ្នកជួលទេពួកគេពិបាកនឹងផ្ដល់ឥណទានទៅវិនិយោគិន ដើម្បីយកលុយទាំងនោះទៅវិនិយោគជាមួយនឹងខុនដូហ្នឹងណា» ។

លោកស្រីបន្ថែមថា កាលពីមុនកូវីដ១៩ ជនបរទេសស្នាក់នៅក្នុងប្រទេសកម្ពុជា មានចំនួនច្រើន និងបានជួលខុនដូសម្រាប់ស្នាក់នៅក៏ច្រើន ដែលធ្វើអោយអត្រាទំនេរនៃខុនដូ ក្នុងប្រទេសកម្ពុជា មានប្រមាណត្រឹមតែ១៥ភាគរយប៉ុណ្ណោះ។ ក៏ប៉ុន្តែពេលកូវីដ១៩ចាប់ផ្ដើមផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសលើពិភពលោក ជនបរទេសដែលនៅកម្ពុជា ចាប់ផ្ដើមចាកចេញទៅប្រទេសគេវិញ និងមិនទាន់អាចត្រលប់មកកម្ពុជាវិញ ។ ដូចគ្នាដែរ ជនបរទេសថ្មីៗក៏មិនអាចចូលមកកម្ពុជា ក្នុងកាលៈទេសៈនេះដែរ ដោយសារតែវិធានការរបស់ប្រទេសនីមួយៗ »

យោងតាមរបាយការណ៍របស់មួយដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា បានបង្ហាញថាក្នុង ឆមាសទី១នៃឆ្នាំ ២០២០នេះ ភ្ញៀវទេសចរបរទេសមកដល់កម្ពុជា បានធ្លាក់ចុះរហូតដល់៥៥ភាគរយ ក្នុងនោះដែរ ស្ថិតិជនបរទេសចូលទស្សនារមណីយដ្ឋានអង្គរ បានក៏បានធ្លាក់ចុះដល់៦៨,៥៤ភាគរយ ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២០នេះ ។
យ៉ាងណាក្ដី បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយដកម្មនិងសំណង់ , ក្នុងរយៈ១ឆមាសដើមឆ្នាំ ២០២០នេះកម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ជាង២.៥២២គម្រោង គិតជាទឹកប្រាក់មានប្រមាណ ៣,៨៤ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ឃើញថាមានកំណើនប្រមាណ១៣,២៦ភាគរយ ៕
ចែករំលែកព័តមាននេះ