ខេត្តក្រចេះ ៖ អភិបាលខេត្តក្រចេះបានជម្រុញឱ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធចូលរួម ទប់ស្កាត់ការកាប់ទន្ទ្រានយកដីខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិក្រចេះ ។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៣ កក្កដានេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានជម្រុញដល់អាជ្ញាធរតាមបណ្តាស្រុករួម និងមន្ទីរពាក់ព័ន្ធ ឱ្យចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានយកដីខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិខេត្តមួយនេះ ។

ឯកឧត្តមបញ្ជាក់ថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រមុខដឹកនាំរដ្ឋភិបាល តម្រូវឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដីនិងផ្ដល់កម្មសិទ្ធិដីជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផល ។

ជាក់ស្ដែង យូរឆ្នាំមកហើយ នៅលើ ទីតាំងដីដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមបណ្ដាខេត្ត និងត្រូវបន្ថែម ការត្រៀមបម្រុងដី១០%សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍ ដើម្បីទប់ស្កាត់ដាច់ខាតកុំឲ្យមាន ការរុករានទន្ទ្រានដីដោយខុសច្បាប់បន្តទៀតដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី ។

ឯកឧត្ដមលើកឡើងចំៗថា មន្ត្រីបរិស្ថានឧទ្យានុរក្ស កន្លងមក បង្ក្រាបបានតែអ្នកក្រ អ្នកស៊ីឈ្នួលកាប់អោយគេយកមកតុលា ។ ចំណែកអ្នកដើរចាប់ដីលក់ និងអ្នកមានលុយមានអំណាចតួនាទីជាមន្ត្រី ទោះកាប់ទន្ទ្រាន ឈូសឆាយវាទយកដីគម្របព្រៃអភិរក្សរាប់កន្លែង រាប់សិបហិកតា ក៏មិនឃើញមានចំណាត់ការដែរ ។ ប្រហែលទទួលបានរៀបលាភសក្ការៈពីអ្នកទាំងនោះ ជាហេតុមានការលំអៀងចំពោះប្រជាពលរដ្ឋក្រីក្រ ។

ឯកឧត្តម បានបញ្ជាក់ថា រាល់ការរុករានទន្ទ្រានកាន់កាប់ថ្មីនៅដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ ត្រូវហាមឃាត់ដាច់ខាត និងត្រូវប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យតឹងរឹង និងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ត្រូវខិតខំអប់រំណែនាំ និងបកស្រាយបំភ្លឺ អំពីស្ថានភាពនៃការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋនិងឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ។

ដោយមិនត្រូវជឿតាមការញុះញង់ អូសទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ ករណីនេះត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបមេខ្យល់និងជនខិលខូចទាំងនោះ ស្របតាមច្បាប់ ជាធរមាន ចំពោះទីតាំងដីធ្លីដែលមានទំនាស់ ត្រូវខិតខំសម្រុះសម្រួលដោះស្រាយដោយសន្តិវិធី តម្លាភាព សុច្ចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវស្វែង យល់ឱ្យបានច្បាស់លាស់ ពីសាវតាដីទំនាស់ សាវតាប្រជាពលរដ្ឋ និងការទាមទារតវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋានបង្អែក សម្រាប់ទាញហេតុផល។

ក្នុងការសម្រុះសម្រួល និងដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ត្រូវណែនាំដល់រដ្ឋ បាលក្រុង-ស្រុក ឃុំ-សង្កាត់ អោយធ្វើការបញ្ជាក់ ឬចុះហត្ថលេខា លើលិខិតស្នាម ឬឯកសារនានាពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវ តាមច្បាប់បែបបទនីតិវិធី និងគោលការណ៍ណែនាំជាធរមាន ។

ទន្ទឹមនេះ ត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះបុគ្គលជាមន្ត្រីជំនាញមានសមត្ថកិច្ច ដែលបញ្ជាក់ ឬហត្ថលេខាលើលិខិតស្នាមឬឯកសារមិនស្របច្បាប់នានាពាក់ព័ន្ធនឹងដីធ្លី ក្នុងការចាត់ចែងអនុវត្តការងារ ខាងលើនេះ រដ្ឋបាលក្រុង-ស្រុកត្រូវរាយការណ៍ និងស្នើសុំយោបល់ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្របតាមសមត្ថកិច្ចទទួលខុសត្រូវ របស់មន្ទីរពាក់ព័ន្ធនីមួយៗ ។

ឯកឧត្តម អភិបាលខេត្តក្រចេះ ក៏បានស្នើអោយអាជ្ញាធរខេត្ត ស្រុក-ឃុំ-សង្កាត់ ត្រូវខិតខំអប់រំ ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាការពារបរិស្ថានធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃ ការរានព្រៃដើម្បីកាន់កាប់ ដី ការចូលទន្ទ្រានកាន់កាប់ដីសាធារណៈ ដីសហគមន៍ និងដីឯកជនតាមគ្រប់រូបភាពក្នុងខេត្តក្រចេះ។




ចែករំលែកព័តមាននេះ