រាជធានីភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានធ្វើការច្រានចោលនូវរបាយការណ៍ «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» ដោយផ្អែកលើមូលដ្ឋានវិធីសាស្ត្រក្នុងការស្រាវជ្រាវមិនត្រឹមត្រូវ ភាពមិនស៊ីចង្វាក់នៃទិន្នន័យ និងអំឡុងពេលស្រាវជ្រាវមិនសមស្រប បន្ទាប់ពីក្រុមការងារបច្ចេកទេសរបស់សមគមបានធ្វើការសិក្សាលំអិតលើរបាយកាណ៍នេះ។ នេះបើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី១៣ កក្កដានេះ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ច្រានចោលនូវរបាយការណ៍«ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» បន្ទាប់ពីសម្ព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស បានចេញផ្សាយនូវរបាយការណ៍មួយ មានចំណងជើងថា «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក»កាលពីថ្ងៃទី៣០ មិថុនា ដោយបានធ្វើការស្ទង់មតិកម្មករចំនួន១៦២នាក់ មកពីរោងចក្រចំនួន៣ ដែលបានព្យួរការងារទាំងស្រុង ឬដោយផ្នែក ចន្លោះខែមីនា និងឧសភា ឆ្នាំ២០២០។

ដោយផ្តោតការសិក្សាតែពីផលលំបាកនៃការជាប់ជំពាក់បំណុលរបស់កម្មករទាំងនោះ របាយការណ៍នេះបានទាញសេចក្តីសន្និដ្ឋានថា «បញ្ហានេះបង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់។

សេចក្តីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុគូសបញ្ជាក់ថា «ក្រោយពីធ្វើការសិក្សាលម្អិតលើរបាយការណ៍នេះ សមាគម មើលឃើញថា វិធីសាស្ត្រក្នុងការស្ទង់មតិនេះ ខ្វះល័ក្ខខ័ណ្ឌបែបវិទ្យាសាស្ត្រ មានភាពលំអៀង និងខ្វះការយល់ដឹងពីវិស័យមីក្រូហិរញ្ញវត្ថុ ហើយគ្មានព័ត៌មានគ្រប់គ្រាន់ដែលអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញបាន ។ ដូចដែលបានបញ្ជាក់ស្រាប់ក្នុងរបាយការណ៍នេះ ការស្ទង់មតិនេះ គ្រាន់តែប្រមូលយកព័ត៌មានពីមនុស្សចំនួន ១៦២ នាក់ពីរោងចក្រចំនួន៣ ក្នុងចំណោមរោងចក្ររាប់រយពាន់ និងកម្មកររាប់សែននាក់។

អ្នកចូលរួមសម្ភាសន៍ទៀតសោត ក៏ត្រូវបានជ្រើសរើសតាមរយៈ ប្រធានសហជីពក្នុងរោងចក្រនីមួយៗ ពោលគឺមិនមែនរើសដោយចៃដន្យ ដែលនេះមិនមែនជាវិធីសាស្ត្រដែលអាចទុកចិត្តបានឡើយ ដោយសារតែអាចមានភាពលំអៀងនៃអ្នកជ្រើសរើសស្រាប់។ ការអនុម័តផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទៀតសោត ក៏ត្រូវឆ្លងកាត់ការវាយតម្លៃច្រើន រួមមានគោលបំណងប្រាក់កម្ចី សមត្ថភាពសងត្រលប់ ការផ្ទៀងផ្ទាត់ប្រវត្តិកម្ចីជាមួយការិយាល័យឥណទានកម្ពុជា និងហានិភ័យនានា ដែលជាផ្នែកមួយនៃគោលការណ៍ការពារអតិថិជន»។
សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ដូច្នេះថា «ទិន្នន័យដែលបានបញ្ជាក់ក្នុងរបាយការណ៍នេះ ក៏មិនមានភាពស៊ីចង្វាក់ជាមួយទិន្នន័យលម្អិតរបស់សមាគម ការិយាល័យឥណទានកម្ពុជា និងធនាគារជាតិនៃកម្ពុជា។ របាយការណ៍នេះក៏មិនបានបញ្ចេញនូវទំហំឥណទាន ប្រភពចំណូលផ្សេងទៀតក្រៅតែពីប្រាក់បៀវត្សរោងចក្រ ដែលទិន្នន័យទាំងនេះមានភាពចាំបាច់ក្នុងការវាយតម្លៃផលប៉ះពាល់ពិតប្រាកដ» ។
សមាគមមីក្រូហិរញ្ញវត្ថុលើកឡើងថា របាយការណ៍នេះ បានមើលរំលងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកន្លងមកតាមរយៈការជួយឧបត្តម្ភ ដល់កម្មកររោងចក្រដែលផ្អាកដំណើរការ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់វិស័យមីក្រូហិរញ្ញវត្ថុ ដែលបានជួយដល់អតិថិជនរបស់ខ្លួន ក្នុងអំឡុងពេលកូវីដ១៩ ពិសេសតាមរយៈការរៀបចំឥណទានឡើងវិញជូនដល់អតិថជនជាងពីរសែននាក់ ក្នុងទំហំឥណទានជាងមួយពាន់លានដុល្លារសហរដ្ឋអាមេរិក។ របាយកាណ៍នេះ ក៏បង្ករការរំខានដល់វិស័យមីក្រូហិរញ្ញវត្ថុ ដែលកំពុងតែមមាញឹកក្នុងការទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩ ៕
ចែករំលែកព័តមាននេះ