រាជធានីភ្នំពេញ ៖ យោធាស័ក្តិ៤ម្នាក់ខូចចិត្តមានវិបត្តិរឿងគ្រួសារបែកបាក់ប្រពន្ធបានមកផឹកស៊ីជាមួយអ្នកស្គាល់គ្នាខណះផឹកអស់កន្លះកេស រៀងធ្លាក់ភ្នែកដកកាំភ្លើងមកបង្អួតអ្នកអង្គុយផឹកជាមួយគ្នារួចបាញ់៣គ្រាប់ ហើយចេញមកក្រៅបាញ់១គ្រាប់ទៀត ស្រាប់តែគាំងបានអាមេទម្លាក់គ្រាប់មិនចេញ ក៏ដោះបង់ធ្លាក់មកត្រូវអ្នកផឹកស៊ីជាមួយរើសបានយកទុក ហើយរុញជនបង្កចូលបន្ទប់ចាក់សោខាងក្រៅ ហៅសមត្ថកិច្ចប៉ុស្តិ៍ភ្លាមៗ ។

បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១២ កក្កដា ចំណុចបន្ទប់ជួលលេខC .05 ជាន់ទី២ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនបង្កមានឈ្មោះ សោម ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ ជាទាហានពាក់ស័ក្តិ៤វរសេនីយ៍ត្រី ធ្វើការនៅការិយាល័យកិច្ចការស៊ីវិល ទីចាត់ការឃោសនាព័ត៍មាន អគ្គបញ្ជាការ ក្រសួងការពារជាតិ និងមានមុខរបរជាពេទ្យធ្មេញ មានទីលំនៅភូមិ៣ ក្រុម៨ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ប្រើប្រាស់កាំភ្លើងម៉ាក K59 មានលេខ ៧២៥៦ មានគ្រាប់ចំនួន៤ ក្នុងបង់ បាញ់អស់៣ រកឃើញសំបកគ្រាប់ចំនួន៣ ។

បើតាមសាក្សីឈ្មោះម្នាក់ភេទស្រី (ចរឹតប្រុស) អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិជម្រៅ ឃុំកំពង់សឹង្ហ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរៀបរាប់អោយដឹងថា មុនពេលកើតហេតុ ខ្លួននិងជនបង្កជាមនុស្សរាប់អានគ្នាយូរមកហើយ លុះនៅល្ងាចថ្ងៃទី១២ កក្តដា ២០២០ ជនបង្កបានឆាតមកថាចង់ផឹកស៊ីជាមួយ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១១ ពាក់ស្លាកលេខភ្នំពេញ1BC-0835 មកអង្គុយផឹកស៊ីមានគ្នា៤នាក់ ស្រីម្នាក់ត្រូវជាប្អូនធម៌ ខណៈពេលផឹកស៊ីស្រវឹង ជនបង្កហាក់មានអារម្មណ៍ពិបាកចិត្តរឿងប្រពន្ធមានប្រុសថ្មីក៏បានយកកាំភ្លើងមកបង្អួតអ្នកផឹកស៊ីជាមួយគ្នា ហើយដកកាំភ្លើងបាញ់តែម្តង ធ្វើឲ្យអ្នកនៅកន្លែងកើតហេតុប្តឹងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗតែម្តង ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបន្តទៀតថា ខណៈពេលកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានសហការជាមួយកំលាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដោយមាន លោកអធិការរងចុះដល់កន្លែងកើតហេតុភ្លាមព័ទ្ធបន្ទប់ជួលចូលឃាត់បានភ្លាមៗ ។ក្រោយពេលកើតហេតុជនសង្ស័យផ្ទុះអាវុធត្រូវបានកំលាំងនគរបាលប៉ុស្តិ៍កសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យខាងលើទៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យចាត់ការតាមនិតិវិធី ៕
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព។


ចែករំលែកព័តមាននេះ