រាជធានីភ្នំពេញ ៖ នៅពេលនិយាយដល់ជំងឺកូវីដ១៩ គឺជំងឺនេះបន្តកូរឡើងវឹកវរពេញពិភពលោកបណ្តាលឲ្យវិស័យសំខាន់ៗរងផលប៉ះពាល់ ហើយវាក៏បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនកម្ពុជាផងដែរ ។

ជាក់ស្ដែងសកម្មភាពដឹកជញ្ជូននៅក្នុងទេសកម្ពុជា ចាប់តាំងពីកូវីដ១៩ រាលដាលពេញបន្ទុកអំឡុងខែមីនា មេសា និងឧសភា បានធ្លាក់ចុះដល់ជិត៦០ភាគរយ ក៏ប៉ុន្តែហាក់មនសកម្មភាពឡើងវិញបន្តិចនៅនៅក្នុងខែមិថុនា មកដល់បច្ចុប្បន្ននេះ ។

បើតាមលោកស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជា បានអោយដឹងថា កាលពីមុនពេលកូវីដ១៩ រកឃើញនៅក្នុងប្រទេសកម្ពុជា និងមិនទាន់ផ្ទុះឡើងខ្លាំងនៅលើពិភពលោក សកម្មភាពដឹកជញ្ជូនរបស់កម្ពុជាឃើញថាមានភាពមមាញឹកខ្លាំង ដែលធ្វើអោយផ្លូវជាតិលេខ៤និងកំពង់ផែក្រុងព្រះសីហនុ មានការកកស្ទះខ្លាំង ព្រោះថាទំនិញពីខាងក្រៅប្រទេសភាគច្រើនគឺឆ្លងតាមកំពង់ផែក្រុងព្រះសីហនុ និងយកមកដល់ភ្នំពេញតាមផ្លូវជាតិលេខ៤ ។ ប៉ុន្តែចាប់តាំងពីខែមីនា រហូតដល់ខែ ឧសភា សកម្មភាពដឹកជញ្ជូន ទំនិញនៅក្នុងប្រទេសកម្ពុជាក៏ឃើញថាមានការថយចុះរហូតដល់ជាង៦០ភាគរយឯណោះ ។

លោកបន្តថា បើទោះបីជាសកម្មភាពនៃការដឹកជញ្ជូនបានធ្លាក់ចុះដល់ជាងពាក់កណ្ដាលក្ដី ក៏មិនទាន់មានក្រុមហ៊ុនដឹកជញ្ជូនណាមួយបានបិទដំណើរការនៅឡើយ ។ លោកបានពន្យល់ថា៖« ការមិនមានក្រុមហ៊ុនដឹកជញ្ជូនបិទដំណើរការ ព្រោះតែលក្ខន្តិកៈតម្រូវ ជាក់ស្ដែងក្រុមហ៊ុនទាំងនោះ បានទទួលការបញ្ជាសេវាកម្មពីក្រុមហ៊ុនដទៃអោយបញ្ជូនទំនិញមកកម្ពុជា ហើយការបញ្ជូនទំនិញខ្លះត្រូវបានធ្វើឡើងតាមរយៈផ្លូវទឹក និងប្រើពេលយូរ រហូតដល់រាប់ខែ អញ្ចឹងហើយក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ ត្រូវការរង់ចាំទំនិញទាំងនោះមកដល់និងដឹកជញ្ជូនរួចរាល់សិនទើបអាចផ្អាកដំណើរការបាន » ។

លោកបន្តទៀតថា រហូតមកដល់ខែ មិថុនា និងខែ កក្កដានេះ សកម្មភាពដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាក៏ឃើញថាមានការងើបឡើងវិញបន្តិច ដោយសារតែស្ថានភាពនៃជំងឺកូវីដ១៩ នៅបណ្ដាប្រទេសមួយចំនួនដែលមានទំនាក់ទំនងពាណិជ្ជកម្មសំខានៗជាមួយកម្ពុជាមានភាពប្រសើរឡើងវិញជាក់ស្ដែងនៅប្រទេសចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនលើកលែងតែប្រទេសសឹង្ហបុរីឥណ្ឌូនេស៊ី ។ នៅពេលប្រទេសទាំងនោះធូរស្រាលនូវជំងឺកូវីដ១៩ សកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងប្រទេសទាំងនោះ ក៏ចាប់ផ្ដើមងើបហើយការបញ្ជូនទំនិញចេញចូលមកកម្ពុជាក៏ចាប់ផ្ដើមកក្រើកឡើងវិញបន្តិចដូចគ្នាដែរ ។

លោកបន្ថែមថា ដោយមើលឃើញពីភាពវិជ្ជមាននៃសកម្មភាពក្នុងពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា លោករំពឹងនិងសង្ឃឹមថារហូតដល់ដំណាច់ឆ្នាំ២០២០ វិស័យដឹកជញ្ជូនអាចនឹងវិលទៅរកភាពល្អប្រសើរបន្តិចម្ដងៗ តែទោះជាយ៉ាងណាក៏ក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ត្រៀមផែនការក្នុងការទប់ទល់ជាមួយវិបត្តិរួចស្រេចហើយផងដែរ ដូចជាត្រូវរៀបចំកាត់បន្ថយចំណាយ ត្រូវកាត់បន្ថយបុគ្គលិកឬយ៉ាងម៉េច បើសិនជាស្ថានភាពកាន់តែអាក្រក់ ។លោកថា៖« ក្នុងនាមជាខ្មែរដូចគ្នា យើងពិតជាមិនចង់បញ្ឈប់បុគ្គលិកឬព្យួរការងារបុគ្គលិកនោះទេ យើងតែងតែចង់អោយពួកគេមានចំណូលមានប្រាក់ខែសម្រាប់ចិញ្ចឹមគ្រួសារ » ។
លោកបញ្ជាក់ថា រហូតមកដល់ម៉ោងនេះមិនមានក្រុមហ៊ុននៃភស្តុភារកម្មណាមួយបញ្ឈប់បុគ្គលិករបស់ខ្លួននៅឡើយ ក៏ប៉ុន្តែតាមការប្រជុំរវាងក្រុមប្រឹក្សាភិបាលនៃសមាគមដែលមានសមាជិកចូលរួមដែរនោះ បានបញ្ជាក់បើសិនជាថ្ងៃអនាគតមានបញ្ហាអ្វីនោះ នឹងអាចកាត់ប្រាក់ខែបុគ្គលិកទៅតាមចំណូលរបស់ក្រុមហ៊ុន គឺធ្វើយ៉ាងណាដើម្បីអោយវិស័យនេះ អាចដំណើរការទៅទាំងអស់គ្នា ។
បើតាមការព្យាករណ៍របស់រាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនៅលើពិភពលោក បានព្យាករណ៍ពីសេដ្ឋកិច្ចកម្ពុជាដោយនឹងធ្លាក់ចុះជាអវិជ្ជមានដោយសារតែរងឥទ្ធិពលអាក្រក់ពីជំងឺកូវីដ១៩ ក្នុងនោះ ស្ថាប័នខ្លះបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះដល់ -២,៩ភាគរយនិងខ្លះទៀតថាអាចនឹងធ្លាក់ដល់-៥,៥ភាគរយ ខណៈកម្ពុជាខ្លួនឯងបានព្យាករណ៍ថានឹងធ្លាក់ចុះ-១,៩ភាគរយ ៕
ចែករំលែកព័តមាននេះ