រាជធានីភ្នំពេញ ៖ កីឡាករប្រដាល់ក្បាច់គុណបុរាណខ្មែរដ៏ល្បីមួយរូបដែលមានរហ័សនាម អ្នកលេងកែងឆេះមកពីក្លិបកងពលតូចលេខ៣១ លោក វង្ស ណយ បានប្រកាសលាឈប់ពីពិភពប្រដាល់ ដោយអះអាងថា វិស័យមួយនេះទទួលបានត្រឹមកេរ្តិ៍ឈ្មោះ គ្មានសល់លុយកាក់អ្វីនោះឡើយ ។

អ្នកប្រដាល់ក្បាច់បុរាណខ្មែរ លោក វង្ស ណយ ដែលត្រូវបានគេទទួលស្គាល់ថា ជាកំពូលកីឡាករប្រដាល់ដ៏មានសមត្ថភាព ដែលអាចផ្តួលគូប្រកួតឱ្យសន្លប់ជាច្រើនដង បានប្រកាសលាឈប់ពីប្រដាលល់កាលពីរាត្រីថ្ងៃទី១២ កក្កដា ឆ្នាំ២០២០ ដោយលោកបាននិយាយថា វិស័យមួយនេះពិតជាជួយឲ្យកេរ្តិ៍ឈ្មោះល្បីពិតមែន តែនិយាយពីចំណូលវិញ គឺទាប ហើយប្រឈមមុខនឹងគ្រោះថ្នាក់ធ្លាក់ខ្លួនពិការ ហើយបើសិនជាធ្លាក់ខ្លួនពិការពិតមែន គឺកូនៗរបស់លោកពិតជាវេទនាហើយ ។

លោក វង្ស ណយ បានបង្ហោះសារត្អូញត្អែរយ៉ាងដូច្នេះថា «ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ។ ខ្ញុំវ៉ៃយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វៃនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន ។បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ» ។

សូមបញ្ជាក់ថាកីឡាករ វង្ស ណយ លោក វង្ស ណយ ជាកូនសិស្សរបស់លោក ឈិត សារឹម ហើយលោកមានស្រុកកំណើត នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ហើយរូបលោកធ្លាប់បាននិយាយច្រើនដឹងហើយអំពី កីឡាករប្រដាល់ខ្មែរខ្លះមានជីវភាពខ្វះខាតខ្លាំង ដោយសារតែចំណូលពីការប្រកួតបានទាប ហើយកីឡាករខ្លះក្រោយចេញពីសៃវៀនប្រកួត ភ្លាម ក៏បានឆ្លៀតពេលទៅរត់កង់បី រត់ម៉ូតូឌុប និងខ្លះធ្វើការងារផ្សេងៗទៀតៗ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាព បន្ថែមលើអាជីពជាអ្នកប្រដាល់មួយនេះ ។

ជាក់ស្តែងលោក វង្ស ណយ ផ្ទាល់ក៏មានការបង្កើតមុខរបរលក់ងៀតគោ ងៀតក្របី ក៏ដូចជាកន្ធាយតាមអនឡាញ ដើម្បីរកប្រាក់ចំណូលបន្ថែមផងដែរ ៕

ចែករំលែកព័តមាននេះ