ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋដែលជាកសិករបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ ដូចជាគ្រាប់កាំភ្លើងតូច-ធំ គ្រាប់មីនដែលនៅសេសសល់កប់នៅក្នុងដី កាលពីសម័យសង្គ្រាមស៊ីវិល ស្ថិតក្នុងស្រុកជាបន្តបន្ទាប់។
ជាក់ស្តែង ស្ត្រីជាកសិករម្នាក់បានប្រទះឃើញគ្រាប់កាំភ្លើងធុនធំ១គ្រាប់, គ្រាប់បេឡង់១គ្រាប់ និងគ្រាប់មីនក្រឡាទាប ដែលផលិតនៅប្រទេសសូវៀត ១គ្រាប់ទៀត កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ ហេតុការណ៍ដែលប្រជាពលរដ្ឋប្រទះឃើញគ្រាប់នេះ គឺស្ថិតនៅខាងលិចភូមិគោករាំង ប្រមាណ១គីឡូម៉ែត្រ ក្នុងឃុំជើងទៀន ស្រុកចុងកាល់ ។

បើតាមប៉ូលិសអធិការក្រុងសំរោង បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានប្រទះឃើញគ្រាប់ខាងលើ ឈ្មោះ អិង ប៉ុន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបន្តថា មុនពេលប្រទះឃើញ គឺស្ត្រីរូបនេះបានចេញពីផ្ទះរបស់គាត់ ទៅធ្វើចម្ការរបស់ខ្លួន ក្រោយមកក៏បានប្រទះឃើញ រូបគាត់ក៏បានមករាយការណ៍ដល់សមត្ថកិច្ចប៉ូលិសតែម្តង ។
បន្ទាប់ពីទទួលនូវព័ត៌មាននេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញគ្រាប់ដូចដែលប្រជាពលរដ្ឋរាយការណ៍ពិតប្រាកដមែន។ ក្រោយមកសមត្ថកិច្ចបានយកខ្សែធ្វើការហ៊ុមព័ទ្ធហាមមិនឱ្យមនុស្សណាម្នាក់ទៅប៉ះពាល់ឡើយ ។

ក្រោយមកសមត្ថកិច្ចប៉ូលិសបានហៅមន្ត្រី ហេឡូត្រាស មកទទួលយកគ្រាប់ទាំងនោះទៅកម្ទេចចោលក្នុងថ្ងៃដដែលផងដែរ។
គួររំលឹកផងដែរថា ប្រជាកសិករដែលស្ថិតនៅតាមបណ្តាស្រុក-ក្រុងទាំង៥ ក្នុងខេត្តឧត្តរមានជ័យ ហើយជាខេត្តមួយស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ ដែលទើបតែបានបញ្ចប់នូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃក្នុងប្រទេស ខណៈនោះគ្រាប់កាំភ្លើងគ្រប់ធុនតូច-ធំ រួមទាំងគ្រាប់មីនគ្រប់ប្រភេទដែលសេសសល់បានកប់នៅក្នុងដីនោះ ។

ហើយមានពេលខ្លះក៏បានឆក់យកជីវិតប្រជាពលរដ្ឋទាំងក្មេងចាស់ ប្រុសស្រី អស់ជាច្រើននាក់ផងដែរ ។ ពេលខ្លះទៀត គ្រាន់តែបានប្រទះឃើញក៏ទៅរាយការណ៍សមត្ថកិច្ច ដើម្បីឱ្យចុះមកធ្វើការពិនិត្យ និងយកទៅកម្ទេចចោល ហើយក្នុងការប្រទះឃើញនេះដោយមិនជាលើកទី១នោះទេ៕
ចែករំលែកព័តមាននេះ