ខេត្តកោះកុង ៖ ជនជាតិវៀតណាមចំនួន៤៩នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ច អាជ្ញាធរ រកឃើញថា ស្នាក់នៅដោយខុសច្បាប់នៅក្នុងក្រុមហ៊ុនបូមខ្សាច់មួយកន្លែង ស្ថិតក្នុងលស្រុកស្រែអំបិល ខេត្តកោះកុង ។ ការរកឃើញ និងចុះឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះ ត្រូវបានធ្វើឡើងនៅម៉ោង២រសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកោះកុង ។

តាមសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ជនជាតិវៀតណាមប្រុស-ស្រីទាំង៤៩នាក់ខាងលើនេះ ត្រូវបានរកឃើញនៅបំរើការងារក្នុងសាឡង់បូមខ្សាច់ចំនួន១៨គ្រឿង ដែលមានថៅកែបូមខ្សាច់ធំជាងគេប្រចាំស្រុកស្រែអំបិលម្នាក់ឈ្មោះ លឹម បុក ។
លោកឧត្តមសេនីយ៍ឯក កែម សារឹម ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកក្កដា នេះថា ជនអន្តោប្រវេសន៍វៀតណាមទាំង៤៩នាក់នោះ ក្នុងនោះមានស្រី៣នាក់ គឺគ្មានលិខិតឆ្លងដែន និងប័ណ្ណការងារជាជនបរទេសនោះទេ។

លោក កែម សារឹម បន្ថែមថា ពួកគេបានស្នាក់នៅ និងធ្វើការលួចលាក់ខុសច្បាប់នៅលើសាឡង់បូមខ្សាច់ចំនួន១៨គ្រឿង នៅចំណុចភូមិសាស្ត្រចំណុចពាមគយ ភូមិបាក់អង្រុត ភូមិឈើទាសភ្នាស់ ឃុំស្រែអំបិល ខេត្តកោះកុង ។ បច្ចុប្បន្នជនជាតិវៀតណាមទាំងនោះត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញហើយ។

អ្នកស្រុកបាក់អង្រុត និយាយថា ក្រុមហ៊ុនដែលជួលបរទេសធ្វើការខុសច្បាប់ សង្ស័យជាក្រុមហ៊ុនខិលខូច មានល្បិចមិនល្អ… បើជួលខ្មែរខ្លាចបែកធ្លាយនូវល្បិចអាក្រក់របស់ខ្លួន ដែលគួរតែអ្នកជួលត្រូវតែមានទោស ។
ចែករំលែកព័តមាននេះ