ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ម្នាក់បានចាញ់បោកបុរសម្នាក់ដែលធ្លាប់ទំនាក់ទំនងស្គាល់គ្នាតាម Facebook រហូតត្រូវបុរសរូបនេះបោកយកលុយអស់លុយចំនួន៨,១០០ដុល្លារ ដោយបុរសនេះយកលេសថា នឹងឱ្យថ្លៃការទៅស្ត្រីរងគ្រោះក្នុងមួយថ្ងៃចំនួន៥,០០០បាត លុះ១ក្រោយទូរស័ព្ទតេមិនចូល ហ្វេសប៊ុកក៏ប្លុកចោលទៀតទើបដឹងតែម្តង ហេតុការណ៍នេះកើតឡើងនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ លុះដល់ព្រឹកម៉ោង៨ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ ទើបស្ត្រីរងគ្រោះមកប្តឹងនគរបាលស្រុកភ្នំស្រុក ដើម្បីឱ្យជួយស្រាវជ្រាវរកជនឆបោករូបនោះមកផ្តន្ទាទោសតាមច្បាប់ ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ស្ត្រីដែលរងគ្រោះ ក្នុងអំពើឆបោកនោះមានឈ្មោះហៅថា ផួង អាយុ៣៧ឆ្នាំ រស់នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ។

លោកអធិការបានបញ្ជាក់ថា តាមការរៀបរាប់បំភ្លឺពីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា រូបគាត់បានស្គាល់បុរសនោះតាមអាខោន Facebook (ឈ្មោះ វាសនា អ្នករកស៊ី) និងមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ គឺទុកចិត្តរាប់អានគ្នាដូចជាបងប្អូនអ៊ីចឹង តែពុំដែលបានឃើញ និងស្គាល់មុខគ្នាផ្ទាល់ទេ តែគេបានប្រាប់ថា ជាអ្នកនៅខេត្តស្ទឹងត្រែង ។
ស្ត្រីរងគ្រោះបន្តថា លុះនៅថ្ងៃទី៥ ខែកក្កដា កន្លងទៅ ជនឆបោករូបនោះបានយកទូរស័ព្ទ (ដែលមានលេខ ០៩៧ ២៦៨ ៤៣០០) រួចខលមកខ្ចីប្រាក់ពីរូបគាត់ចំនួន៨,១០០ដុល្លារ ដោយបុរសនេះនិយាយប្រាប់ថា ខ្លួនគេដឹកឈើចូលទៅប្រទេសវៀតណាម ត្រូវបានគេចាប់។ ហើយបុរសរូបនេះអះអាងថា លុយដែលខ្ចីពីស្ត្រីរងគ្រោះចំនួន៨,១០០ដុល្លារនោះ រូបគេនឹងឲ្យការប្រាក់ទៅស្ត្រីរងគ្រោះ ដោយក្នុង១ថ្ងៃ ចំនួន៥,០០០បាត ។
ស្ត្រីរងគ្រោះបន្តទៀតថា ដោយអះអាងថាការរាប់អានគ្នា និងការទំនាក់ទំនងគ្នាជិត០១ឆ្នាំផងនោះ ហើយថែមទាំងគេឲ្យថ្លៃការមកវិញដល់ទៅ៥,០០០បាតក្នុង០១ថ្ងៃផង រូបគាត់ក៏យល់ព្រមឲ្យខ្ចី និងវេរលុយតាមវីងឲ្យគ្រប់ចំនួន៨,១០០ដុល្លារតាមដែលគេខ្ចី ។
ប្រភពដដែលបន្តថា លុះបានរយៈពេល១ថ្ងៃ ស្ត្រីរងគ្រោះបានតេទៅលេខទូរស័ព្ទដែលបុរសរូបនោះតេមកខ្ចីលុយគាត់ ប៉ុន្តែតេមិនចូលនោះទេ ចំណែកឯ Facebook វិញ ក៏ប្លុកចោលអស់ទៀត ទើបស្ត្រីរងគ្រោះដឹងខ្លួនថា ចាញ់បោកបុរសរូបនោះខាងលើនេះតែម្តង ទើបស្ត្រីរងគ្រោះមកប្តឹងនគរបាលស្រុកភ្នំស្រុក ដើម្បីឱ្យជួយស្រាវជ្រាវរកជនឆបោករូបនោះមកផ្តន្ទាទោសតាមច្បាប់ ។
ចែករំលែកព័តមាននេះ