ខេត្តរតនគិរី ស្ថិតនៅភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ៥៨៨គីឡូម៉ែត្រ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកន្ទូម និងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងជើងជាប់នឹងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងត្បូងជាប់នឹងខេត្តមណ្ឌលគិរី ។

ឯកសាររដ្ឋបាលខេត្តឲ្យដឹងថាខេត្តរតនគិរី បានបង្កើតឡើងនៅថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥០១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ឡាយព្រះហស្តលេខាដោយ សម្តេចព្រះនរោត្តម សុរាម្រឹត តាមរយៈសំណើរបស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងមហាផ្ទៃផូ ព្រឿង និងនាយករដ្ឋមន្ត្រីស្តីទីសុន សាន ដែលត្រូវបានកាត់ចេញពីខេត្តស្ទឹងត្រែង មានទីរួមខេត្តនៅស្រុកអណ្តូងពេជ្រ (ស្រុកបរកែវបច្ចុប្បន្ន) ដែលមានផ្ទៃដីសរុបចំនួន១០.៤៥០គីឡូម៉ែត្រការេ៉ មានស្រុកចំនួន៣ គឺស្រុកវើនសៃ មានផ្ទៃដីទំហំ ២.៨១០គីឡូម៉ែត្រការ៉េ(ឃុំប៉ោយ កាឡៃ កោះ គៀក ឡាអិន តាវែង គោកលាក់) ស្រុកអណ្តូងពេជ្រ(បរកែវបច្ចុប្បន្ន) មានផ្ទៃដីទំហំ២.៨១០ ម៉ែត្រការ៉េ(ឃុំកោះញ៉ៃ បាំទុងចត ណាងប៉ាក ប៉ៃហ៊ា ម៉ាក ខឹង ឡាម៉ង) និងស្រុកលំផាត់ មានផ្ទៃដីទំហំ៥.៤៥០ គីឡូម៉ែត្រការ៉េ(ឃុំលើង ជិប លុងឃុង កាឡែង បាងតាង ឡំបាង នឹក ទើន) ។

ស្ថិតនៅក្នុងរបបសង្គមរាស្ត្រនិយមអតីតអភិបាលខេត្ត ដែលនៅក្នុងសម័យនោះហៅថា ប្រធានខេត្ត មានឈ្មោះលោកតាអ៊ុង ញ៉ច ត្រូវបានរាជរដ្ឋាភិបាលតែងតាំងឲ្យដឹកនាំខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៨ លោកតាឈូ ស៊ាន ឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ និងលោកតាសង្ស យៀវ ឆ្នាំ១៩៧០ បញ្ចប់ត្រឹមរដ្ឋប្រហារលន់ នល់។
ចំណែកឯរបាយប្រជាជនក៏មានចំនួនតិចតួចនៅឡើយ ភាគច្រើនមានតែជនជាតិដើមភាគតិចដែលជាម្ចាស់ស្រុកប៉ុណ្ណោះដែលរស់នៅច្រើន ពឹងអាស្រ័យទៅលើការធ្វើរបរកសិកម្មពនេចរ និងការបរបាញ់សត្វសម្រាប់ចិញ្ចឹមជីវិត ព្រោះកាលនោះពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខ្វាត់ខ្វែងដូចបច្ចុប្បន្នឡើយ ។

ស្ថិតនៅក្នុងអន្តរកាលសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ ខេត្តរតនគិរី ដ៏ដូចជាខេត្ត ផ្សេងៗទៀតប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខដុមរម្យនា ទោះបីជានយោបាយផ្ទៃក្នុងមានការតឹងតែងរវាងក្រុមអ្នកឆ្វេងនិយម និងសម្តេចព្រះនរោត្តម សីហនុ យ៉ាងណាក៏ដោយ តែជាអកុសលនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ បានវាយផ្តួលរំលំរបបដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ បង្កទៅជាសង្គ្រាមរាំរ៉ៃផ្ទៃក្នុងប្រទេស។
ក្រោយទម្លាក់សម្តេចព្រះនរោត្តម សីហនុ ហើយ ឧត្តមសេនីយ៍លន់ នល់ បានប្រកាសបង្កើតសាធារណរដ្ឋខ្មែរ មាននិន្ននាការងាកទៅរករបបដឹកនាំក្រុងវ៉ាស៊ីនតោន ហើយការផ្សារភ្ជាប់ការទាក់ទងកាន់តែជិតស្និទ្ធនេះធ្វើឲ្យកម្ពុជារងទុក្ខវេទនាកាន់តែខ្លាំងដោយគ្រាប់បែកអាមេរិកទម្លាក់ពីយន្តហោះ ។

៥ឆ្នាំក្រោយមក ថ្ងៃ១៧ មេសា ឆ្នាំ ១៩៧៥ របបដឹកនាំស៊ីរូងផ្ទៃក្នុងដោយអំពើពុករលួយនិងបក្សពួកនិយមយ៉ាងខ្លាំងក្លាបំផុតទូទាំងផ្ទៃប្រទេស បង្កឲ្យមានចលនាបះបោរជាថ្មីម្តងទៀតផ្តួលរំលំរបប លន់ នល់ បានដួលរលំខ្ចាត់ខ្ចាយ ហើយចលនាកុម្មុយនីស្តប៉ុល ពត ឡើងមកកាន់កាប់ប្រទេសជំនួសវិញ ។ ដូច្នេះក្នុងអន្តរកាលនេះ ខេត្តរតនគិរី គឺទទួលបានការអភិវឌ្ឍតិចតួចបំផុត ឬស្ទើរតែគ្មានការរីកចម្រើនទាល់តែសោះ ក្រៅពីការខិតខំប្រឹងប្រែងរស់យ៉ាងវេទនាជាទីបំផុតរបស់ប្រជាជន ។
ខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៧៥-១៩៧៩
ក្រោយការដួលរលំនៃរបបដឹកនាំរបស់សេនាប្រមុខលន់ នល់ ប្រជាជនកម្ពុជាបានរស់នៅយ៉ាងវេទនាបន្តទៀតក្រោមការដឹកនាំរបស់ប៉ុល ពត ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលកាលនោះការកាប់សម្លាប់ប្រជាជនកម្ពុជាប្រមាណជាង៣លាននាក់បានស្លាប់ដោយភាពអយុត្តិធម៌បំផុត ។

ក្រោយរបបដ៏ឃោរឃៅនេះកើតឡើង ក្រុមអ្នកស្នេហាជាតិបានចាប់ផ្តើមធ្វើចលនារំដោះប្រទេសដែលដឹកនាំដោយសម្តេចទាំងបី មានសម្តេចជា ស៊ីម សម្តេចហេង សំរិន និងសម្តេចតេជោហ៊ុន សែន រួមជាមួយឥស្សរជនជាន់ខ្ពស់មួយចំនួន ក្នុងនោះមានយុទ្ធជនជនជាតិដើមភាគតិចប្រសូតចេញពីភូមិភាគឦសាន ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ប៊ូ ថង និងឯកឧត្តម នាយឧត្តមសេនីយ៍ស៊ើយ កែវ សមមិត្តប៊ុន មី សមមិត្តថង ម៉ៃ និងយុទ្ធមិត្តរួមអាវុធជាច្រើនរូបទៀត បានចូលរួមក្នុងចលនាវាយរំដោះប្រទេសចេញពីរបបដ៏ខ្មៅងងឹត ប៉ុល ពត រហូតទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។
តាមរយៈភស្តុតាងប្រវត្តិសាស្ត្រនេះបង្ហាញយ៉ាងច្បាស់ថា ខេត្តរតនគិរី កាលនោះការគ្រប់គ្រង និងដឹកនាំស្ថិតនៅលើអំណាចយោធា ពុំមានរចនាសម្ព័ន្ធរដ្ឋបាលដែនដីច្បាស់លាស់ឡើយ ដូច្នេះពុំមានការអភិវឌ្ឍអ្វីឡើយ ផ្ទុយទៅវិញមានតែការបំផ្លាញខ្ទេចខ្ទីនូវហេដ្ឋារចនាសម្ព័ន្ធ និងការកាប់សម្លាប់រង្គាលនាសម័យនោះ។

ខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៧៩-បច្ចុប្បន្ន
ក្រោយថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី បានរួចផុតពីទុក្ខវេទនានៃគុកឥតជញ្ជាំង ។ ដោយចាប់ផ្តើមពីចំណុចសូន្យ កម្ពុជាបានធ្វើដំណើរលើកំណាត់ផ្លូវដែលពោរពេញដោយឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ទម្រាំឈានដល់ដំណាក់កាលបច្ចុប្បន្ន ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីជំរុញស្តារខឿនសេដ្ឋកិច្ចគ្រប់វិស័យ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលរងការខូចខាតស្ទើគ្មានសេសសល់ ឲ្យមានការរីកចម្រើនលូតលាស់ត្រសែតត្រសងគ្នាគ្រប់វិស័យ ។
ចាប់ពីឆ្នាំ១៩៧៩ ខេត្តរតនគិរី បានរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដោយមានទីរួមខេត្តនៅស្រុកវើនសៃ ក៏ប៉ុន្តែដោយសារស្ថានភាពប្រទេសទើបតែរួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ខេត្តរតនគិរីនៅពេលនោះពុំទាន់មានផ្លូវគមនាគមន៍តភ្ជាប់ពីខេត្តមួយទៅខេត្តមួយនោះទេ គឺការធ្វើដំណើរត្រូវប្រើប្រាស់មធ្យោបាយយន្តហោះ ឬត្រូវធ្វើដំណើរវាងតាមប្រទេសវៀតណាម ដើម្បីទៅកាន់រាជធានីភ្នំពេញ ។
ក្រោយសង្គ្រាមកម្ពុជាទទួលរងនូវការលំបាកជាច្រើនឥតគណនា ភារកិច្ចជាមូលដ្ឋាននៃរដ្ឋាភិបាលកាលនោះ គឺដៃម្ខាងបង្កបង្កើនផលស្តារសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន និងដៃម្ខាងទៀតប្រយុទ្ធទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍មិនឲ្យកើតឡើងជាថ្មីម្តងទៀត ។ កត្តាសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ បានបង្កើតឱកាសមាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឲ្យសម្រេចបានសមិទ្ធផលយ៉ាងធំធេញគួរជាទីមោទនៈក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ត្រូវបានតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តរតនគិរី និងតភ្ជាប់ពីខេត្តរតនគិរី ទៅបណ្តាខេត្ត ផ្សេងៗទៀត ក្នុងគោលដៅជម្រុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេសការដឹកជញ្ជូន ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ។

អតីតថ្នាក់ដឹកនាំខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន
-ឯកឧត្តមប៊ូ ជួង (១៩៧៩-១៩៨៨)
ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំស្តារឡើងវិញឡើងវិញនូវរចនាសម្ព័ន្ធរដ្ឋបាលដែនដី និងការគ្រប់គ្រង ក្នុងនោះអតីតអភិបាលខេត្តរតនគិរី ឯកឧត្តមប៊ូ ជួង បានកាន់តំណែងជាអភិបាលខេត្ត ដឹកនាំខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៨ ។
នៅក្នុងចន្លោះនេះទីរួមខេត្តរតនគិរី ត្រូវបានប្តូរពីស្រុកវើនសៃ មកក្រុងបានលុងវិញ នៅឆ្នាំ១៩៨០ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យប៊ូ ថង និងបានខិតខំអភិវឌ្ឍន៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្តឡើងវិញដូចជា ការរៀបចំប្លង់គោលទីប្រជុំជនក្រុង និងការសាងសង់វារីអគ្គិសនីអូរជុំ ដែលជាវារីអគ្គិសនីដំបូងគេបង្អស់នៅកម្ពុជា ដែលមានសមត្ថភាពផលិតអគ្គិសនីបាន១មេហ្កាវ៉ាត់ សម្រាប់ប្រើប្រាស់នៅក្នុងតំបន់ ក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យប៊ូ ថង រួមនិងឥស្សរជនមួយចំនួនទៀត សម្រេចបានជាស្ថាពរនៅឆ្នាំ១៩៩៣ ។

ក្នុងអំឡុងក្រោយឆ្នាំ១៩៧៩ ជាបន្តបន្ទាប់រាជរាដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្រុក និងឃុំថ្មីមួយចំនួនបន្ថែមទៀត រួមមានស្រុកបានលុង ស្រុកអូរយ៉ាដាវ ស្រុកកូនមុំ ស្រុកអណ្តូងមាស ស្រុកតាវែង និងស្រុកអូរជុំ ។
បន្ទាប់មកទៀតថ្នាក់ដឹកនាំដែលបានកាន់តំណែងជាអភិបាលខេត្តរួមមាន៖
– លោកជំទាវឡាក់ អូន (ឆ្នាំ១៩៨៨-១៩៩៣) ។
– ឯកឧត្តម ខាំ ឡែន (ឆ្នាំ១៩៩៣-១៩៩៥) ។
–ឯកឧត្តមកែប ជុតិមា (ឆ្នាំ១៩៩៥-១៩៩៩)។
–ឯកឧត្តម ខាំ ខឿន (ឆ្នាំ១៩៩៩-២០០៥) ។
–ឯកឧត្តមមួង ប៉យ (ឆ្នាំ២០០៥-២០០៩)។
–ឯកឧត្តមប៉ាវ ហមផាន (ឆ្នាំ២០០៩-២០១៤)។
–ឯកឧត្តមថង សាវុន (ឆ្នាំ២០១៤-បច្ចុប្បន្ន) ។
បច្ចុប្បន្នរដ្ឋបាលខេត្តរតនគិរី ត្រូវបានបែងចែករចនាសម្ព័ន្ធរដ្ឋបាលដែនដីជា១ក្រុង ៨ស្រុក ៤សង្កាត់ ៤៦ឃុំ និង២៤៣ភូមិ មានប្រជាជនសរុបចំនួន ២០១.៥៤៧នាក់ ស្រីចំនួន ៩៩.២៣៨ នាក់ គ្រួសារសរុបចំនួន ៤៦.០៨៣ គ្រួសារ ពលរដ្ឋមានអាយុ១៨ឆ្នាំឡើងមានចំនួន ១០១.៣៩០នាក់ មានដង់ស៊ីតេប្រជាជន ១៨ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិឆ្នាំ២០១៨) អត្រាកំណើនប្រជាជនប្រចាំឆ្នាំមាន៣,០៦%។
ខេត្តរតនគិរី ជាខេត្តមួយចម្រុះដោយជនជាតិដើមភាគតិចមានប្រមាណជាង៦០% នៃប្រជាពលរដ្ឋសរុប មានចំនួន៨ជនជាតិ រួមមាន៖ ជនជាតិទំពួន កាចក់ កាវែត លន់ ព្រៅ ចារាយ ព្នង និងគ្រឹង ៕
ចែករំលែកព័តមាននេះ