រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១២ កក្កដានេះបានផ្ញើសារជាថ្មី ក្រើនរម្លឹកប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះរឿងកូវីដ១៩ ព្រោះវានៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា « សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ» ។ សម្តេចបានបន្តថា ថ្មីៗនេះ កម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ នៅក្នុងប្រទេសយើង គឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្ញើសារយ៉ាងមុតថា «សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែស
អោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។ ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ចែលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ នឹងបងប្អូនមកសួរសុខទុក្ខពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់» ។

ជាចុងក្រោយ សម្តេចបានផ្តាំផ្ញើបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋបន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលអោយបានខ្ជាប់ខ្ជួន។ សូមជូនពរបងប្អូនធ្វើដំណើរមានសុខសុវត្ថិភាព នឹងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ