ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ពិភាក្សា​ពង្រឹង​ផលិតភាព​កសិកម្ម ការ​ចិញ្ចឹមសត្វ និង​ការ​ដាំ​ដុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​អនុញ្ញាត​អោយ​លោក​ជំទាវ លី​អឹ​កា រ៉ូ​ឌ្រី​ហ្គេ បារី​យ៉ូ​ស (Liurka…

រាជធានី​ភ្នំពេញ ៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​អនុញ្ញាត​អោយ​លោក​ជំទាវ លី​អឹ​កា រ៉ូ​ឌ្រី​ហ្គេ បារី​យ៉ូ​ស (Liurka Rodriguez Barrios ) ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​គុយ​បា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​រសៀល​ថ្ងៃ ទី​១០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។

នៅ​ក្នុង​ឱកាស​នោះ លោក​ជំទាវ ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត និង​ឆ្លៀតឱកាស​ចំណាយ​ពេលវេលា​មាន​តម្លៃ​ជួប​សំណេះសំណាល​ការងារ​ជាមួយ​លោក​ជំទាវ ហើយ​លោក​ជំទាវ​មាន​សេចក្ដី​សោមនស្ស​រីករាយ​ដែល​បាន​មក​បំពេញបេសកកម្ម​ការទូត​លើក​ទី​១ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​អាណត្តិ​បេសកកម្ម​នេះ លោក​ជំទាវ​រំពឹង​ថា នឹង​អាច​សម្រេច​បាន​លទ្ធផល​ជា​ច្រើន​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ជា​ពិសេស​លើ​វិស័យ​កសិកម្ម និង​អប់រំ ។ ជា​កិច្ច​ស្វាគមន៍ លោក​រដ្ឋមន្ត្រី​បាន​មាន ប្រសាសន៍​ថ្លែង អំណរ​គុណ​ចំពោះ​ជំនួយ​របស់​ប្រទេស​គុយ​បា នា​ពេល​កន្លង​មក ជា​ពិសេស​ការ​ផ្ដល់​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​គុយ​បា និង​ជំនួយ​ផ្សេង​ៗ​ទៀត​លើ​វិស័យ​កសិកម្ម ។

លោក​សង្ឃឹមថា នៅ​ក្នុង​អាណត្តិ​របស់​លោក​ជំទាវ កម្ពុជា​-​គុយ​បា នឹង​អាច​បន្ត​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ជា​ពិសេស បច្ចេកវិទ្យា​ជីវសាស្ត្រ (Biotechnology) លើ​វិស័យ​កសិកម្ម និង​វេជ្ជសាស្ត្រ ។ លោក​រដ្ឋមន្ត្រី​ស្នើ​ឱ្យ​មាន​ជំនួយ​លើ​ការ​លើក កម្ពស់ ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ តាម​រយៈ​ការ​ពង្រឹង​ផលិតភាព​កសិកម្ម ការ​ចិញ្ចឹមសត្វ និង​ការ​ដាំ​ដុះ (​ពិសេស​ដំណាំ​ស្ករអំពៅ​) ។

បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុង​ជំរុញ​ការ​ដាំ​ដុះ Soft wood ដូច​ជា អាកា​ស្យា និង​ម៉ៃសាក់ ជាដើម ហើយ​កំពុង​ពិនិត្យ​លទ្ធភាព​លើ​ការ​ជំរុញ​ការ​ដាំ​ដុះ​ផ្លែ​លម៉ើ (Dates) ផង​ដែរ​។

លោក រដ្ឋមន្ត្រី គ្រោង​នឹង​រៀបចំ​ឱ្យ​មានការ​ជួបជុំ​មួយ ដោយ​មានការ​ចូលរួម​ពី​ស្ថានទូត​ទាំងអស់​នៅ​កម្ពុជា និង​វិស័យ​ឯកជន (​ផ្នែក​កសិកម្ម​) ដើម្បី​ជំរុញ​ភាព​ជា​ដៃគូ​បន្ថែម​ទៀត ៕