អស់លក្ខណ៍បាត់! ឈើលាក់ក្នុងស្រះ និងឡចំហុយប្រេងខ្មៅពីឈ្មួញស្បែកខ្លា
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាល និងតំណាងអយ្យការអមសាលាដំបូង បានធ្វើការឡោមព័ទ្ធចម្ការឫស្សីមួយកន្លែង របស់មន្ត្រីយោធាយោធភូមិភាគ៣ ដែលគេស្គាល់ច្បាស់ថា ជាមេឈ្មួញឈើប្រចាំស្រុកឱរ៉ាល់ យូរណាស់មកហើយ បានជោគជ័យខ្លះជាប់គុកខ្លះ តែចេញមកវិញប្រព្រឹត្តិដដែល បានធ្វើទាហានពាក់ស្បែកខ្លាដដែល ។

ការបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីមេឈ្មួញរូបនេះបានប្រមូលទិញឈើយកទៅលាក់ទុក ក្នុងដីចម្ការឫស្សីរបស់ខ្លួន ។ ក្រោយការចូលដល់ទីតាំងនោះ ដោយមានតំណាងអយ្យការ និងអភិបាលរងខេត្តចូលរួមផងនោះ សមត្ថកិច្ចបានរកឃើញឡចម្រាញ់ប្រេងខ្មៅមួយបន្ថែមទៀតពីលើនេះ ។ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺបន្ទាប់ពីសមត្ថកិច្ចបានតាមដាន ធ្វើការបង្ក្រាបការលាក់ឈើទុកក្នុងដីចម្ការឫស្សីនេះ ស្រាប់តែមេឈ្មួញរូបនេះ បានបាញ់ប្រមាណជិត១០គ្រាប់ ជាការគំរាមលើសមត្ថកិច្ច រហូតដល់មានការស្នើសុំដីកាចូលឆែកឆេរទីតាំងនេះតែម្តង ។

ការចុះឆែកឆេរទីតាំងស្តុកឈើរបស់មេឈ្មួញរូបនេះ ធ្វើឡើងនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤៤ ចំណុចស្ទឹងតាថក គីឡូម៉ែត្រ៥៨-៥៩ ក្នុងភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកព្រះរាជអាជ្ញារង វ៉ិត មឃ: ដោយមានលោក សុខភា អភិបាលរងខេត្តចូលរួម ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត ។

យោងតាមប្រភពពីនគរបាលមូលដ្ឋានបានអោយដឹងថា កម្លាំងបានតាមដានការដឹកជញ្ជូនឈើរបស់ម្ចាស់ចម្ការនេះ តាំងពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ។ បានរាយការណ៍បឋមជូនថ្នាក់លើ អោយបានជ្រាបផងដែរថា នៅក្នុងបរិវេណដីរបស់ឈ្មោះ ជឿង ថេង ជាមន្ត្រីយោធាភូមិភាគ៣ មានទីលំនៅភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ បានលាក់ឈើជាច្រើនដុំនៅក្នុងត្រពាំងទឹកមួយក្នុងដីចម្ការឫស្សី(ស្ទឹងតាដុក)ផ្លូវ៤៤ km៥៨-៥៩ ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ បន្ទាប់ពីបែកធ្លាយមេឈ្មួញពាក់ស្បែកខ្លារូបនេះ បានត្រៀមធ្វើសកម្មភាពដឹកចេញតាមរថយន្តកុងតឺន័រ តែចេញមិនរួចកាលពីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ កន្លងមក ដោយឈ្មោះ ជឿង ថេង ។

ទោះបីសហការប្រព្រឹត្តជាមួយមន្ត្រីនគរបាលស្រុកស័ក្តិ៣លោក អ៊ុំ លីប៉េង មានឋានៈជានាយផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ក្ដី ក៏មិនអាចរំដោះចេញបានដែរ ។
ប្រភពបន្តថា ក្រោយពីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ និងសុំគោលការណ៍ចុះឆែកឆេររួចមក នៅយប់ថ្ងៃទី៩ ខែកក្កដា ២០២០ ឈ្មោះ ជឿង ថេង ដែលជាម្ចាស់ចម្ការ បានជិះរថយន្ដរបស់ខ្លួនមកស្រែកឡូឡា ហើយបានដកអាវុធខ្លីបាញ់ឡើងលើប្រមាណជិត១០គ្រាប់ ដើម្បីគំរាមមកលើសមត្ថកិច្ច ។ បើទោះជាបែបនេះក្តី សមត្ថកិច្ចមិនខ្លាចញញើតនឹងឈ្មួញរកស៊ីឈើ ដែលជាមន្ត្រីយោធារូបនេះឡើយ បន្តស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីសហការចុះឆែកឆេរ និងបង្ក្រាប។

ជាលទ្ធផលសមត្ថកិច្ចរកឃើញឈើប្រណីតជាច្រើនដុំ ដែលឈ្មួញឈើរូបនេះបានប្រើកម្មករឲ្យសែងទៅទម្លាក់ទឹកស្រះលាក់ទុកក្រោយពីបែកធ្លាយ ដោយចុះមុជរាវរក និងស្រង់ឈើយកឡើងគោកវិញ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកឪរ៉ាល់បានបញ្ជាក់ថា នៅវេលាថ្ងៃដដែល ក្រោយពីរកឃើញឈើដែលលាក់ទុកនៅក្នុងស្រះទឹករួចមក សមត្ថកិច្ចបានបន្តរកឃើញឡចម្រាញ់ប្រេងខ្មៅបន្ថែមមួយទៀត ដែលម្ចាស់ទីតាំងនេះលួចបង្កើតឡើងដោយគ្មានច្បាប់អនុញ្ញាត ។ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់អាវុធខ្លីប្រភេទកា៥៩ចំនួន៤គ្រាប់ នៅក្នុងបរិវេណជិតខ្លោងទ្វារចូល ដូចសេចក្តីរាយការណ៍ពីសមត្ថកិច្ចដែលយាមការពារគោលដៅ រាយការណ៍ជូនថ្នាក់ដឹកនាំពិតប្រាកដមែន ។

សូមរំលឹកថា ឈ្មួញរកស៊ីឈើរូបនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប និងចាប់ខ្លួនដាក់ពន្ធនាគារចំនួន២ដងរួចមកហើយ ប៉ុន្តែក្រោយពីចេញមកវិញ នៅតែបន្តសកម្មភាពជាឈ្មួញដឹកឈើល្មើសច្បាប់ដដែល ៕
















ចែករំលែកព័តមាននេះ