ខេត្តពោធិ៍សាត់ ៖ យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកតាលោសែនជ័យ ដោយមានការសង្ស័យក៏បានស្ទាក់ត្រួតពិនិត្យឆែកឆេរបុរស២នាក់ ដែលជិះម៉ូតូពេលយប់តាមខ្នងប្រឡាយ១៧ មេសា ដើម្បីសួរនាំក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ បន្ទាប់ពីឆែកឆេរឃើញមានអាវុធខ្លី និងដាវសាមូរ៉ៃ សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនតែម្ដង ។

ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកផែនព្រហ្មទណ្ឌ ឧត្តមសេនីយ៍ត្រី ម៉ូ លីដា បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែកក្កដានោះ កម្លាំងនគរបាលស្រុកតាលោសែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ផ្ទះរុង និងនគរបាលប៉ុសិ៍តាលោ ដឹកនាំដោយអនុសេនីយ៍ត្រី គិន សាន នាយរងផ្នែកព្រហ្មទណ្ឌ បានចុះល្បាតតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ឃុំទាំងពីរ ។ លុះនៅវេលារំលងអធ្រាតឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុប
គ្នាតាមមាត់ប្រឡាយ១៧មេសា ត្រង់ចំណុចស្ពានគោករំល ស្ថិតក្នុងភូមិគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យ គួរឲ្យសង្ស័យក៏បានកាក់ឲ្យឈប់ដើម្បីសាកសួរ ។

នៅពេលឆែកឆេរ សមត្ថកិច្ចបានរកឃើញ កាំភ្លើងបុកហ្កាស១ដើម ដាវសាមូរ៉ៃ១ដើម និងទួរណឺវីស០១ ។ ដោយពិនិត្យឃើញបែបនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួន និងដកហូតវត្ថុតាងទាំងអស់ រួមទាំងម៉ូតូមួយគ្រឿងម៉ាក KR ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១GE-៩៩១០ផងដែរ ។

ជនសង្ស័យទាំង២នាក់នេះ ម្នាក់ឈ្មោះ សេង សោម អាយុ២៥ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាលោ ស្រុកតាលោសែនជ័យ និងម្នាក់ទៀតឈ្មោះ ពឿន ប៉ាង អាយុ២១ឆ្នាំ រស់នៅភូមិទួលគគីរ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ យោងតាមវត្ថុតាងដែលជនទាំង២នាក់ដើរពេលយប់មានឧបករណ៍បែបនេះ គឺអាចមានគោលបំណងប្លន់ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។
ជនសង្ស័យទាំង២នាក់និងសម្ភារខាងលើ ត្រូវបាននាំទៅកាន់អធិការរដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ