រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល
ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ាន តាមរយៈប្រព័ន្ធ Virtual Conference ដោយមានវត្តមានចូលរួមពីសំណាក់មេបញ្ជាការកងទ័ពជើងគោកអាស៊ានចំនួន ៩ប្រទេសផ្សេងទៀត ។

កិច្ចប្រជុំនេះ គឺជាការជួបប្រជុំលើកដំបូងតាមរយៈប្រព័ន្ធ Virtual Conference ដោយមានការសម្របសម្រួលពីកងទ័ពជើងគោកប្រ៊ុយណេ ដើម្បីពិភាក្សាអំពីការរៀបចំកម្មវិធីបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន(ASEAN Armies Rifles Meet) និងកិច្ចប្រជុំពាក់ព័ន្ធសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ រួមទាំងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍អំពីបញ្ហាប្រឈមរួមគ្នា គឺការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលពិភពលោកនិងអាស៊ានកំពុងជួបប្រទះ ។
ក្នុងបរិបទនៃការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍អំពីវិធានការនានា ដែលរដ្ឋាភិបាល និងកងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ាននីមួយៗបានអនុវត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសអាស៊ានទាំង១០ បានលើកឡើងអំពីតម្រូវការនៃការជួយគ្នាទៅវិញទៅមករវាងកងទ័ពជើងគោកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ តាមរយៈការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិធានការឆ្លើយតបទាំងឡាយដែលសមស្រប ។

មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសអាស៊ានទាំង១០ ក៏បានឯកភាពគ្នាក្នុងការផ្អាកការរៀបចំកម្មវិធីបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន(ASEAN Armies Rifles Meet) ឆ្នាំ២០២០ ដោយសម្រេចរៀបចំតែកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ASEAN Chiefs of Army Multilateral Meeting) តាមរយៈប្រព័ន្ធ Virtual Conference នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ។
ទន្ទឹមនឹងនេះ មេបញ្ជាការកងទ័ពជើងគោកអាស៊ាន ក៏បានឯកភាពគ្នាក្នុងការដែលកងទ័ពជើងគោកនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងកម្មវិធីនានារបស់កងទ័ពជើងគោកអាស៊ាន សម្រាប់ឆ្នាំ២០២១ ៕
ចែករំលែកព័តមាននេះ