រក​ឃើញ​ភ្នំ​អស់​កង្វល់​មួយទៀត ​នៅ​ខាងកើត​ភ្នំ​នាគ​ស


ខេត្តពោធិ៍សាត់ ៖ លោ​កអេង គ​ន្ធា អគ្គនាយករង​អគ្គិសនី​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង បាន​រុករក​ឃើញ​កន្លែង​កម្សាន្ដ​ជា​បន្ត​បន្ទាប់​នៅ​តំបន់​ភ្នំ​នាគ​ស ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ជាក់ស្ដែង ថ្មី​ៗ​នេះ បាន​រក​ឃើញ​ភ្នំ​អស់​កង្វល់​មួយទៀត ស្ថិត​នៅ​ខាងកើត​ភ្នំ​នាគ​ស ។ លោក​បាន​ចលនា​ប្រជាពលរដ្ឋ​ក្នុ​សហគមន៍ នាំ​គ្នា​កាប់​ឆ្ការ​ធ្វើ​ផ្លូវ​ដើរ​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​រៀបចំ​កន្លែង​ឲ្យ​អ្នក​ដែល​មាន​អារម្មណ៍​ស្ត្រេ​ស​ធុញថប់ ទៅ​អង្គុយ​មើល​ទេសភាព​លំហែកាយ បំបាត់ទុក្ខ​កង្វល់ផ្សេង​ៗ ។

ភ្នំ​អស់​កង្វល់​ គឺ​ជា​កូនភ្នំ​មួយ​តូច​នៅ​កណ្ដាល​គេ ហ៊ុម​ព័ទ្ធ​ជុំវិញ​ដោយ​ភ្នំ​កង​វ៉ា ភ្នំ​គុ​ហ៍ និង​ភ្នំ​នាគ​ស ។ នៅ​ជើងភ្នំ​នាគ​ស មាន​ល្អាង​ព្រះ​នាង​រំសាយសក់​ដែល​លោ​កអេង គ​ន្ធា ចាប់អារម្មណ៍​ជាងគេ ហើយ​កំពុង​តែ​កសាង​សព្វ​ថ្ងៃនេះ ដោយ​បាន​ដាក់​ឈ្មោះ​ថា «​មណី​យ​ដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ​» ។ ការ​អភិវឌ្ឍ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិ​ស្ត្រ​ធម្មជាតិ​នេះ បានការ​ជ្រោមជ្រែង និង​ទទួលស្គាល់​ពី​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ជា​អាជ្ញាធរ​ដែនដី និង​លោក​កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គនាយក​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ក្រគរ​និង​ស្រុក​កណ្ដៀង ។

សព្វ​ថ្ងៃនេះ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ កសាង​បាន​សមិទ្ធផល​មួយ​ចំនួន​ដូច​ជា ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​អាច​ចរាចរណ៍​បាន​ទាំង​រថយន្ដ​តូច និង​រថយន្ដ​ធំ ។ ក្នុង​បរិវេណ​មាន​ដាំ​ដើមឈើ​ប្រណីត ផ្កា​ចម្រុះ​ពណ៌ មាន​ម្លប់​ឫស្សី​តាម​មាត់​អូរ កន្លែង​ចង​អង្រឹង ស្ពាន​និស្ស័យ​ស្នេហ៍ រូបសំណាក​ព្រះ​នាង​រំសាយសក់ រូប​ដំរី រូប​តា​ឥសី ជ័យ​វរ្ម័ន សត្វស្រុក និង​សត្វព្រៃ រូប​មេ​ទ័ព​មាន​បារមី និង​បន្ទប់ទឹក​ជាដើម ។ ជាមួយ​គ្នា​នេះ​លោ​កអេង គ​ន្ធា កំពុង​រៀបចំ​ឲ្យ​ស្ថាបត្យករ ឆ្លាក់​រូប​បដិមា​ដ៏​ធំ​មួយ​ព្រះ​អង្គ នៅ​លើ​កំពូលភ្នំ​ដែល​មានកំ​ពស់​២៨​ម៉ែត្រ អាច​មើល​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ឃើញ ។

លោក​មី​លី​យ៉ា សុវត្ថិ​ធី អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ ដែល​ជា​ជំនួយ​ការ​ឲ្យ​លោ​កអេង គ​ន្ធា ឲ្យ​ដឹង​ថា ការ​ដាក់​ឈ្មោះ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ​នេះ ដោយ​ផ្អែក​ទៅ​លើ​ការ​រក​ឃើញ​រូបចម្លាក់​ព្រះពុទ្ធ​បដិមា​ផ្ទុំ​មួយ​ព្រះ​អង្គ ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ថ្មភ្នំ​កង​វ៉ា​តាំងពី​សម័យ​ចេ​ន​ឡា​មក​ម្ល៉េះ​។

ក្រៅពី​នេះ​ភ្នំ ផ្សេង​ៗ​ដែល​នៅ​ក្នុង​តំបន់​នេះ រក​ឃើញ​ភាជន៍ សំណាក​រូប​នាង​រំសាយសក់​នៅ​ក្នុង​ល្អាង និង​ព្រះ​បាត​ជាដើម ដែល​ចាស់ព្រឹទ្ធាចារ្យ អ្នកស្រុក​អ្នក​ភូមិ​មាន​ជំនឿ​ថា ជា​បារមី​ថែរក្សា​នៅ​តំបន់​នេះ ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា កាលពី​សម័យ​ដើម​តំបន់​នេះ​ជា​ព្រំប្រទល់​ច្បាំង​គ្នា​រវាង​ខ្មែរ និង​ខ្មែរ គឺ​ចេ​ន​ឡា​ទឹក និង​ចេ​ន​ឡា​គោក ។ រហូត​ដល់​សម័យ​កណ្ដាល​ក៏​ជា​ខ្សែត្រៀម​ចម្បាំង​គ្នា​រវាង​ព្រះ​អង្គ​ច័ន្ទ​រាជា​ជាមួយ​ស្ដេច​កន ដែល​គេ​ហៅ​ថា ព្រះរាជា​ខាងកើត និង​ព្រះរាជា​ខាងលិច ។

ប្រភព​ដដែល​បន្ត​ថា​នៅ​ក្នុង​សម័យ​ខ្មែរក្រហម ទីនោះ​ជា​កន្លែង​សមរភូមិ​ប្រយុទ្ធ​គ្នា និង​ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ប៉ុ​ល ពត ប៉ុន្តែ​បច្ចុប្បន្ន​បាន​ប្រែ​ក្លាយជា​កន្លែង​រមណីយដ្ឋាន​ទៅ​វិញ ដោយ​សារ​​ប្រទេស​ជាតិ​មាន​សុខ​សន្ដិភាព ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ ។​

លោ​កអេង គ​ន្ធា បាន​អំពាវនាវ​ឲ្យ​អ្នកស្រុក​ក្នុង​តំបន់​នោះ ខិតខំ​បង្កើន​ជីវភាព​តាម​រយៈ​ការ​ដាំ​ដំណាំ និង​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ ពិសេស​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃ​បុណ្យ​ជាតិ ផ្សេង​ៗ ព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​ស្រួល និង​មាន​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្លូវជាតិ​លេខ​៥ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ