ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​បំភ្លឺ​ករណី​វៀតណាម​បោះ​តង់​ចូល​មក​ព្រំដែន​កម្ពុជា​កន្លង​មក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​បំភ្លឺ​ករណី​ការ​បោះ​តង់​របស់​ភាគី​វៀតណាម ចូល​មក​តំបន់​ព្រំដែន​ជាមួយ​កម្ពុជា​កន្លង​មក ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​បំភ្លឺ​ករណី​ការ​បោះ​តង់​របស់​ភាគី​វៀតណាម ចូល​មក​តំបន់​ព្រំដែន​ជាមួយ​កម្ពុជា​កន្លង​មក ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​អី​១០ កក្កដា ឆ្នាំ​២០២០ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​បានការ​បោះ​តង់​របស់​ភាគី​វៀតណាម​ចូល​មក​តំបន់​ព្រំដែន​កើតឡើង នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២០ ។

ក្រសួងមហាផ្ទៃ​បាន​ទទួល​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ការពារ​ព្រំដែន​យោធា​ព្រំដែន និង​រដ្ឋបាល​ខេត្ត​ករណី​ភាគី​វៀតណាម​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ដោយ​ឯកតោភាគី ព្រមទាំង​សង់រោង​ប្រក់​តង់ និង​ដាក់​ពង្រាយ​កងទ័ព​ការពារ ព្រំដែន នៅ​តាម​បណ្តោយ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ក្រោម​រូបភាព​ទប់ស្កាត់​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ ១៩ (COVID-19) ដោយ​លើក​ទង់ជាតិ​វៀតណាម និង​បដា​សរសេរ​ជា​ភាសា​វៀតណាម​ថា «​ប៉ុស្តិ៍​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​១៩» ។

លោក សក់ សេដ្ឋា​ថា ពាក់ព័ន្ធ​នឹង​សកម្មភាព​បោះ​តង់​របស់​ភាគី​វៀតណាម​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​អភិបាលខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជាប់​ព្រំដែន សហការ​ចុះ​ទៅ​សម្របសម្រួល និង​ចរចា​ជាមួយ​ភាគី​វៀតណាម​ឲ្យ​រុះរើ​តង់​ទាំងនោះ​ចេញ ។

ជា​លទ្ធផល​ភាគី​វៀតណាម​បាន​យល់ព្រម​រុះរើ​ចេញ និង​រំកិល​តង់​មួយ​ចំនួន​ថយក្រោយ ។ ទន្ទឹម​នេះ​ភាគី​វៀតណាម​បាន​ឆ្លើយ​តប​មក​អាជ្ញាធរ​កម្ពុជា​ថា វៀតណាម​នឹង​រុះរើ​តង់​ទាំងនោះ​ចោល​វិញ ក្រោយ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​កំចាត់​ចោល​ទាំងស្រុង​នា​ពេល​ខាង​មុខ ។

ម្យ៉ាងទៀត​ក្រសួងមហាផ្ទៃ​ក៏​បាន​ស្នើ​គណៈកម្មាធិការ​ចំរុះ​កិច្ចការ​ព្រំដែន ដើម្បី​ពិភាក្សា​ចរចា​ជាមួយ​ភាគី​វៀតណាម ឱ្យ​រុះរើ​តង់​ទាំងនោះ​ចេញ និង​រក្សា​ស្ថានភាព​ដដែល​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ពុំ​ទាន់​ឯកភាព​ខណ្ឌសីមា និង​បោះបង្គោល​រួច តាម​រយៈ​លិខិត​លេខ​១៥៧៩​ស​ជ​ណ ចុះ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ ។

ជា​ការ​ឆ្លើយ​តប​គណៈកម្មាធិការ​ចំរុះ​កិច្ចការ​ព្រំដែន​បាន​ស្នើ​មក​ក្រសួងមហាផ្ទៃ​ផ្តល់​នូវ​ចំនុច​និយាម​ការ​នៃ​ទីតាំង​បោះ​តង់​របស់​ភាគី​វៀតណាម ។ បច្ចុប្បន្ន​ក្រសួងមហាផ្ទៃ​កំពុង​បូក​សរុប​ផ្ទៀងផ្ទាត់​និយាម​ការ​ទាំងនោះ ដើម្បី​ផ្តល់​ជូន​គណៈកម្មាធិការ​ចំរុះ​កិច្ចការ​ព្រំដែន​ចាត់ចែង​តាម​សមត្ថកិច្ច ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​កន្លង​មក​ផ្អែក​តាម​លិខិត​របស់​រដ្ឋបាល​ខេត្តកណ្តាល ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ក៏​បាន​ធ្វើ​កំណត់​ទូត​ទៅ​ភាគី​វៀតណាម កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ដើម្បី​តវ៉ា​អំពី​សកម្មភាព​បោះ​តង់​របស់​ភាគី​វៀតណាម នៅ​ចន្លោះ​ទន្លេមេគង្គ និង​ទន្លេបាសាក់ ចាប់ពី​បង្គោល​ព្រំដែន​លេខ​២៤១-២៤៥, និង​នៅ​តាម​បណ្តោយ​ព្រែក​ជ្រៃ​ធំ​-​ព្រែក​ប៊ិ​ញ​យី ចាប់ពី​ចន្លោះ​បង្គោល​ព្រំដែន លេខ ២៤៧-២៥៣ និង​ទាមទារ​ភាគី​វៀតណាម​ឲ្យ​រុះរើ​តង់​ទាំងនោះ​ចេញ និង​ស្នើ​ឲ្យ​រក្សា​ស្ថានភាព​នៅ​ដដែល​នៅ​តាម​តំបន់​ព្រំដែន​ទាំងនេះ​ស្រប​តាម​ស្មារតី​នៃ​ប្រកាស​ព័ត៌មាន​រួម​របស់​នាយក​រដ្ឋមន្ត្រី ទាំង​ពីរ​ឆ្នាំ​១៩៩៥ និង​សន្ធិសញ្ញា បំពេញបន្ថែម​ឆ្នាំ​២០០៥ ។

លោក​រដ្ឋ​លេខា​ក៏​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២០ ចំនួន​តង់​ដែល​ភាគី​វៀតណាម​បាន​រុះរើ​ចេញ​វិញ​ចំនួន​០៨​កន្លែង ក្នុង​នោះ​តង់​ដែល​បាន​បោះ​នៅ​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា​ក្នុង​ការ​វាស់វែង​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​សរុប​ចំនួន​៤២​តង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ