ខេត្តកណ្តាល ៖ សំណុំរឿងសិប្បកម្មលីងកាហ្វេនិងសណ្ដែក យីហោ «ថុន ណាត» ដែលកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យនិងធ្វើការបិទទីតាំង ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនោះ បានបញ្ជូនដល់សាលាដំបូងខេត្តកណ្តាលហើយ កាលពីថ្ងៃទី០៧ កក្កដា ឆ្នាំ២០២០។

ដោយឡែក ម្ចាស់ទីតាំងមិនធ្វើការឃាត់ខ្លួន និងបញ្ជូនមកតុលាការនៅឡើយទេ ពោលគឺរស់នៅក្រៅសំណាញ់ច្បាប់ ។ ចំពោះសំណុំរឿងដែលតុលាការចាត់តាំងអោយតំណាងអយ្យការកំពុងចាត់ការបន្តនោះ មិនទាន់បានទំនាក់ទំនងនៅឡើយទេ ដោយអ្នកនាំពាក្យអយ្យការមិនទាន់មានការឆ្លើយតប។

គួររំលឹកថា កាលពីថ្ងៃទី២ កក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង១០នាទីព្រឹក កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានការសម្របសម្រួលនីតិវិធីពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះត្រួតពិនិត្យនិងបិតទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្ដែក យីហោឈ្មោះថុន ណាត ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

ការចុះត្រួតពិនិត្យឆែកឆេរទីតាំងកសិកម្មលីងកាហ្វេនិងសណ្ដែក យីហោឈ្មោះ ថុន ណាត នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ម្ចាស់ទីតាំងមានឈ្មោះថុន ណាត ភេទស្រីអាយុ៣៣ឆ្នាំមុខរបរម្ចាស់សិប្បកម្ម នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ក្នុងការត្រួតពិនិត្យរកឃើញមាន គ្រាប់សណ្ដែកសៀងចំនួន៦០បាវ គ្រាប់កាហ្វេលេខ១ចំនួន៦បាវ គ្រាប់កាហ្វេលេខ២ចំនួន១០បាវ កាហ្វេលីងរួចចំនួន៦បាវ ម៉ាស៊ីនលាយប៊ឺចំនួន០១គ្រឿង ម៉ាស៊ីនលាយស្ករចំនួន០១គ្រឿងកាហ្វេច្រកជាកញ្ចប់រួចចំនួន៣០កញ្ចប់ប៊ឺរ មេក្លិនសម្រាប់លាយកាហ្វេចំនួន១២ធុង ទឹកត្រីចំនួន០៣កាដុង ស្រាសចំនួន០១កានកាហ្វេផលិតរួចចំនួន១៤កញ្ចប់ (កាហ្វេខ្មែរធម្មជាតិ)។
ក្រោយពិនិត្យរួច គណៈកម្មការចម្រុះរកឃើញមានកំហុសដូចខាងក្រោម៖
មិនមានលើស្លាកយីហោ មិនទាន់បានយកទៅចុះបញ្ជីផលិតផល (ចបផ)គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព នៅលើសំបកវិចខ្ចប់កាហ្វេមិនមានដាក់អាស័យដ្ឋាន និងរបៀបប្រើប្រាស់ នៅលើសំបកវិចខ្ចប់កាហ្វេដាក់កាហ្វេសុទ្ធ១០០%ទីតាំងគ្មានអនាម័យ។ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុគណះកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានប្រាប់អោយដឹងថា៖ មុននិងឈានដល់ការចុះត្រួតពិនិត្យកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវអស់រយះពេលជាយ៊ូថ្ងៃមកហើយ ដោយមានការរាយការណ៌ពីប្រជាពលរដ្ឋ។

លោកបានបន្តរទៀតថា ចំពោះទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្ដែកខាងលើនេះ បង្ករផលប៉ះពាល់ដល់សុខភាពអ្នកផឹកច្រើនណាស់ ដោយម្ចាស់ទីតាំងផលិតនេះ បានលាយគ្រឿងផ្សំជាមួយមុខ ធ្វើអោយកាហ្វេរឈ្ងុយ មានលាយទឹកស៊ីអីវ បឺរ ទឹកស្ករcaramel មេក្លិនសម្រាប់លាយកាហ្វេ ល័ក្ខពណ៌ ស្ករស អំបិល ទឹកត្រី ស្រាស ប៊ីចេង ទឹកដោះគោ និងសណ្ដែកសៀង។

ដោយឡែក លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអោយដឹងដែរថា៖ ម្ចាស់ទីតាំងធ្វើការឃាត់យកទៅសាកសួរបើរកឃើញថា មានកំហុសពិតប្រាកដមែន និងចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ។



ចែករំលែកព័តមាននេះ