ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាប​ក្លាយជា​ខេត្ត​ដំបូង​របស់​កម្ពុជា ដែល​ហាម​លក់​និង​បរិភោគ​សាច់​ឆ្កែ

3 ឆ្នាំ មុន

ខេត្ត​មួយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ក្លាយជា​ខេត្ត​ដំបូង​គេ ដែល​បាន​ហាមឃាត់​ការ​លក់ និង​ការ​បរិភោគ​ សាច់សត្វ​ឆ្កែ ។ សៀមរាប​ត្រូវ​បាន​គេ​ស្គាល់​ទូ​ទាំង​ពិភពលោក​ថា ជា​ខេត្ត​តាំងនៅ​នៃ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ ប៉ុន្តែ​ក្រុម​សិទ្ធិ​សត្វ​និយាយ​ថា…

ខេត្ត​មួយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ក្លាយជា​ខេត្ត​ដំបូង​គេ ដែល​បាន​ហាមឃាត់​ការ​លក់ និង​ការ​បរិភោគ​ សាច់សត្វ​ឆ្កែ ។

សៀមរាប​ត្រូវ​បាន​គេ​ស្គាល់​ទូ​ទាំង​ពិភពលោក​ថា ជា​ខេត្ត​តាំងនៅ​នៃ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ ប៉ុន្តែ​ក្រុម​សិទ្ធិ​សត្វ​និយាយ​ថា ​តំបន់​នេះ បាន​ក្លាយជា “​ទីតាំង​សត្តឃាត និង​កន្លែង​លក់​សាច់​ឆ្កែ​” និង​ជា​កន្លែង​ផ្គត់ផ្គង់​តម្រូវការ​សាច់​ឆ្កែ នៅ​ពាក់កណ្តាល ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ហើយ​ជា​ពិសេស​នោះ គឺ​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ការ​ហាមឃាត់​ថ្មី​នេះ នឹង​រាប់​បញ្ចូល ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី​៧ ទៅ​៥០​លាន​រៀល (​ស្មើនឹង​ប្រមាណ​ជា ១២,២០០ ដុល្លារ​អា​មេ​រិ​ក​) ។

ការ​ហាមឃាត់នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​ប្រហាក់ប្រហែល​គ្នា នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត នៃ​តំបន់​អាស៊ី នា​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ។

ការ​បរិភោគ​សាច់​ឆ្កែ មិន​ត្រូវ​បាន​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ដោយ​មាន​ប្រជាជនខ្មែរ​តិច​ជាង​១២% បាន​បរិភោគ​វា​ជា​ប្រចាំ​ នេះបើ​យោង​តាម​អង្គការ FOUR PAWS ប៉ុន្តែ​អង្គការ​នេះ បាន​កំណត់​អត្តសញ្ញាណ​ខេត្តសៀមរាប​ថា​ជា​“​ចំណុចក្តៅ​ដ៏​សំខាន់​” នៅ​ក្នុង​ការ​លក់​សាច់​ឆ្កែ ។

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប លោក ទា គឹ​ម​សុទ្ធ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ​វិស័យ​ទេសចរណ៍ បាន​ធ្វើ​ឱ្យ​តម្រូវការ​សាច់​ឆ្កែ មានការ​កើនឡើង នៅ​ក្នុង​តំបន់​នេះ ។

លោក​បាន​មាន​ប្រសាសន៍​ថា “​សាច់​ឆ្កែ ត្រូវ​បាន​គេ​ពេញ​និយម​ច្រើន បន្ទាប់​ពី​ការ​មក​ដល់​របស់​ជនបរទេស ជា​ពិសេស​ក្នុង​ចំណោម​ជនជាតិ​កូរ៉េ​ខាងត្បូង តែម្តង ។

លោក​វេជ្ជបណ្ឌិត ខា​ធើ​រី​ន ប៉ូ​ឡាក់ ប្រធាន​ផ្នែក​សប្បុរសធម៌​នៅ​អាស៊ី​អាគ្នេយ៍ បាន​មាន​ប្រសាសន៍​ថា “​យើង​សង្ឃឹមថា ក្រុង​សៀមរាប នឹង​ធ្វើ​ជា​គំរូ​សម្រាប់​ប្រទេស​ដទៃ​ទៀត ដើម្បី​ការពារ​ជីវិត​សត្វ​ឆ្កែ​រាប់​លាន​ក្បាល​” ។

យោង​តាម​សារព័ត៌មាន Humane Society International (HSI) សត្វ​ឆ្កែ​ចំនួន​៣០​លាន​ក្បាល ត្រូវ​បាន​សម្លាប់​សម្រាប់​សាច់ នៅ​ទូ​ទាំង​ទ្វីបអាស៊ី ជា​រៀង​រាល់​ឆ្នាំ ។

នៅ​ក្នុង​ខែមេសា ទីក្រុង​សិន​ជិន Shenzhen បាន​ក្លាយជា​ទីក្រុង​ដំបូង​គេ នៅ​ប្រទេស​ចិន ដែល​ហាមឃាត់​ការ​បរិភោគ​សត្វ​ឆ្មា និង​សត្វ​ឆ្កែ ខណៈ​ដែល​រដ្ឋ Nagaland ភាគ​ឥ​សាន្ត​ប្រទេស​ឥណ្ឌា បាន​ហាមឃាត់​ការ​នាំ​ចូល និង​ការ​លក់​សាច់​ឆ្កែ កាលពី​ដើមខែ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ