ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​បញ្ជូន​សារ​ពីរ​លក​ទី​ពីរ​នៃ​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​យល់​ដឹង​ទាំងអស់​គ្នា ក្រសួងសុខាភិបាល​បញ្ជូន​សារ​ពីរ​លក​ទី​២ នៃ​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា ។ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​យល់​ដឹង​ទាំងអស់​គ្នា ក្រសួងសុខាភិបាល​បញ្ជូន​សារ​ពីរ​លក​ទី​២ នៃ​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ពិភាក្សា និង​បាន​ពិនិត្យ​លើ​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុ​ជានា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ​របស់​ខ្លួន មិន​មានការ​ចម្លង​នៅ​ក្នុង​សហគមន៍ និង​សូម​ពន្យល់​ជូន​សាធារណជន​ទាំងអស់​នូវ​ចំណុច​សំខាន់​ៗ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប្រទេស​កម្ពុជា មាន​ដូច​តទៅ ៖

១. ស្ថានភាព​ទូទៅ​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​៖ តាម​ទស្សនៈ​សុខភាព​សាធារណៈ​“​រលក​ទី​មួយ​” សំដៅ​ទៅ​លើ​ខ្សែកោង​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង ដែល​ករណី​កើនឡើង​ដោយសារ​តែ​មានការ​ចម្លងជំងឺ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ហើយ​បន្ទាប់​មក​ក៏​ធ្លាក់​ចុះ​រហូត​ដល់​ជិត​ដល់​សូន្យ ដោយសារ​តែ​ការ​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ​។

នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​វិធានការ​បាន​ទាន់​ពេលវេលា រួម​ជាមួយនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រៀបចំ និង​ការ​ឆ្លើយ​តប​រហ័ស​របស់​យើង​ទាំងអស់​គ្នា ព្រមទាំង​មានការ​ចូលរួម​ប្រតិបត្តិ​នូវ​វិធានការ​ដែល​បាន​ដាក់​ចេញ ប្រទេស​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល ហើយ​យើង​មិន​មានការ​ចម្លង​វីរុស​កូ​វិ​ឌ​-១៩ ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​នោះ​ទេ​មក​ដល់​ពេល​នេះ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​« ប្រទេស​កម្ពុជា មិន​មានការ​កើន​ឡើងជា​ស្វ័​យ​គុណ​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ដែល​បង្ក​បានជា​រលក ដូចដែល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​សាកលលោក ។ ផ្ទុយ​ទៅ​វិញ យើង​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​ដោយ​មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ដែល ភាគច្រើន​នៃ​ករណី​ទាំងនោះ ជា​ករណី​នាំ​ចូល​»​។

លោក​បន្ថែម​ថា ជំងឺ​កូ​វី​ដ​-១៩ គឺជា​ភ្លើង​ដ៏​សាហាវ​មួយ ហើយ​យើង​ត្រូវ​តែ​បង្ការ​ការ​រាលដាល ។ បច្ចុប្បន្ន​នៅ​ទូ​ទាំង​សលក​លោក មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ឡើង​ដល់​ជាង​១១​លាន​ករណី និង​អ្នក​ស្លាប់​កើនឡើង​ដល់​ជាង​កន្លះ​លាន​នាក់​ហើយ ដែល​ត្រូវ​បាន​រាយការណ៍​ទៅ​អង្គការ​សុខភាព​ពិភពលោក គិត​ត្រឹម​ថ្ងៃនេះ​។

វីរុស​នេះ កំពុង​រាលដាល​ដូច​ភ្លើង​ឆេះ​ព្រៃ​នៅ​ជុំវិញ​ពិភពលោក ដូច្នេះ​ប្រទេស​កម្ពុជា នៅ​តែ​ប្រឈម​នឹង​ហានិភ័យ​ដរាបណា​វីរុស​នេះ​នៅ​កំពុង​តែ​រាលដាល​ពាសពេញ​ពិភពលោក ។

លោក​គូសបញ្ជាក់​ថា​«​យើង​ត្រូវ​គិត​អំពី​ករណី​នីមួយ​ៗ​ដូច​ជា ផ្កាភ្លើង ដែល​អាច​ចាប់ផ្តើម​ឆេះ ឬ​យើង​អាច​ពន្លត់​វា​បាន​មុន​ពេល​ដែល​វា​មានឱកាស​រីក​រាលដាល ។ នេះ​ជា​មូលហេតុ​ដែល​ការ​ធ្វើតេស្ត​យ៉ាង​តឹង​រឹង​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ព្រំដែន នៅ​ពេល​ដែល​ប្រជាជន​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ប្រទេស ។​វិធាន​ការណ៍​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ គឺជា​កិច្ចការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នូវ​ចំនួន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

«​យើង​ទាំងអស់​គ្នា​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយនៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​ងាយ​នឹង​ឆ្លង​វីរុស​នេះ បែប​ដូច​ជា​ផ្កាភ្លើង​តែ​មួយ​ប៉ុណ្ណោះ វា​អាច​ធ្វើ​ឱ្យ​ឆាបឆេះ​បាន និង​រាលដាល​ទៀត​ផង ។ ប៉ុន្តែ​ប្រសិនបើ​យើង​ទាំងអស់​គ្នា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចៀសវាង​ការ​ជួបជុំ​កកកុញ ចៀសវាង​ការ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ និង​លំហ​ចង្អៀត ដែល​យើង​ត្រូវ​តែ​កាត់​បន្ថយ​នូវ​ហានិភ័យ ក្នុង​ការ​ចម្លងជំងឺ​ពី​មនុស្ស​ម្នាក់​ទៅ​អ្នក​ដទៃ​ផ្សេង​ទៀត ។ ប្រសិនបើ​យើង​លាងដៃ​ឱ្យ​បាន​ទៀងទាត់ ហើយ​យើង​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ ព្រមទាំង​រក្សា​បាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល គឺ យើង​អាច​ការពារ​ការ​ចម្លង និង​កាត់​បន្ថយ​នូវ​ឱកាស​នៃ​ការ​រីក​រាលដាល ក្នុង​ករណី​មាន​ផ្កាភ្លើង​កើតឡើង​។

នេះ​បើ​តាម​ការ​គូសបញ្ជាក់​បន្ថែម​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដើម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដ​លើ​ពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​ធ្វើការ​ដោយ​មាន​សាមគ្គីភាព​។

ប្រទេស​កម្ពុជា​មិន​អាច​កាត់​ផ្តាច់​ខ្លួនឯង​ទាំងស្រុង​ពី​ពិភពលោក​បាន​ទេ ហើយ​រិ​ត​តែ​មាន​សារៈសំខាន់​ណាស់ ដែល​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​តែ​គិតគូរ​រក្សា​ឲ្យ​នៅ​រឹង​មាំ​។ នៅ​ពេល​នេះ ជំងឺ​កូ​វី​ដ​-១៩ គឺជា​ការ​រំលឹក​មួយ​ថា សុខភាព​ជា​សមូហភាព​របស់​យើង គឺ​ផ្អែក​លើ​សកម្មភាព​របស់​បុគ្គល​ម្នាក់​ៗ ។

លោក​ថា​៖​យើង​ដឹង​ថា ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​នេះ​មាន​ទំហំ​ធំ​ណាស់​សម្រាប់​គ្រួសារ សង្គម​ជាតិ និង​សេដ្ឋកិច្ច ហើយ​ប្រជាជន​មានការ​ថប់​បារម្ភ និង​មាន​អារម្មណ៍​អស់កម្លាំង​។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ ភាព​ពេញចិត្ត​ឬ​តម្រូវ​ចិត្ត​បុគ្គល​ឲ្យ​បាន​គ្រប់​ៗ​គ្នា​នោះ ជា​ការ​លំបាក​ណាស់ ដរាបណា​វីរុស​នេះ នៅ​តែ​បន្ត​រីក​រាលដាល​នៅ​កន្លែង​ណាមួយ ដែល​គ្មាន​ប្រទេស​ណាមួយ និង​គ្មាន​នរណា​ម្នាក់​មាន​សុវត្ថិភាព​នោះ​ឡើយ ប្រសិនបើ​យើង​មិន​រួម​គ្នា​អនុវត្តន៍​វិធានការ​ការពារ​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​បន្ថែម​លើ​វិធានការ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល បុគ្គល​ម្នាក់​ៗ សហគមន៍ និង​ធុរកិច្ច​ទាំងអស់​ត្រូវ​បន្ត​ធ្វើការ​ជ្រើសរើស​ជម្រើស​ដែល​មាន​សុខភាព​ល្អ និង​ចាត់វិធានការ​ការពារ – រួម​មានការ​អនុវត្ត​អនាម័យ​ដៃ និង​អនាម័យ​ផ្លូវដង្ហើម​ស្អាត​ល្អ ស្ថិត​នៅ​យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពី​អ្នក​ដទៃ និង​ស្នាក់​នៅផ្ទះ​ប្រសិនបើ​មាន​រោគ​សញ្ញា​សង្ស័យ​ជា​ចាំបាច់​។
យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ចំណែក​ទាំងអស់​គ្នា ដើម្បី​ធានា​ឱ្យ​បាន​ថា​ករណី​និ​មួយ​ៗ​មិន​ក្លាយជា​អណ្តាតភ្លើង​ហើយ​មិន​វិ​វត្ត​ទៅ​ជា​ភ្លើង​នា​ពេល​បន្ទាប់​។ ប្រសិនបើ​យើង​ធ្វើ​សកម្មភាព​ដោយ​មាន​សាមគ្គីភាព យើង​អាច​ការពារ​ប្រទេស​កម្ពុជា ពី​ការ​ចម្លងជំងឺ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ដូចដែល​យើង​ធ្លាប់​បានឃើញ​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​សាកលលោក​។ រួ

ម​គ្នា​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ គឺជា​កាតព្វកិច្ច​របស់​បុគ្គល​គ្រប់​រូប ដើម្បី​សហគមន៍​គ្មាន​ការ​រាតត្បាត​ជំងឺ​ដ៏​កាច​សាហាវ​នេះ ពិសេស​កុំ​ឲ្យ​កើត​មាន​រលក​ទី​២​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ