ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជា​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ពង្រីក​ទីផ្សារ​ផលិតផល​កម្ពុជា​ឲ្យ​កាន់តែ​ទូលាយ​ក៏​ដូច​ជា ឱកាស​បង្កើន​ការ​វិនិយោគ​ពី​ក្រៅប្រទេស​កាន់តែ​ច្រើន កម្ពុជា​បាន​នឹង​កំពុង​ជម្រុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (Free Trade Agreement—FTA) ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន រួម​ទាំង​មហាមិត្ត​ដែកថែប​ចិន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ពង្រីក​ទីផ្សារ​ផលិតផល​កម្ពុជា​ឲ្យ​កាន់តែ​ទូលាយ​ក៏​ដូច​ជា ឱកាស​បង្កើន​ការ​វិនិយោគ​ពី​ក្រៅប្រទេស​កាន់តែ​ច្រើន កម្ពុជា​បាន​នឹង​កំពុង​ជម្រុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (Free Trade Agreement—FTA) ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន រួម​ទាំង​មហាមិត្ត​ដែកថែប​ចិន កូរ៉េ​ខាងត្បូង និង​សហព័ន្ធ​រុ​ស្ស៊ី​ជាដើម ។

ជាក់ស្តែង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ជួប​ប្រជុំ​ទ្វេភាគី តាម​ប្រព័ន្ធ​វី​ដេ​អូ (Video Conference) ជាមួយ​លោក​ជំទាវ យូ ម្យូ​ង​ហ៊ី (YOO Myung-Hee) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ ដើម្បី​ប្រកាស​ការ​ចាប់ផ្តើម​ការ​ចរចា​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ កាលពី​ថ្ងៃ​ទី​៩​កក្កដា​នេះ ។

ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​ក្លាយជា​ផ្នែក​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ បង្កើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ផ្តល់​ផលប្រយោជន៍ ដល់​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នៃ​ប្រទេស​ទាំង​ពីរ ។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​កូរ៉េ​ក្នុង​ឆ្នាំ​២០១៩ មាន​ប្រមាណ ១.០៣២ លាន​ដុល្លារ មានការ​កើនឡើង ២៥៤% ធៀប​នឹង​ឆ្នាំ​២០០៩ ដែល​មាន​ប្រមាណ ២៩១ លាន​ដុល្លារ ។ ដំណើរ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​នា​ពេល​នេះ​កើតឡើង​ស្រប​ពេល​ដែល​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​ចិន​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ហើយ​កម្ពុជា​គ្រោង​ចរចា​បង្កើត​កិច្ច​ព្រៀម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេង​ទៀត មាន ឥណ្ឌា អង់គ្លេស អា​មេ​រិ​ក ជប៉ុន ម៉ុង​ហ្គោ​លី និង អា​មេ​នី បេឡា​រុស កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន សហព័ន្ធ​រុ​ស្ស៊ី ដែល​ប្រទេស​ទាំង​អស់នេះ ស្ថិត​នៅ​ក្នុង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ា​ន (EAEU)​។

លោក វ​ង្ស៊ី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា សម្តេច​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទៅ​ចូលរួម​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​នៅ​ពាក់​កណ្តា​សីហា​ខាង​មុខ​នេះ ។

កិច្ច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺជា​យន្តការ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មួយ​ជាមួយនឹង​ប្រទេស​មួយទៀត ដើម្បី​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​នូវ​ទំនិញ ពាណិជ្ជកម្ម សេវា ដោយ​សេរី មិន​មានការ​រារាំង​ដោយ​របាំង​ពន្ធ និង​កាតព្វកិច្ច​ផ្សេង​ៗ ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺ​សំដៅ​ដល់​ការ​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា និង​គ្នា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​ផង​គ្នា ។ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ជាក់​ថា កម្ពុជា​កំពុង​ប្រែក្លាយ​ឱកាស​វិបត្តិ​កូ​វី​ដ​១៩ ទៅ​ជា​ឱកាស ដើម្បី​ពង្រឹង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ខ្លួន​ដូច​ជា ការ​បង្កើត​ឲ្យ​មាន​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តាល​ប្រទេស​នានា​សំដៅ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ