ខេត្តប៉ៃលិន ៖ អាជ្ញាធរស្រុកសាលាក្រៅកាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ បានដឹកនាំកម្លាំងសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅដាក់កំហិតនិងឱសានវាទយ៉ាងម៉ឺងម៉ាត់ ឱ្យប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវជាតិលេខ៥៧ ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ត្រូវរុះរើផ្ទះដោយខ្លួនឯងចេញទាំងអស់ ទោះសាងសង់រយ:ពេលយូរប៉ុនណាក៏ដោយ និងគ្មានលក្ខខណ្ឌ
អ្វីទាំងអស់ បើមិនព្រមរុះរើទេនឹងចាត់វិធានការតាមផ្លូវច្បាប់ ។

ការដាក់កំហិតនិងឱសានវាទនេះ ធ្វើឱ្យពួកគាត់មានការភ័យព្រួយនិងខ្វល់ខ្វាយយ៉ាងខ្លាំង ពីសុវត្ថិភាពទីជម្រក ហើយកាលព្រឹកថ្ងៃទី៨ ខែកក្កដា ពួកគាត់ចំនួន១៣គ្រួសារបាននាំគ្នាលើកដៃសំពះអង្វរឱ្យថ្នាក់លើ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ផង ។
ពលរដ្ឋ ឈ្មោះ លឹម ស៊ុយ ភេទប្រុស អាយុ៥៦ឆ្នាំ ឈ្មោះ ទុយ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ ឈ្មោះ នេត មុំ ភេទស្រី អាយុ៥១ឆ្នាំ និងប្រជាពលរដ្ឋផ្សេងៗទៀតជិត២០នាក់សុទ្ធតែនិយាយដូចៗគ្នាថា ពួកគាត់មកពីតាមបណ្តាខេត្តនានា បានចូលមកទិញដីរស់នៅក្នុងភូមិ ឃុំ ខាងលើអស់រយៈពេល២០ឆ្នាំមកហើយ ។ ដីដែលបានទិញគេនោះ គឺមានការចុះហត្ថលេខាពីលោកមេភូមិទឹកចេញ និងមេឃុំស្ទឹងកាច់ ដែលកាលពីមុនផ្លូវនៅផ្នែកខាងក្រោយកន្ទុយដីរបស់ពួកគាត់មានជាប់អូរថែមទៀត ពោលគឺមានតែអូរនិងផ្លូវប៉ុណ្ណោះ ។ លុះក្រោយមក គេឈូសឆាយធ្វើផ្លូវនៅផ្នែកខាងមុខជាប់នឹងក្បាលដីរបស់ពួកគាត់ទៅវិញ ដែលជាហេតុបណ្តាលឱ្យកើតមានបញ្ហា រហូតមកដល់បច្ចុប្បន្ន ព្រោះជាប់នឹងចំណីផ្លូវ ។

ប្រភពដដែលនិយាយទៀតថា បន្ទាប់ពីទទួលដំណឹងថា ខាងអាជ្ញាធរខេត្ត ស្រុក បណ្តេញពួកគាត់ឲ្យរុះរើផ្ទះសម្បែងរបស់ខ្លួនចេញទាំងគ្មានការដោះស្រាយគោលនយោបាយបែបនេះ ពិតជាធ្វើឱ្យមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព ជីវភាព ហើយពួកគាត់សុំឱ្យថ្នាក់លើ ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ផងដែរ ។
លើសពីនេះទៀត បើអស់ផ្ទះនិងដីដែលធ្លាប់ស់នៅសព្វថ្ងៃ គឺពួកគាត់មិនដឹងជាសង្ឃឹមអ្វីទៀតទេ ព្រោះសូម្បីតែដីស្រែចម្ការក៏គ្មាននឹងគេដែរ ដោយរាល់ថ្ងៃពួកគាត់ម្នាក់ៗស៊ីឈ្នួលធ្វើជាកម្មករដាំពោត និងដកដំឡូងមីដើម្បីចិញ្ចឹមក្រពះ រស់មួយថ្ងៃសម្រាប់មួយថ្ងៃតែប៉ុណ្ណោះ ។

ការរស់នៅរាល់ថ្ងៃគ្មានក្តីសុខនោះទេ ដោយពេលផ្ទះសម្បែងរបស់ខ្លួនលេចធ្លុះធ្លាយ ក៏គេហាមប្រាមមិនឱ្យជួសជុលឬសាងសង់ថ្មីនោះឡើយ ថែមទាំងគំរាមកំហែងទៀតផង ។ ចំណែកអ្នកមានលុយម្នាក់ឈ្មោះ សា ចំរើន ហៅអឿង ដែលទិញដីនៅជាប់នឹងកន្ទុយដីរបស់ពួកគាត់ តែងតែរំលោភបំពាន ដោយចាក់ដីលុបទៅលើដីផ្ទះរបស់ពួកគាត់ បណ្តាលឱ្យបែកពាង បាក់ជញ្ជាំងផ្ទះផងដែរ លុះប្តឹងឱ្យអាជ្ញាធរមូលដ្ឋានឲ្យជួយអន្តរាគមន៍ បែរជាគ្មានដំណោះស្រាយ ហើយថែមទាំងនាំគ្នាធ្វើយ៉ាងណាដើម្បីឱ្យពួកគាត់ចាកចេញពីដីរបស់ខ្លួនប៉ុណ្ណោះ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ឃួន បេប មេភូមិទឹកចេញ និយាយថា ខាងលោកធ្លាប់បាន
ណែនាំឈប់ឱ្យរស់នៅលើដីខាងលើ ហើយក៏បានឱ្យថ្លៃសំណងទៅអ្នកដែលធ្លាប់រស់នៅកាលពីជាង១០ឆ្នាំមុនដែរព្រោះជាដីចំណីផ្លូវ ។ ប៉ុន្តែក្រោយមក គេលក់ឱ្យទៅអ្នកមករស់នៅថ្មីៗសាងសង់ផ្ទះស្នាក់នៅ លុះពេលនេះអាជ្ញាធរត្រូវការដីចំណីផ្លូវវិញ ខាងលោកក៏អត់ដឹងរឿងអ្វីដែរ មានតែធ្វើតាមការណែនាំដោយឱ្យពួកគាត់រុះរើចេញតែប៉ុណ្ណោះ ។

ភ្នាក់ងារយើង បានធ្វើការទាក់ទងទៅលោកសា ចំរើន ហៅអឿង តាមរយ:ទូរស័ព្ទដែរ បន្ទាប់ពីមានការលើកឡើងរបស់ប្រជាពលរដ្ឋ តែទូរស័ព្ទចូលហើយគ្មានអ្នកលើកទទួល ។ ចំណែកលោក ទិត្យ ធី អភិបាលរងស្រុកសាលាក្រៅ បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តត្រូវការដីចំណីផ្លូវនោះមកអភិវឌ្ឍ គឺតម្រូវឱ្យពួកគាត់រុះរើផ្ទះរបស់ខ្លួនចេញ ក្នុងរយ:ពេល៧ថ្ងៃដោយស្ម័គ្រចិត្ត ។
លោកអភិបាលរងស្រុកព្រមានថា បើមិនធ្វើតាមការណែនាំទេ ខាងលោកនឹងឱ្យក្រុមការងារយកគ្រឿងចក្រទៅរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិរបស់ពួកគាត់ឡើយ ព្រោះខាងលោកក៏ទទួលបញ្ជាពីថ្នាក់ខេត្តមកដែរ ។

លោកបន្តទៀតថា ការធ្វើបែបនេះគឺតាមបទបញ្ជារបស់អភិបាលខេត្ត ដោយគ្មានការដោះស្រាយគោលនយោបាយណាមួយជូនពួកគាត់នោះទេ ព្រោះពួកគាត់រស់នៅលើដីចំណីផ្លូវ ហើយថែមទាំងបិទប្រឡាយបង្ហូរទឹករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បណ្តាលឱ្យស្ទះទឹកហូរថែមទៀត ៕ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ