ខេត្តព្រះសីហនុ៖ លេចឮថាមានកុមារនិងមនុស្សចាស់មួយចំនួន បានកើតជំងឺកញ្ជ្រឹលឬស្អូច និងមួយទៀតហៅតៗគ្នាថា ជំងឺគ្រុនឈីស ស្ថិតនៅក្នុងស្រុកព្រៃនប់។

លោកស្រីលឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ នៅថ្ងៃទី៩ កក្កដា ថា ករណីនេះមានមែន ប៉ុន្តែមិនមែនជាករណីផ្ទុះជំងឺកញ្ជ្រឹល ឬស្អូចក្នុងសហគមន៍ទេ ហើយរាល់សេចក្តីរាយការណ៍ថា ជាការផ្ទុះជំងឺកញ្ជ្រឹល ឬស្អូចក្នុងសហគមន៍ ក្នុងនាមមន្ទីរសុខាភិបាលខេត្ត លោកស្រីសូមបដិសេធ។
បើតាមលោកស្រីប្រធានមន្ទីរបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តព្រះសីហនុគិតត្រឹមថ្ងៃ៩ កក្កដានេះ មានអ្នកកំពុងកើតជំងឺកញ្ជ្រឹលឬស្អូចទាំងមនុស្សចាស់និងកូនក្មេងប្រមាណជិត២០នាក់ ចំណែកអ្នកកើតជំងឺនេះមួយចំនួនបានជាសះស្បើយវិញហើយ។

សេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានថ្លែងថា ករណីក្មេងៗនិងមនុស្សចាស់កើតជំងឺកញ្ជ្រឹលនិងជំងឺស្អូចនេះ មានកំដៅឡើងខ្ពស់រហូតដល៤០អង្សារ ដែលពលរដ្ឋភាគច្រើនមិនបានទៅមន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យព្យាបាលទេ គឺរក្សាទុកអ្នកជំងឺនៅក្នុងផ្ទះ ប្រើការព្យាបាលតាមបែបបូរាណ ។
ករណីព្យាបាលបែបបូរាណនេះ លោកស្រីលឹម សាមាន ពន្យល់ថា ជាប្រការមិនល្អមួយរយភាគរយនោះទេ ក្នុងនោះ លោកស្រីប្រធានមន្ទីរសុខាភិបាលបញ្ជាក់ថា ពលរដ្ឋគប្បីនាំអ្នកជំងឺទៅមណ្ឌល សុខភាពឬមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទទួលបានការព្យាបាលពីគ្រូពេទ្យជំនាញ។

សូមបញ្ជាក់ថា នៅរដូវភ្លៀងធ្លាក់នេះក្រោយទទួលបានរបាយការណ៍ពីបញ្ហាជំងឺកញ្ជ្រឹលឬស្អូចនៅតាមមូលដ្ឋានមួយចំនួនក្នុងខេត្ត មន្ត្រីជំនាញផ្នែកជំងឺឆ្លងក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យដោយផ្ទាល់នៅតាមភូមិ ឃុំនិងមណ្ឌលសុខភាព ជាមួយនិងការវាយតម្លៃថា នេះមិនមែនជាករណីផ្ទុះជំងឺក្នុងសហគមន៍ឡើយ បញ្ហានៅត្រង់ថា ពលរដ្ឋភាគច្រើនមិនបាននាំអ្នកជំងឺទៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដោយរក្សាទុកអ្នកជំងឺនៅក្នុងផ្ទះ ទើបមិនមានតួលេខអ្នកជំងឺច្បាស់លាស់ កើតទៅជាពាក្យថា ជាករណីផ្ទុះជំងឺកញ្ជ្រឹលឬស្អូចក្នុងមូលដ្ឋាន៕


ចែករំលែកព័តមាននេះ