រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការល្អជាមួយនឹងស្ថាប័នរបស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ សំដៅលុបបំបាត់ទាំងស្រុងជំងឺកូវីដ-១៩ ។

យោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ចេញផ្សាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា បើពិនិត្យជារួមការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ហើយសង្គមជាតិទាំងមូលនៅតែបន្តតស៊ូប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩នេះ ។

ក្នុងសារលិខិតសម្ដេចតេជោ បានបញ្ជាក់ថា ៖«ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការល្អជាមួយនឹងស្ថាប័នរបស់អង្គការសហប្រជាជាតិ និង ប្រទេសជារដ្ឋភាគីទាំងអស់ ជាពិសេសអង្គការសុខភាពពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ សំដៅលុបបំបាត់ទាំងស្រុងជំងឺកូវីដ-១៩ និងការពារសុខុមាលភាពរបស់ប្រជាជនកម្ពុជាក៏ដូចជា ប្រជាជនក្នុងពិភពលោក» ។

ជាថ្មីម្ដងទៀតសម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ជាពិសេសមន្ត្រីសុខាភិបាលជួរមុខដែលបានចូលរួមគាំទ្រ និងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

បន្ថែមពីនេះសម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក និងបណ្ដាប្រទេសជាមិត្តទាំងអស់ដែលបានគាំទ្រដល់កម្ពុជាទាំងស្មារតីទាំងសម្ភារៈសុខាភិបាល និងវិធីសាស្ដ្រព្យាបាល និងទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលបានគាំទ្រ ដល់ប្រជាជនកម្ពុជានៅក្នុងស្ថានភាពដ៏លំបាកនេះ ៕
ចែករំលែកព័តមាននេះ