ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ស្រស់​! «​ទឹកធ្លាក់​ស្រែ​អំពិល​» សម្រស់​ពី​ធម្មជាតិ ឯ​ទឹកធ្លាក់​ថ្លា​យង់​​ពី​ជួរ​​ភ្នំ​ឱ​រ៉ា​ល់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទឹកធ្លាក់​ស្រែ​អំពិល គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​កន្លែង ដែល​មាន​ធម្មជាតិ​ស្រស់បំព្រង មាន​ខ្យល់អាកាស​បរិសុទ្ធ នឹង​មានទឹក​ហូរ​ធ្លាក់​យ៉ាង​ថ្លាយង់​ពី​ជួរ​ភ្នំ​ឱ​រ៉ា​ល់​។ រមណីយដ្ឋាន​មួយ​នេះ ស្ថិត​នៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ…

ខេត្តកំពង់ឆ្នាំង ៖ ទឹកធ្លាក់​ស្រែ​អំពិល គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​កន្លែង ដែល​មាន​ធម្មជាតិ​ស្រស់បំព្រង មាន​ខ្យល់អាកាស​បរិសុទ្ធ នឹង​មានទឹក​ហូរ​ធ្លាក់​យ៉ាង​ថ្លាយង់​ពី​ជួរ​ភ្នំ​ឱ​រ៉ា​ល់​។

រមណីយដ្ឋាន​មួយ​នេះ ស្ថិត​នៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ។ បន្ទាប់​ពី​បិទទ្វារ​មួយ​រយៈ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-19 បច្ចុប្បន្ន​រមណីយដ្ឋាន​មួយ​នេះ បាន​បើកទ្វារ​ឲ្យ​ភ្ញៀវ​ជាតិ​ចូល​ទៅ​លេង​កម្សាន្ត​ឡើង​វិញ​ហើយ ដែល​តាម​ការ​អះអាង​របស់​សហគមន៍​ថា នៅ​រាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ គឺ​មាន​ភ្ញៀវ​មក​លេង​កំសាន្ត​ប្រមាណ​១​ពាន់​នាក់ ។

លោក អែម ជា អនុប្រធាន​សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ កាលពី​កូ​វី​ដ​-19 កំពុង​រាតត្បាត​ខ្លាំង រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល​បាន​បិទទ្វារ ដូច​ជា​រមណីយដ្ឋាន​ដទៃ​ទៀត​ដែរ ដោយសារ​តែ​ខ្លាច​ឆ្លង​ជំងឺ​កាច​សាហាវ​មួយ​នេះ​។ ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​តែ​ក្រសួង​ប្រកាស​ឲ្យ​តំបន់​ទេសចរណ៍​ក្នុង​តំបន់​មួយ​ចំនួន​អាច​ដំណើរការ​ដោយ​ភ្ញៀវ​ជាតិ​ទៅ​លេង​កំសាន្ត​នោះ រមណីយដ្ឋាន​នេះ​ក៏​បាន​បើកទ្វារ​ឡើង​វិញ​ជា​ធម្មតា គឺ​ស្រប​ពេល​ដែល​ពេល​នេះ​ជា​ខែវស្សា សម្បូរ​ទឹកធ្លាក់​ពីលើ​កំពួ​ល​ភ្នំ​ផង​ដែរ​។

លោក​បន្ត​ថា បច្ចុប្បន្ន​មាន​ភ្ញៀវ​មក​លេង​កម្សាន្ត​ច្រើន នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ គឺ​មាន​រថយន្ត​ពី​៧០​ទៅ​៨០​គ្រឿង ម៉ូតូ​ជាង​២០០​គ្រឿង និង​មាន​ភ្ញៀវ​ពី​៨០០​ទៅ​ជា​១​ពាន់​នាក់​។ ប៉ុន្តែ​បើ​ខុស​ថ្ងៃ​សៅរ៍ និង​អាទិត្យ ភ្ញៀវ​មាន​ត្រឹម​ជាង​១០​រថយន្ត​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​នេះ រមណីយដ្ឋាន​បាន​ធ្វើ​ខ្យូ​ស​សម្រាប់​ភ្ញៀវ​អង្គុយ​លេង​កំសាន្ត ចំនួន​៣២ និង​កំពុង​ធ្វើ​បន្ត ហើយ​ក៏ មាន​ធ្វើ​ស្ពានឈើ ស្ពាន​ដែក​ឆ្លង​ទឹកធ្លាក់​ទៀត​ផង​។ សម្រាប់​តម្លៃ​សេវាកម្ម​វិញ ខ្យូ​ស​១​ថ្លៃ​ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​តាម​តូច ឬ​ធំ ចំណែក​ខ្យូ​សមាន​ទំហំ​៥​គុណ​៧​ម៉ែត្រ បាន​ចែក​ជា​២ ដោយ​១​កន្លែង​ថ្លៃ​២​ម៉ឺន​រៀល ។

សម្រាប់​ភាស៊ី​វិញ រថយន្ត​១​គ្រឿង​ថ្លៃ​៥​ពាន់​រៀល ចំណែក​ម៉ូតូ​១​គ្រឿង​ថ្លៃ​២​ពាន់​រៀល ចំពោះ​ភ្ញៀវ​មក​លេង​កំសាន្ត​មិន​គិតថ្លៃ​នោះ ទេ ។ ដោយឡែក​ម្ហូបអាហារ​វិញ​មាន​កំណត់ ដូច​ជា​មាន់​១​ក្បាល​ភ្ញៀវ​អាច​កុំម៉ង់​ធ្វើ​ម្ហូប​បាន​២​មុខ គឺ​ថ្លៃ​ពី​៣​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល តាម​តូច ឬ​ធំ ចំណែក​ភេ​ជ្ជៈ​១​កេស​ថ្លៃ​លើស​ទីផ្សារ​៥​ពាន់​រៀល​ប៉ុណ្ណោះ ។

លោក អែម ជា បាន​បញ្ជាក់​ថា សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល បាន​រៀបចំ​បង្កើត​ឡើង​នៅ​ឆ្នាំ​2016 ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​អាជ្ញាធរ​ឃុំ និង​សហគមន៍ បច្ចុប្បន្ន​រមណីយដ្ឋាន​មួយ​នេះ បាន​អភិវឌ្ឍន៍ និង​ប្រែ​ក្លាយទៅជា​រមណីយដ្ឋាន​ថ្នាក់​មួយ​ដែល​ថ្នាក់​ជាតិ​ទទួលស្គាល់​ទៀត​ផង ។
ជា​ចុង​ក្រោយ​ក្រោយ លោក​បាន​សំណូមពរ​ដល់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មក​លេង​កំសាន្ត សូម​មេត្តា​ចូលរួម​ថែរក្សា​អនាម័យ ដោយ​យក​សំរាម​ច្រក​ក្នុង​ថង់ រួច​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ទុក​ឱ្យ​អ្នកមាន​អនាម័យ​យក​ទៅ​ដុត​កម្ទេច​ចោល ។

សូម​បញ្ជាក់​ដែរ​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល គឺជា​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ​ដ៏​ស្រស់បំព្រង មាន​ទឹកធ្លាក់​ថ្លាយង់ មើលឃើញ​បាតដី មាន​ខ្យល់ជំនោ​ត្រជាក់ មាន​ធម្មជាតិ​ព្រៃ​ភ្នំ​ខៀវស្រងាត់ សម្រាប់​ភ្ញៀវ​ទៅ​ទស្សនា​ពិតជា​ជក់ចិត្ត និង​បាន​ទៅ​លេង​ម្តង​ហើយ​ចង់ទៅ​ម្តងទៀត​ជាក់​ជា​ពុំខាន ។ រមណីយដ្ឋាន​មួយ​នេះ​មាន​ចំងាយ​ជាង ៦០​គីឡូម៉ែត្រ ពី​ខាងលិច​ទីរួមខេត្ត​កំពង់ឆ្នាំង​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ