ខេត្តសៀមរាប ៖ គណៈកម្មការអន្តរក្រសួងបានប្រជុំលើសេចក្តីព្រាងស្តីពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ កាលថ្ងៃទី០៨ ខែកក្កដា ដោយបានបង្ហាញលទ្ធផលសំខាន់ៗចំនួន៥ចំណុច ដែលអ្នកវិនិយោគប្រតិបត្តិករទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវតែជ្រាបឱ្យបានច្បាស់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត ។

ចំណុចសំខាន់ទាំង៥ចំណុចនេះរួមមាន ៖ ១- ចំណុចទី១ ៖ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបជា«គោលដៅទេសចរណ៍ប្រកបដោយគុណភាព» ។ ក្នុងន័យនេះផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប បានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ខណៈបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប ។
ផែនការមេនេះបានសិក្សា និងកំណត់នូវយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីបង្កើនភាពទាក់ទាញនៃតំបន់សៀមរាបទាំងមូលក្រោមទស្សនទាន «សៀមរាប ៖ លើសពីការទស្សនាប្រាសាទ» ដោយផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែប ។ ២- ចំណុចទី២ ៖ អង្គប្រជុំឯកភាពថាការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះនឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នក៏ដូចជា អនាគតដែលជាផ្នែកមួយសំខាន់នៃចក្ខុវិស័យកម្ពុជាដែលនឹងត្រូវសម្រេចឲ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាលកម្ពុជា ៖

ទី១ – សៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត និងទី២- ធានាឲ្យបានផលប្រយោជន៍សេដ្ឋកិច្ចសង្គមជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្ត្រអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិគូលេន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ។ ទី៣ – ខេត្តសៀមរាបត្រូវតែធ្វើការផ្លាស់ប្តូរពីគោលដៅទេសចរណ៍ទ្រង់ទ្រាយធំទៅជាគោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានម្តងហើយម្តងទៀត និងភ្ញៀវទេសចរកម្រិតខ្ពស់អាចបង្កើនចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន ។
៣- ចំណុចទី៣៖ អង្គប្រជុំឯកភាពថា ការកំណត់ផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែងក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ត្រូវតែឈរលើបង្គោលចរ ៤ គឺ៖ គោលដៅយុទ្ធសាស្ត្រចំនួន ៧ យុទ្ធសាស្ត្រចំនួន ៤៦ គម្រោងចំនួន ៧២ និងសកម្មភាពអនុវត្តចំនួន ៩៤ ក្នុងនោះគម្រោងវិនិយោគធំៗមានសរុបចំនួន ២០ គម្រោង ។ ៤- ចំណុចទី៤៖ អង្គប្រជុំឯកភាពថា ជម្រើសនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្នសម្រាប់ខេត្តសៀមរាប ក្នុងនោះឆ្ពោះទៅឆ្នាំ២០៣៥ ត្រូវផ្តោតលើអ័ក្សជាយុទ្ធសាស្ត្រចំនួន ៥ ដូចខាងក្រោម៖
១. អ័ក្សយុទ្ធសាស្ត្រទី១ ៖ គោលនយោបាយសំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច-សង្គមកើតចេញពីសកម្មភាពទេសចរណ៍ ៖ ផ្តល់កម្លាំងជំរុញថ្មីដល់ការអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប ដោយគោរព និងលើកកម្ពស់បរិស្ថានស្អាត និងភាពសម្បូរបែបនៃទេសចរណ៍ ដោយត្រូវបង្កើតផលិតផល និងសកម្មភាពទេសចរណ៍ថ្មីៗនៅទូទាំងខេត្តសៀមរាប ។
អ័ក្សយុទ្ធសាស្ត្រដំបូងនេះ ផ្អែកលើការបង្កើតតំបន់អភិវឌ្ឍន៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តសៀមរាបដាក់ចេញគោលនយោបាយសំដៅទាញយកឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលនៃវិស័យទេសចរណ៍លើការអភិវឌ្ឍខេត្តសៀមរាប អមជាមួយនឹងសំណើថ្មីៗទាក់ទងនឹងការរៀបចំផែនការថ្មីៗ ដោយត្រូវគិតគូរបន្ថែមពីហានិភ័យនៃបម្រែបម្រួលអាកាសធាតុ។ ២. អ័ក្សយុទ្ធសាស្ត្រទី២៖ ផ្អែកលើការបង្កើតរបៀងទេសចរណ៍ថ្មីៗប្រកបដោយគុណភាព ភាពទាក់ទាញសម្រាប់ខេត្តសៀមរាបទាំងមូល រួមទាំងការបង្កើត និងអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពសំខាន់ៗក្នុងខេត្តសៀមរាប។
៣. អ័ក្សយុទ្ធសាស្ត្រទី៣៖ ដាក់ចេញគោលនយោបាយសំដៅផ្តល់អត្តសញ្ញាណថ្មីដល់ខេត្តសៀមរាប (វប្បធម៌រួមបញ្ចូលជាមួយធម្មជាតិ) កុំឲ្យគោលដៅដំណើរទស្សនាតែមួយទៅកាន់រមណីយដ្ឋានវប្បធម៌តែមួយមុខ ប៉ុន្តែអាចលើកស្ទួយធនធានទេសចរណ៍ផ្សេងទៀតពិសេសធម្មជាតិ។ អ័ក្សយុទ្ធសាស្ត្រទី៣នេះ គឺការដាក់ចេញផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍ថ្មីៗ សម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប និងការសម្រួលការតភ្ជាប់តាមផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាសមកខេត្តសៀមរាប។
៤. អ័ក្សយុទ្ធសាស្ត្រទី៤៖ ការពង្រឹងគុណភាពទេសចរណ៍អមជាមួយការពង្រឹងអនាម័យបរិស្ថានស្អាត ទីក្រុងស្អាត និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប។ អក្ស័យុទ្ធសាស្ត្រទី៤នេះ បានគិតគូរក្នុងការពង្រឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌអង្គរ ពិសេសការដាក់ចេញយន្តការគ្រប់គ្រងលំហូរភ្ញៀវទេសចរទៅកាន់រមណីយដ្ឋានវប្បធម៌ឱ្យកាន់តែប្រសើរឡើង សំដៅជំរុញឱ្យមានការចូលទស្សនាកាន់តែប្រសើរទាំងបរិមាណ និងគុណភាព។
ដោយផ្អែកលើការកំណត់យុទ្ធសាស្ត្រកំណត់តម្លៃសំបុត្រចូលអង្គរ និងក៏ដូចជាការពង្រឹងគុណភាពក្នុងឧស្សាហកម្មទេសចណ៍ និងការពង្រឹងអនាម័យ ភាពស្អាត និងបៃតង ប្រកបដោយបរិស្ថានល្អ ទីក្រុងស្អាតក្នុងខេត្តសៀមរាប។ ទន្ទឹមនឹងនោះ អ័ក្សយុទ្ធសាស្ត្រទី៤នេះក៏បាន ដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបផងដែរ។ និង ៥. អ័ក្សយុទ្ធសាស្ត្រទី៥៖ ដាក់ចេញយន្តការអភិបាលកិច្ច និងយន្តការស្ថាប័នគាំទ្រអមជាមួយយុទ្ធសសាស្ត្រវិនិយោគ (សាធារណៈ និងឯកជន) ដើម្បីទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ និងអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៃខេត្តសៀមរាប។
អ័ក្សយុទ្ធសាស្ត្រទី៥នេះ ផ្អែកលើការបង្កើតយន្តការសម្របសម្រួល (កម្រិតខ្ពស់) អន្តរស្ថាប័ន និងការបង្កើតឲ្យមានយន្តការ DMO’s នៅតាមតំបន់ទេសចរណ៍អាទិភាពទាំង ៦។ ៥- ចំណុចទី៥ ៖ ឯកសារផែនការមេនេះ នឹងដើរតួនាទីជាផែនទី បង្ហាញផ្លូវមួយដ៏សំខាន់ ក្នុងការឈានទៅដល់សុខដុមនីយកម្ម រវាងការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាព និងសុខមាលភាព របស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប។ ឯកសារនេះនឹងចូលរួមដល់វិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺឆ្លង Covid-19។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងខាងលើ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ