ចាប់ផ្តើមប្រើធម៌ក្តៅហើយ លើ សំណង់ដែលរំលោភឧទ្យានជាតិ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ក្រុមការងារដឹកនាំដោយលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ រួមទាំងមន្ទីរបរិស្ថានខេត្ត អមដោយកម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អាជ្ញាធរដែនដីខេត្ត-ស្រុក នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ បានចុះរុះរើខ្ទម និងដុតកម្ទេចចោល នៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ ចំនួន២ទីតាំង ក្រោយទីតាំងទាំងនេះ មានការនាំគ្នាសាងសង់ផ្ទះ ដីខុសច្បាប់ ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា ទីតាំងទាំង២ដែលត្រូវបោសសម្អាតរួមមាន៖

ទីតាំងទី១-ស្ថិតនៅចំណុចនាគព័ន្ធគឺ ក្រុមការងារបានរុះរើបង្គោលរបងឈើចំនួន៨៣៦បង្គោលដុតចោល កាត់លួសបន្លាចំនួន៣ខ្សែ ស្មើនឹងទម្ងន់៥០០គីឡូក្រាម រុះរើគ្រោងផ្ទះឈើសង់ថ្មីៗចំនួន១ខ្នង រុះរើខ្ទមធ្វើពីឈើប្រក់ស័ង្កសី២ខ្ទម រុះរើខ្ទមធ្វើពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីចំនួន១ខ្ទម ដុតកម្ទេចចោលខ្ទមប្រក់ស្បូវចំនួន៨ខ្ទម រឹបអូសរោង(ខ្យូស)ប្រក់ស្បូវចំនួន៤ រួចបានយកទៅរក្សាទុកនៅស្នាក់ការដែនឧទ្យានជាតិ ក្រុមការងារក៏បានរឹបអូសអំពូលសូឡាចំនួន៦អំពូល ហើយសម្រាប់ទីតាំងដីដែលបានចុះបង្ក្រាបមានទំហំសរុប១២ហិកតា ចែកជា១៤ឡូតិ៍ ។

ទីតាំងទី២-ស្ថិតនៅចំណុចអូរកសេះ មុខផ្លូវចូលមជ្ឈមណ្ឌលព្រះពុទ្ធសាសនា ដោយក្រុមការងារបានវាយកម្ទេចផ្ទះសង់ផ្ទាល់ដី ធ្វើពីថ្មប្រក់សង្កសី១ខ្នង ដែលដីមានទំហំប្រមាណ០,១២ហិកតា ។

លោក សរ សុពុត្រា បានឱ្យដឹងថា «នេះជាការបង្ក្រាបលើសកម្មភាពជនអនាធិបតេយ្យ ដែលរំលោភយកដីរដ្ឋជាកម្មសិទ្ធិ ។ មិនតែប៉ុណ្ណោះអាជ្ញាធរនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីនេះ ដើម្បីរៀបចំចងក្រងសំណុំរឿងតាមនីតិវិធីថែមទៀតផង» ៕














ចែករំលែកព័តមាននេះ