រាជធានីភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានជូនដំណឹងបានជូនដំណឹងមកថា ៖ ភ្លៀងធ្លាក់ជោកជាំដែលបានបន្តអូសបន្លាយចាប់ពីថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់ភាគនិរតី និងតំបន់កណ្តាលនៃប្រទេសជប៉ុនបានជន់លិចទន្លេចំនួន៥៩ ក្នុងខេត្តចំនួន៩ និងការបាក់ដី១២៣កន្លែង ក្នុងខេត្តចំនួន១៨ ។

អាជ្ញាធរមូលដ្ឋានបានប្រកាសឲ្យប្រជាពលរដ្ឋប្រមាណ៨៧ម៉ឺននាក់ ជម្លៀសទៅទីមានសុវត្ថិភាពផងដែរ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាចេញផ្សាយនាព្រឹកថ្ងៃទី០៩ ខែកក្កដានេះ ។

ទឹកជំនន់បានបំផ្លាញ និងជនលិចអាគារជាង៤៧០០ខ្នង នៅខេត្តចំនួន៧ (Kumamoto, Kagoshima, Saga, Fukuoka, Nagasaki, Oita និង Miyazaki) ក្នុងតំបន់ Kyushu និងខេត្តចំនួន២ (Gifu និង Nagano) នៅតំបន់កណ្តាល ។ សាលារៀន និងមហាវិទ្យាល័យចំនួន២.២៤៤ នៅខេត្តចំនួន១៧ ត្រូវបានបិទ ។

គិតត្រឹមម៉ោង០៤ព្រឹក ថ្ងៃទី០៩ ខែកក្កដា នៅតំបន់ Kyushu ចំនួនអ្នកស្លាប់កើនដល់៥៩នាក់ ហើយយ៉ាងហោចណាស់១៦នាក់ផ្សេងទៀតបានបាត់ខ្លួន ។
ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរ ដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់ តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889 ។
សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ និងជៀសផុតពីការឆ្លងវីរុសកូវីដ១៩ ៕
ចែករំលែកព័តមាននេះ