ខេត្តកំពង់ឆ្នាំង ៖ កសិដ្ឋានបៃតង ( គ្រីនហ្វាម ) ជាតំបន់ទេសចរណ៍គួរអោយទាក់ទាញថ្មីមួយនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រពីទីរួមកំពង់ឆ្នាំង ។ កសិដ្ឋានមួយនេះ កំពុងធ្វើការអភិវឌ្ឍន៍កន្លែងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ដូចជាធ្វើការដាំផ្កា ដាំដំណាំច្រើនប្រភេទ ធ្វើទំនប់បង្ហៀរ អាងហែលទឹក ធ្វើខ្យុះឬស្សី និងធ្វើកន្លែងបោះតង់ សម្រាប់ភ្ញៀវទៅលេង និងសម្រាកលំហែកាយផងដែរ ។

មេការកសិដ្ឋានបៃតងខាងលើ លោក មួង សាលៀប បាននិយាយឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា កសិដ្ឋានបៃតងរបស់លោកកំពុងអភិវឌ្ឍន៍កន្លែងរបស់ខ្លួន ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ដោយក្នុងនោះបានរៀបចំសួនឬស្សី ដែលកំពុងធ្វើការដាំដុះផ្កាចំរុះពណ៌លើផ្ទៃដីប្រមាណ៣ហិកតា ។ នៅជាប់សួនឬស្សី ក៏កំពុងកសាងទំនប់បង្ហៀរមួយកន្លែងសំរាប់ភ្ញៀវចុះលេងទឹកកំសាន្ត ដែលទីនោះមានប្រភពទឹកអូរហូរចុះមកពីលើភ្នំឱរ៉ាល់ ។ ក្នុងទឹកអូរធម្មជាតិនេះផងដែរ នឹងរៀបចំដាក់ទូកសំរាប់ភ្ញៀវជិះស្ទូចត្រីលេងកំសាន្ត ។

ដោយឡែក នៅពីមុខសួនឬស្សីចម្ងាយជាង២០០ម៉ែត្រ យើងក៏បានរៀបចំធ្វើកន្លែងបោះតង់លំហែកាយរាប់សិបកន្លែង មានអាងហែលទឹក និងធ្វើខ្យុះឬស្សីរាប់រយកន្លែង សំរាប់ភ្ញៀវមកលេងលំហែកាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិរៀងរាល់ចុងសប្តាហ៍។
មេការកសិដ្ឋានខាងលើ បានឱ្យដឹងទៀតថា៖ ជាមួយគ្នានេះដែរ កសិដ្ឋានកំពុងជីកស្រះទំហំ៣ហិកតា ដើម្បីចិញ្ចឹមបង្កងរាប់ម៉ឺនក្បាល ដាំដំណាំកសិកម្មចំនួន២០ប្រភេទលើផ្ទៃជាងដី៥០០ហិកតា ដែលនឹងមានផ្លែគ្រប់រដូវកាល មានដាំបន្លែធម្មជាតិគ្រប់ប្រភេទ ចិញ្ចឹមមាន់ និងចិញ្ចឹមត្រី សម្រាប់តម្រូវការភ្ញៀវដែលលេងកំសាន្តនៅក្នុងតំបន់ទេសចរណ៍បៃតងថី្មផងដែរ ។

សូមបញ្ជាក់ដែរថា នៅក្នុងតំបន់ទេសចរណ៍ខាងលើ បច្ចុប្បន្នមានភ្ញៀវទៅលេសកំសាន្តជាបណ្តើរៗហើយ គ្រាដែលការរៀបចំនៅមិនទាន់បាន៤០% ផង ដោយភ្ញៀវបានទៅលេងកំសាន្តថតរូបនៅសួនផ្កាឈូករ័ត្ន និងផ្កាចម្រុះពណ៌ ព្រមទាំងអង្គុយលេងកំសាន្តនៅក្រោមម្លប់សួនឬស្សី ដែលមានខ្យុះច្រើនកន្លែងសម្រាប់ភ្ញៀងអង្គុយលេងដោយពុំគិតថ្លៃ ។
នៅទីនោះមានបំរើសេវាកម្មលក់ភេសជ្ជៈ លក់បាយ ម្ហូបអាហារដែលមានតម្លៃសមរម្យ ។ ក្រៅពីថតរូបភាពជាមួយផ្កា ភ្ញៀវអាចថតរូបជាមួយភ្នំ និងទេសភាពស្រស់បំព្រងជាមួយធម្មជាតិ ដែលមានជំនោរបរិសុទ្ធ។ កន្លងមក ក៏ធ្លាប់មានភ្ញៀវទៅបោះតង់សម្រាកលំហែកាយ នៅរៀងរាល់ចុងសប្តាហ៍ផងដែរ នេះបើតាមការបញ្ជាក់ពីមេការរបស់កសិដ្ឋានបៃតង៕ (កែសម្រួលដោយ ៖ បុប្ផា)










                        
			         
				
ចែករំលែកព័តមាននេះ