ខេត្តត្បូងឃ្មុំ ៖ ច្រកព្រំដែននានាដែលនៅជាប់ជាមួយនឹងប្រទេសវៀតណាម នាពេលកន្លងមកត្រូវបានគេរឹតបន្តឹងដើម្បីបង្ការខ្លាចឆ្លងជំងឺកូវីដ-១៩ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ច្រកដូនរ័ត្នស្ថិតក្នុងស្រុកមេមត់ ជារៀងរាល់ថ្ងៃសកម្មភាពចេញជ័រកៅស៊ូស្អុយ មានទាំងរ៉ឺម៉កម៉ូតូនិងរថយន្តតូចធំដឹកចេញតាមច្រកធំតែម្ដងដោយមិនឃើញមានការទប់ស្កាត់នោះទេ ។

ឈ្មួញរកស៊ីទិញជ័រកៅស៊ូម្នាក់បានឲ្យដឹងថាគាត់មានរ៉ឺម៉កម៉ូតូមួយគ្រឿង ដើរប្រមូលទិញជ័រកៅស៊ូស្អុយពីតាមភូមិមួយចំនួនក្នុងស្រុកមេមត់ ដែលអាចដឹកបានពី១តោនទៅ២តោនក្នុងមួយថ្ងៃ ហើយដឹកចេញតាមច្រកដូនរ័ត្ន ដោយចំណាយប្រាក់រត់តាមផ្លូវទាំងខ្មែរនិងវៀតណាមក្នុងមួយជើងអស់១០ម៉ឺនរៀល ។ គាត់និយាយថា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ មួយជើងផាត់ការចំណាយហើយនៅចំណេញបាន៤ម៉ឺនរៀល ប៉ុន្តែជួនពេលខ្លះចូលដើមក៏មាន ។
កាលពីមិនទាន់មានផ្ទុះជំងឺកូវីដ-១៩ ជ័រកៅស៊ូដែលប្រមូលទិញបានពីតាមភូមិនានាក្នុងស្រុកមេមត់ យកទៅលក់នៅប្រទេសវៀតណាមតាមច្រកដូនរ័ត្ន ដោយត្រូវបើកចូលដល់ដីវៀតណាមដើម្បីថ្លឹងនិងទូទាត់ថវិកា រួចទើបត្រឡប់មកវិញ ។ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើង គឺមានការរឹតបន្តឹងដើម្បីចៀសវាងកុំឲ្យឆ្លង ។ រ៉ឺម៉កម៉ូតូរបស់គាត់ពេលបើកចេញពីកម្ពុជាទៅដល់មាត់ច្រកព្រំដែនវៀតណាម ត្រូវបានខាងភាគីវៀតណាមមកទទួលបើកយកទៅថ្លឹងទូទាត់ប្រាក់។

សម្រាប់ជ័រកៅស៊ូ បើសិនជាទៅដល់ពេលល្ងាច មើលជ័រដែលមានទឹកច្រើននោះ វៀតណាមមិនបានថ្លឹងភ្លាមទេ គឺរហូតដល់ព្រឹកឡើងទើបថ្លឹងទូទាត់លុយ ដែលបែបនេះធ្វើឲ្យជ័រកៅស៊ូស្រកបាត់គីឡូទៀតផង ។អ្នកស្រុកមេមត់ដែលមានចម្ការកៅស៊ូជាង១ហិកតា ដាំនៅភូមិដក.ព ឃុំទ្រៀក ស្រុកមេមត់ និយាយថា ២ថ្ងៃទើបចេញទៅប្រមូលទឹកជ័រម្ដងបានប្រហែលជា២ធុងស្ប៉េត្រូទម្ងន់៤៩គីឡូក្រាម លក់បានជាង៧ម៉ឺនរៀល គឺមានតម្លៃថោកដោយមួយគីឡូក្រាមបានតែ១.៥០០រៀល ។
ពួកគាត់ត្អូញថា ជ័រកៅស៊ូមួយផ្នែកបានបាត់ដោយសារតែមានចោរមកលួចយករាល់យប់ទាំងនៅចម្ការរបស់គាត់និងចម្ការអ្នកដទៃ ហើយចោរទាំងនោះក៏មិនដឹងមានប្រភពចេញមកពីណាដែរ ។ ពួកគាត់សំណូមពរដល់សមត្ថកិច្ចមូលដ្ឋាន សូមជួយស្រាវជ្រាវតាមចាប់ចោរ បើលុបបំបាត់ករណីនេះបានទិន្នផលជ័រកៅស៊ូរបស់គាត់នឹងកើនឡើង ហើយលក់បានលុយច្រើនជាងមុន ដើម្បីដោះស្រាយជីវភាពគ្រួសារ ។

ភ្នាក់ងារកោះសន្តិភាព បានទាក់ទងតាមទូរស័ព្ទលេខ ០១១ ៣០១ ៦១៦ ដែលជាលេខរបស់លោក ស្រ៊ុន ណាត ប្រធានច្រកដូនរ័ត្ន នាពេលកន្លងមក ដើម្បីសុំការបំភ្លឺជុំវិញព័ត៌មានខាងលើ តែមកដល់ពេលនេះក្នុងគ្រាដែលទាក់ទងសួរនាំ បែរជាមានអ្នកលើកឆ្លើយថាជាកម្មករទៅវិញ…។
នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីប្រចាំការនៅច្រកដូនរ័ត្ន និយាយថា ចំពោះជ័រកៅស៊ូស្អុយដែលដឹកចេញតាមរ៉ឺម៉កម៉ូតូនិងរថយន្តនោះ ជារបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ប្រសិនណាបើសមត្ថកិច្ចចាប់គាត់នឹងមានប្រតិកម្មកើតឡើង (sic)
ចែករំលែកព័តមាននេះ