រាជធានីភ្នំពេញ៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ០៨ កក្កដានេះបានរម្លឹកដល់ប្រជាពលរដ្ឋខ្មែរដែលទើបធ្វើដំណើរមកពីក្រៅប្រទេសត្រូវតែចូលរួមសហការការពារខ្លួន ដោយមិនត្រូវដើរចេញពីផ្ទះទៅមានទំនាក់ទំនងខាងក្រៅឡើយ ក្រោយពីបានពិនិត្យសុខភាពមានលទ្ធផលអវិជ្ជមានហើយបានអនុញ្ញាត្តិអោយទៅរស់នៅដាច់ដោយឡែកនៅតាមផ្ទះ ចំនួន ១៤ថ្ងៃ មកនោះ ។

សម្តេចតេជោ បានមានប្រសាសន៍ថា «ចំពោះបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរមកពីក្រៅប្រទេស ក្រោយពីបានពិនិត្យសុខភាពមានលទ្ធផលអវិជ្ជមានហើយបានអនុញ្ញាត្តិអោយទៅរស់នៅដាច់ដោយឡែកនៅតាមផ្ទះ ចំនួន ១៤ថ្ងៃ សូមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ហាមដើរចេញមានទំនាក់ទំនងក្រៅផ្ទះ ទោះបីគ្មានមន្ត្រីសុខាភិបាលនៅជាមួយជាប់ក៏ដោយ» ។

ជាមួយគ្នានោះផងដែរ សម្តេចបានបញ្ជាក់ថា ទល់ថ្ងៃនេះ (ទី ៨ កក្កដា) ស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ក្នុងពិភពលោកបានកើនឡើងដល់ 11,500,302 នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ 535,759 នាក់តាមការបញ្ជាក់របស់ WHO។
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តាំផ្ញើថា «សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩។ ត្រូវក្រើនរំលឹកដល់កូនចៅតូចៗនៅក្នុងបន្ទុកអោយចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។ នៅផ្សាររដ្ឋនិងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទសំណាក់សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានចឹលឬអាល់កុល និងម៉ាសសម្រាប់អតិថិជនប្រើប្រាស់ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់» ៕
ចែករំលែកព័តមាននេះ