រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តបែនដឹកដីកង់៦មួយគ្រឿង ត្រូវបានម្ចាស់តុបតែងលម្អខុសទំនង និងខុសលក្ខណៈបច្ចេកទេសដែលច្បាប់ចរាចរណ៍ផ្លូវគោកមិនអនុញ្ញាតឡើយ ដោយម្ចាស់បានបិទបាំងរូបភាពផ្សេងៗដូចជា រូបតុក្កតាជ័ររណេងរណោង និងបំពាក់កញ្ចក់មើលក្រោយយ៉ាងច្រើនស្អេកស្កះតែម្តង។ ជាពិសេសបំផុតនោះ គឺបំពាក់បំពង់ស៊ីម៉ាំងកែច្នៃលាន់សូរប្រែនៗយ៉ាងកងរំពងបង្កការរំខានដល់ និងធុញទ្រាន់ដល់អ្នកស្រុក និងអ្នកដំណើររាល់ថ្ងៃ បន្ទាប់មកក៏ត្រូវកម្លាំងអាជ្ញាធរខណ្ឌកំបូល ចុះស្ទាក់ឃាត់រថយន្តនោះបាន រួចហើយឱ្យកាត់ស៊ីម៉ាំង និងកញ្ចក់មើលក្រោយដែលកែច្នៃនោះចោល ព្រមទាំងអប់រំណែនាំដល់ម្ចាស់ឈប់ឲ្យមានបែបនេះតទៅទៀត។

សេចក្តីរាយការណ៍បន្តថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវលេខ៤២ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ហើយរថយន្តខាងលើនោះ ម៉ាកនីស្សាន់ឌីសែល ពណ៌ស ជាប្រភេទរថយន្តចង្កូតស្ដាំកង់៦ បែនដឹកដី ពាក់ស្លាកលេខចង្កូតស្ដាំ KPS-0682 បើកបរដោយយុវជនវ័យក្មេងម្នាក់អាយុប្រហែល២០ឆ្នាំ សក់ក្រហមកន្ទ្រើង មិនត្រូវបានឱ្យស្គាល់ឈ្មោះឡើយ។

សេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនរូបនេះហាក់ស្រឡាញ់ចូលចិត្តនូវអ្វីដែលខុសប្លែកពីគេឯង ទើបបានជាតុបតែងរថយន្តខុសទំនង រហូតមិនបានដឹងខ្លួនថាខុសច្បាប់ចរាចរណ៍ និងខុសលក្ខណៈបច្ចេកទេសឡើយ ។ សូម្បីតែនៅក្បាំងភក់រថយន្តខាងក្រោយ ក៏មានសរសេរនូវពាក្យប្លែក១ឃ្លាផងដែរថា «បោះបង់ការសិក្សា ស្រវាឡានបែន» ថែមទៀតផង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា តាមការពិនិត្យជាក់ស្ដែង យុវជនរូបនេះបានដោះស៊ីម៉ាំងហ្ស៊ីនរថយន្តចេញ ហើយបានកែច្នៃស៊ីម៉ាំងភ្លោះ៣បំពាក់ជំនួស ដែលពេលបើកបរតាមផ្លូវឆ្លងកាត់ស្រុក-ភូមិពីមួយទៅមួយលាន់ឮសម្លេងប្រែនៗខ្លាំងៗ បង្កការក្ដៅក្រហាយដល់អ្នកភូមិ។
មិនតែប៉ុណ្ណោះនៅក្រោមស៊ីម៉ាំងភ្លោះ៣នោះក៏មានបិទរូបមនុស្សប្រុស និងបិទអក្សរពណ៌ក្រហមធំៗថា «បងធំ» ចំណែកនៅកាប៊ីនរថយន្តទាំងមូលវិញ មានបិទរូបច្រើនចម្រុះគ្មានសល់កន្លែងត្រង់ណាទេ ហើយក៏មានបំពាក់រូបតុកក្កតាជ័ររយីងរយោង និងកែច្នៃបំពាក់ភ្លើងងពណ៌ ជាពិសេសបានបំពាក់កញ្ចក់មើលក្រោយច្រើនយ៉ាងស្អេកស្កះ ដែលម្ខាងៗជិត២០កញ្ចក់ឯណោះ។

ប្រភពដដែលបានបន្តទៀតថា មិនត្រឹមតែតុបតែងខុសទំនង និងខុសលក្ខណៈបច្ចេកទេសប៉ុណ្ណោះទេ រថយន្តនេះបើកលឿន ហើយនៅពេលបើកទៅដល់ក្នុងភូមិនានាវិញ រឹតតែខំជាន់ហ្គាឲ្យកាន់តែឮសម្លេងខ្លាំងថែមទៀតរំខានប្រជាពលរដ្ឋខ្លាំងណាស់។
ដោយសារតែបែបនេះហើយ ទើបលោក ឃឹម ស៊ុនសូដា ដែលជាអភិបាលខណ្ឌកំបូល មានការចូលរួមដោយលោក សេង គន្ធ ដែលជាអភិបាលរងខណ្ឌ បានចុះស្ទាក់ឃាត់រថយន្តនេះធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយបានឃើញជាក់ស្ដែងថា ពិតជាខុសទំនងមែន ទើបកាត់ស៊ីម៉ាំង និងកញ្ចក់មើលក្រោយ ដែលមានការកែច្នៃខុសបទដ្ឋានបច្ចេកទេសនោះចោល ។

មិនតែប៉ុណ្ណោះ ក៏បានឲ្យយុវជនដែលជាម្ចាស់ និងអ្នកបើកបររថយន្តឈរកាន់ស៊ីម៉ាំងភ្លោះនិងកញ្ចក់មើលក្រោយ ដែលកាត់ចេញនោះថតរូបទុក ព្រមទាំងធ្វើការអប់រំឈប់ឲ្យមានតបែបនេះទៅទៀត ហើយក៏ជាការព្រមានទៅដល់រថយន្តដឹកដី ដឹកថ្ម ក្រួសខ្សាច់ដទៃៗទៀត កុំឲ្យយកតម្រាប់តាមយុវជនខាងលើនេះ៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ