រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្តីបន្ទោសខ្លាំងៗ លើអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ និងអាជ្ញាធរខណ្ឌមានជ័យ ដែលបណ្តែតបណ្តោយឲ្យមានការចាក់ដីរំលោភចូលក្នុងប្រឡាយលូប្រាំ នៅមុខស្ថានីយ៍បូមទឹកលូប្រាំ ។
នៅពេលចុះទៅពិនិត្យស្ថានភាពស្ថានីយបូមទឹកលូ៥ ស្ថិតនៅភូមិឫស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ កក្កដា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឃើញសកម្មភាពចាក់ដីផ្នែកខាងក្រោយហៀរលើប្រឡាយប្រហែលជិត១០ម៉ែត្រ ដោយដីនោះមានជម្រៅតែ១២ប៉ុណ្ណោះ ជាហេតុធ្វើឱ្យលោកអភិបាលរាជធានីសម្តែងក្តីមិនពេញចិត្តទៅនឹងទង្វើបែបនេះ ហើយបានស្តីបន្ទោសទៅអភិបាលខណ្ឌ និងចៅសង្កាត់ដែលបណ្តែតបណ្តោយឱ្យគេចាក់ដីរំលោភលើប្រឡាយបែបនេះ ។
លោក ឃួង ស្រេង អះអាងថា «នេះមិនមែនគេយកដីដាក់ក្នុងហោប៉ៅ មកចាក់ចូលប្រឡាយបានទេ គឺដឹកឡានមកចាក់ ហេតុអ្វីអាជ្ញាធរមើលមិនឃើញ ? ទុកឱ្យគេចាក់លុបប្រឡាយរបស់រដ្ឋបានបែបនេះ ? រឿងអីក៏មើលមិនឃើញ ?»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាទៅអាជ្ញាធរខណ្ឌមានជ័យ ត្រូវមានវិធានការឱ្យបានធ្ងន់ធ្ងរ ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ ត្រូវតែកាយដីចេញវិញជាប្រញាប់ ។ លោកបញ្ជាក់ថា «កម្មសិទ្ធិគាត់ត្រឹមណា ទុកត្រឹមហ្នឹងទៅ ទុករយៈពេលមួយសប្តាហ៍ បើគេមិនកាយទេ រៀបចំឯកសារដាក់បណ្តឹងទៅតុលាការ» ។ បើចៅសង្កាត់ និងខណ្ឌមិនប្តឹងទៅតុលាការ លោកនឹងប្តឹងអាជ្ញាធរវិញ !
សូមស្តាប់ប្រសាសន៏ទាំងស្រុង មានវីដេអូ ដូចខាងក្រោមនេះ ៖




ចែករំលែកព័តមាននេះ