ខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ៖ ឧទ្យានជាតិវីរៈជ័យ គឺជាតំបន់មានសក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ឧទ្យានជាតិវីរៈជ័យ មានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា ។

ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្ត ។ ជាងនេះទៅទៀតលោកអ្នកដែលនិយមចូលចិត្តការដើរកម្សាន្តតាមតំបន់ព្រៃភ្នំ គយគន់ទេសភាពបរិសុទ្ធនោះថែមទាំងមានឱកាសស្វែងយល់ពីវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅនៅតំបន់នោះផងដែរ ។

យោងតាមមន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដានេះថា រដូវនេះធម្មជាតិមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកទេសចរ ដែលចង់មកទស្សនានៅឧទ្យានជាតិវីរៈជ័យ ។

លោក ថុន ស៊ូខុន អនុប្រធានការិយាល័ឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនៈគីរី បានឱ្យដឹងថា ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខ ក្នុងនោះគេតែងជួបឃើញមានដូចជា សត្វស្វាកន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជា ដើម។
គួរបញ្ជាក់ផងដែរថា មន្ត្រីឧទ្យានុរក្ស កំពុងសហការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។

នៅក្នុងតំបន់ការពារធម្មជាតិនេះ សហគមន៍ជនជាតិដើមភាគតិចប្រូវ គឺជាម្ចាស់ស្រុកកំពុងរស់នៅយ៉ាងសុខសាន្ត ហើយរៀបចំចាំធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ តាមរយៈសេវានៃការស្នាក់នៅប្រកបដោយផាសុខភាពបែបជនជាតិដើមភាគតិច និងស្វែងយល់ពីវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ។ ពិសេសនោះការធ្វើដំណើរកម្សាន្តជាមួយធម្មជាតិនៃឧទ្យានជាតិវីរៈជ័យ៕
ចែករំលែកព័តមាននេះ