សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានចេញសារអបអរសាទរខួប១២ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២០) ។

ក្នុងសារអបអរសាទរ សម្តេចតេជោបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយពីឈ្នះក្តីលើប្រទេសថៃនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។
សូមបញ្ជាក់ថា ប្រាសាព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ស្ថិតនៅលើភ្នំដងរែក មានកម្ពស់៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងក្រុងព្រះវិហារ និងប្រមាណ២៣០គីឡូម៉ែត្រ ភាគឦសាននៃក្រុងសៀមរាប និងប្រមាណ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ ។

ប្រាសាទនេះ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា ។ សូមរំឭកថា ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ញើលិខិតទៅអង្គការយូណេស្កូ កាលពីឆ្នាំ២០០១ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការដាក់ប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាពនៃគោលនយោបាយការបរទេសរបស់កម្ពុជា ។មួយឆ្នាំក្រោយមក អង្គការយូណេស្កូ បាន
ឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយរៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។ នៅឆ្នាំ២០០៦ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើរបស់កម្ពុជា ហើយបានបញ្ជូនក្រុមការងារជំនាញមកឃើញស្ថានភាពប្រាសាទក្នុងឆ្នាំ២០០៧ ។

ការដែលអង្គការយូណេស្កូសម្រេចដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ។
ជោគជ័យជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវក្តីអំណរសាទរ និងក្តីរំភើបរីករាយឥតឧបមា ហើយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង បាននាំគ្នាស្រែកជយឃោស ដុតទៀន ទូងស្គរ និងប្រគំតន្ត្រីជាដើម ។ទម្រាំនឹងបានដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខ បានប្រឹងប្រែងតស៊ូមតិជាខ្លាំង ដ្បិតថា ការស្នើដាក់ព្រះសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានការរារាំងពីភាគីថៃ ដែលមានមហិច្ឆតាចង់លេបយកប្រាសាទព្រះវិហារ ដែលគេធ្លាប់គ្រប់គ្រងពីអតីតកាលអស់ជាច្រើនឆ្នាំនោះ ។

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ដែលមានបេសកជនពិសេសដូចជា សម្តេចវិបុលបញ្ញា សុខ អាន បានខិតខំរៀបចំឯកសារ រួមនឹងបែបបទជាច្រើនទៀត បំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ ។ជោគជ័យរបស់កម្ពុជា បាននាំមកនូវភាពឈឺចាប់ជាពន់ពេកសម្រាប់ភាគីថៃ ។ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារថែមទៀត ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាខេមរបុត្រ ដែលមានចិត្តមោះមុតក្នុងការការពារជាតិ និងទឹកដីនោះ បានប្រឹងប្រែងតស៊ូទប់ទល់គ្រប់មធ្យោបាយ ទាំងមធ្យោបាយកម្លាំងប្រដាប់អាវុធ និងមធ្យោបាយច្បាប់អន្តរជាតិ រហូតការពារសម្បត្តិដ៏មានតម្លៃរបស់កម្ពុជានេះមិនឲ្យបាត់បង់នោះឡើយ ។ ជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាលើការតស៊ូមតិលើឆាកអន្តរជាតិនោះ គឺការទាមទារឱ្យតុលាការអន្តរជាតិទីក្រុងឡាអេ បកស្រាយឡើងវិញនូវសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។

ជាលទ្ធផល នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិ បានយល់
ស្របតាមសំណើរបស់កម្ពុជា ដោយបានដាក់ចេញនូវវិធានការបន្ទាន់ ដែលតម្រូវឱ្យភាគីទាំងពីរដកទ័ពចេញពីតំបន់គ្មានកងទ័ពជាបណ្តោះអាសន្នទំហំ១៧,៣គីឡូម៉ែត្រក្រឡា ព្រមទាំងបានឯកភាពទទួលពិនិត្យសំណើរបស់កម្ពុជា សូមឲ្យបកស្រាយសាលដីកា ឆ្នាំ១៩៦២នេះ ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡាអេ បានសម្រេចរក្សាសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលប្តឹងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដោយបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជាសម្បត្តិរបស់កម្ពុជា ។ការសម្រេចនេះ គឺជាជោគជ័យដ៏ធំរបស់ជាតិកម្ពុជាទាំងមូល ក្នុងការប្រឹងប្រែងរក្សាឲ្យបាននូវទ្រព្យសម្បត្តិរបស់កម្ពុជា ដែលបន្សល់ទុកដោយដូនតា ដូចដែលសម្តេចតេជោ ហ៊ុន សែន តែង
តែបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ថា មិនអនុញ្ញាតឲ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជាសូម្បីតែមួយមីល្លីម៉ែត្រនោះឡើយ ។
ដើម្បីអបអរសាទរចំពោះជោគជ័យដ៏ធំធេងនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១០ខែកក្កដា ជាទិវាជាតិនៃការចងចាំចំពោះការដាក់ប្រាសាទព្រះវិហារ រួមនឹងប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងណែនាំឱ្យរៀបចំពិធីអបអរសាទរនេះឱ្យបានអធិកអធមថែមទៀតផង ៕
ចែករំលែកព័តមាននេះ