ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​ហ្នឹង? ម្ហូប​ដ៏​ពេញ​និយម​ប្រចាំ​​ខេត្ត​ម​ណ្ឌ​លគិរី​​មាន​អ្វីខ្លះ​?

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នៅ​ពេល​គេ​រំឭក​ពី​ខេត្តមណ្ឌលគិរី ប្រាកដ​ណាស់​ទឹកជ្រោះ​ប៊ូ​ស្រា​គឺជា​រឿង​ទី​មួយ​ដែល​គេ​នឹកឃើញ​ដំបូង ដែល​ទឹកជ្រោះ​នេះ​មាន​ភាព​ល្បីល្បាញ​ជា​ខ្លាំង តែ​នៅ​ពេល​នេះ​ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​ស្រស់​ត្រកាល កោះសន្តិភាព​សូម​នាំ​អារម្មណ៍​ប្រិ​យ​មិត្ត​ឲ្យ​ស្គាល់​មុខម្ហូប​បី​មុខ​ប្រចាំ​ខេត្ត​មាន សម្ល​ប្រូង​ឬ​ហៅ​ថា សម្ល​បុក​បំពង់​ឫស្សី សម្ល វិ…

ខេត្តមណ្ឌលគិរី៖ នៅ​ពេល​គេ​រំឭក​ពី​ខេត្តមណ្ឌលគិរី ប្រាកដ​ណាស់​ទឹកជ្រោះ​ប៊ូ​ស្រា​គឺជា​រឿង​ទី​មួយ​ដែល​គេ​នឹកឃើញ​ដំបូង ដែល​ទឹកជ្រោះ​នេះ​មាន​ភាព​ល្បីល្បាញ​ជា​ខ្លាំង តែ​នៅ​ពេល​នេះ​ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​ស្រស់​ត្រកាល កោះសន្តិភាព​សូម​នាំ​អារម្មណ៍​ប្រិ​យ​មិត្ត​ឲ្យ​ស្គាល់​មុខម្ហូប​បី​មុខ​ប្រចាំ​ខេត្ត​មាន សម្ល​ប្រូង​ឬ​ហៅ​ថា សម្ល​បុក​បំពង់​ឫស្សី សម្ល វិ និង​ជ្រូក​កណ្តុរ​អាំង ។

សម្ល «​បុក ឬ​ប្រូង​» របស់​ជនជាតិ​ដើម​ភាគតិច​រស់នៅ​តំបន់​ខ្ពង់រាប​នា​ភាគ​ឦសាន​ជា​ម្ហូបអាហារ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​ក្នុង​តំបន់ ហើយ​មិនតែប៉ុណ្ណោះ វា​កំពុង​ទាក់​ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ​ខ្លាំង​ផង​ដែរ ។​បុរស​ឈ្មោះ ផល្លា មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ឲ្យ​ដឹង​ថា គាត់​បាន​ទៅ​រស់នៅ​ខេត្តមណ្ឌលគិរី ជាង​២០​ឆ្នាំ​ហើយ តាំងពី​មិន​ទាន់​មាន​ផ្លូវ​ធ្វើ​ដំណើរ​ស្រួល​ដូច​សព្វថ្ងៃ ។ គាត់​ចេះ​ធ្វើ​ម្ហូប «​សម្លបុក​ឬ​ប្រូង​» យ៉ាង​ស្ទាត់ជំនាញ ព្រោះ​មុខម្ហូបនេះ​សម្បូរ​ទៅ​ដោយ​វីតាមីន ដោយសារ​គេប្រើ​សុទ្ធ​សឹង​បន្លែ​បេះ​ពី​ព្រៃ​ធម្មជាតិ​ថ្មី​ៗ ។

គ្រឿងផ្សំ​សម្រាប់​សម្ល​បុក ឬ​ប្រូង រួម​មាន សាច់​យាវ​គោ (​សាច់​ស្វិត ឬ​សាច់​ប្រភេទ​ងៀត​ក៏​បាន​) ប្រហុក ចុង​ផ្តៅ ស្លឹក​ម្ទេស ត្រប់ស្រួយ ស្លឹក​ខ្ចូ​ញ ស្លឹក​ជន្លង់ ទំពាំង និង​ស្លឹក​រុក្ខ​ជាតិ​បៃតង​មួយ​ចំនួន​ទៀត ។ អ្វី​ដែល​គេ​មិន​អាច​អត់​បាន​នោះ គឺ​បំពង់​ឫស្សីព្រៃ ។ ឫស្សីព្រៃ​ត្រូវ​រក​ឫស្សី​ដើម​ណា​ដែល​មាន​សាច់​វែង​(​ថ្នាំង​វែង​)​ធំ ទើប​អាច​ស្ល​បាន និង​ជួយ​បង្កើន​រសជាតិ​ផង ។

ចំពោះ​របៀប​នៃ​ការ​ស្ល គឺ​គេ​ត្រូវ​បេះ​បន្លែ​ទាំងនោះ​លាង​ទឹក​ឲ្យ​ស្អាត ហាន់សាច់​ជា​បន្ទះ​តូច​ៗ​ចិញ្ច្រាំ​ប្រហុក​ឲ្យ​ម៉ដ្ឋ លាយ​គ្រឿង​ស្ករស និង​ប៊ី​ចេ​ង​បន្តិច​ចូល​គ្នា​ក្នុង​ឆ្នាំង​តែ​មួយ រួច​ញាត់​គ្រឿងផ្សំ​ទាំងនោះ​ចូល​ទៅ​ក្នុង​បំពង់​ឫស្សី​ដែល​គេ​ត្រៀម​ទុក និង​យក​ទៅ​ដុត​ក្នុង​ភ្លើង​ប្រមាណ​ជិត​១​ម៉ោង​ជា​ការ​ស្រេច ។សម្ល «​បុក​ឬ​ប្រូង​» គេ​សង្កេត​ឃើញ​អ្នក​ទេសចរ​បរទេស​ចូល​ចិត្ត​ឲ្យ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​ដែល​នាំ​ពួក​គេ​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រៃ ស្ល​ឲ្យ​ហូប​នៅ​តាម​មាត់​អូរ​ក្នុង​ព្រៃ និង​កន្លែង​ដែល​សម្បូរ​បន្លែ​ធម្មជាតិ ។

ឈ្មោះ​មុខម្ហូប​សម្ល​វី​មាន​រសជាតិ ចំណែក​សម្ល​វិ គឺជា​មុខម្ហូប​មួយ​បែប​មាន​វិធី​ចម្អិន​ដូច​ទៅ​នឹង​សម្លម្ជូរ​ស្រែ​ដែរ តែ​វា​មាន​រសជាតិ​ល្វីង​ៗ ហើយ​ពណ៌​សម្បុរ​របស់​វា​គឺ​មាន​ទឹកខ្មៅ​តែ​ម្តង ។ ចំពោះ​គ្រឿងផ្សំ​ម្ហូប​នេះ​រួម​មាន​សាច់​គោ ឬ​សាច់​លាយ​ឆ្អឹង គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច រំដេង ខ្ទឹមស ប្រហុក អំពិល​ទុំ គ្រឿងទេស អំបិល ប៊ី​ចេ​ង ហើយ​របស់​ដែល​គេ​មិន​អាច​ចោល​ឬ​ភ្លេច​បាន​នោះ​គឺ គ្រឿងក្នុង​គោ ជា​ពិសេស​ពោះ​ខ្ចី យក​ទាំងអស់​មិន​ត្រូវ​ចោល​ឡើយ ។របៀប​ស្ល​ចុងភៅ​ត្រូវ​លីង​គ្រឿង​ប​ញ្ជូ​ល​គ្នា​ឲ្យ​ឡើង​ឈ្ងុយ រួច​ដាក់​សាច់​រំងាស់​ឲ្យ​ដាច់​ទឹកព្រៃ សឹម​ដាក់​ទឹក​បន្ថែម រួច​ដាក់​គ្រឿងក្នុង​គោ​ចូល​ទៅ​រំងាស់​ឲ្យ​ផុយ​សាច់ ជា​ការ​ស្រេច ។

មុខម្ហូប​ទាំង​ពីរ​ខាងលើ​នេះ សម្រាប់​អ្នក​ខេត្តមណ្ឌលគិរី ពិតជា​និយម​ធ្វើ​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​ខ្លាំង​ណាស់ ហើយ​ក៏​មាន​អ្នកទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​មណ្ឌល​គិរី តែង​សាកល្បង​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​វា​ដែរ ។មុខម្ហូប​ជ្រូក​កណ្តុរ​អាំង​ដ៏​ឈ្ងុយ​សម្រាប់​មុខម្ហូប​ជ្រូក​កណ្តុរ​អាំង​នេះ គឺ​ងាយស្រួល​ចម្អិន​ជាងគេ​បំផុត គ្មាន​គ្រឿងផ្សំ​អ្វី​ជា​ចាំបាច់​ឡើយ ពោល​គឺ​ធ្វើ​ទៅ​តាម​ចំណូលចិត្ត​របស់​អ្នក​ទទួលទាន ។

ព្រោះ​សាច់​ជ្រូក​នេះ​វា​មាន​រសជាតិ​ឆ្ងាញ់​ស្រាប់​តាម​បែប​ធម្មជាតិ ។ គេ​អាច​ជ្រើសរើស​ជ្រូក​កណ្តុរ​ធំ​ឬ​តូច តម្រូវ​ទៅ​តាម​ចំនួន​សមាជិក​អ្នក​បរិភោគ ហើយ​បើ​ចង់​ឲ្យ​មុខម្ហូប​នេះ​កាន់តែ​មាន​រសជាតិ​នោះ គឹ​អាច​បន្ថែមបន្លែ ជីគ្រប់មុខ​ជាមួយ​ទឹកជ្រលក់ ទឹកត្រី​កោះកុង ឬ​ទឹក​តៅហ៊ូ​ជាដើម ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ