រាជធានីភ្នំពេញ ៖ កន្លងមកមានពលរដ្ឋខ្មែរមានការងឿងឆ្ងល់ ជុំវិញជនបរទេស ជាពិសេសជនជាតិចិនដែលមានសិទ្ធទិញរថយន្ត និងបើកបរនៅទឹកដីកម្ពុជា ។

ជុំវិញបញ្ហានេះ លោក ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយកោះសន្តិភាពដឹងថា ជនបរទេសក៏មានសិទ្ធិទិញរថយន្ត ធ្វើកម្មសិទ្ធិឬធ្វើស្លាកលេខរបស់ខ្មែរ ដើម្បីទទួលសិទ្ធិគ្រប់គ្រងរថយន្តរបស់ខ្លួន និងមានសិទ្ធិប្រឡងយកបណ្ណបើកបររបស់ខ្មែរដូចជា ប្រជាពលរដ្ឋខ្មែរយើងដែរ ប៉ុន្តែពួកគាត់ត្រូវមានឯកសារគ្រប់គ្រាន់ ។

លោក ឈួន វ៉ន់ បានមានប្រសាសន៍ថា ឯកសារដែលតម្រូវឲ្យជនបរទេសចាំបាច់ត្រូវតែមាននោះ គឺមានដូចជា៖ លិខិតបញ្ជាក់ទីលំនៅដែលបញ្ជាក់ដោយអាជ្ញាធររបស់ខ្មែរត្រូវមានលិខិតឆ្លងដែន (Passport) និងវីហ្សានៅមានសុពលភាព ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងពួកគាត់ដូចជា មានករណីគ្រោះថ្នាក់ចរាចរណ៍ និងមានករណីផ្សេងៗជាដើម ដែលងាយស្រួលក្នុងការរកអាស័យដ្ឋានតែម្តង ។
លោកអគ្គនាយកបានបញ្ជាក់ថា ជនបរទេសមានសិទ្ធិប្រឡងយកបណ្ណបើកបរខ្មែរបានហើយ បើសិនជាគាត់មានបណ្ណបើកបររបស់ប្រទេសគាត់ហើយ គឺគាត់អាចទៅប្តូរយកបណ្ណបើកបររបស់ខ្មែរបាន តែមានសុពលភាពមួយឆ្នាំម្តង ប៉ុន្តែបើគាត់ទៅប្រឡង គឺមានសុពលភាពរយៈពេល១០ឆ្នាំ ដូចពលរដ្ឋខ្មែរយើងដែរ ។
ចំណែកលោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា សម្រាប់ជនបរទេសដែលចង់បានបណ្ណបើកបររបស់ខ្មែរយើងអាចធ្វើបាន ប៉ុន្តែត្រូវទៅប្រឡងនៅអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ ដែលការប្រឡងត្រូវប្រើប្រាស់ជាភាសារអង់គ្លេស ដែលពួកគាត់ត្រូវមានលិខិតបញ្ជាក់ទីលំនៅនៅខ្មែរ មានប៉ាស្ព័រ និងវីហ្សាមានសុពលភាព គឺគាត់អាចធ្វើបានដូចខាងស្លាកលេខរថយន្តផងដែរ ៕
ចែករំលែកព័តមាននេះ