រាជធានីភ្នំពេញ ៖ ថ្ងៃនេះយើងប្រារព្វខួបលើកទី១២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ប្រជាជនកម្ពជាមានមោទនភាពដែលដូនតាបានបន្សល់ ទុកសម្បត្តិមនុស្សជាតិ ដ៏អស្ចារ្យ និងជាទីស្ញប់ស្ញែងរបស់ពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ជាខួប១២ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុង បញ្ជីបេតិកភណ្ឌពិភពលោក។

ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយបើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើ ប្រទេសថៃនៅតុលាការអន្តរជាតិ ក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ព្រះវិហារប្រាសាទដ៏ពិសិដ្ឋរបស់ កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២ របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេ បិច ប្រទេសកាណាដា។

ក្នុងនាមជាពលរដ្ឋកម្ពុជាយើងមានភារកិច្ចថែរក្សាអ្វីជាកេរ្ត៍ដំណែលដូនតាទាំងអស់ ឲ្យស្ថិតនៅគង់វង្សជារៀងរហូតតកូនតចៅច្រើនជំនាន់ ទន្ទឹមនឹងយើងបានទទួលផលសេដ្ឋកិច្ចពីប្រាសាទ ដ៏មានតម្លៃមួយនេះតាមរយៈការទៅទស្សនាដោយភ្ញៀវជាតិ និងអន្តរជាតិ។ ប៉ុន្តែជាអកុសល កូវីដ-១៩ បានវាយលុកខ្លាំងដល់បេះដូងទេសចរណ៍កម្ពុជា។ ប្រជាជន កម្ពុជាជាច្រើនដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ កំពុងតែមានការលំបាកផ្នែកសេដ្ឋកិច្ច។

តំបន់ទេសចរណ៍សំខាន់ៗទាំងអស់របស់កម្ពុជាដូចជាសៀមរាប ខេត្តព្រះ សីហនុ ខេត្តកែប និងខេត្តព្រះវិះហារ ជាដើម សុទ្ឋតែទទួលការឈឺចាប់ដោយ សារកូវីដ-១៩។ ខណៈដែលវានឹងត្រូវការ ពេលវេលាយូរតទៅទៀត មុនពេលដែលភ្ញៀវទេសចរណ៍ បរទេសមកលេងប្រទេសកម្ពុជា រាប់លាននាក់ដូចមុនវិញ វាជាតួនាទីប្រជាជន កម្ពុជាគ្រប់រូបនៅក្នុងការជួយជ្រោមជ្រែងវិស័យទេចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសតាមរយៈបង្កើនការចំណាយក្នុងស្រុក។ នៅចំពោះមុខនេះ ការធ្វើដំណើរទេសចរណ៍ ដោយប្រជាជនកម្ពុជាផ្ទាល់ មានសារសំខាន់ក្នុងការរក្សាដង្ហើមវិស័យទេសចរណ៍ ហើយជួយឲ្យអ្នកប្រកបរបរ ទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបានឆាប់រហ័សចេញពីវិបត្តិកូវីដ-១៩ ដែលបញ្ចប់ការរីកចម្រើន ខ្លាំងរបស់កម្ពុជាជាង២០ឆ្នាំ ប្រមាណជា៧ភាគរយជារៀងរាល់ឆ្នាំ។

ភ្ញៀវទេសចរណ៍ទៅលេងប្រាសាទព្រះវិហារ ក៏មានការធ្លាក់ចុះខ្លាំងផងដែរ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ខណៈដែលយើងប្រារព្វខួប១២ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក វាជាពេលវេលាដ៏ល្អដែលយើងត្រូវនឹកឃើញ ការធ្វើដំណើរ ទៅលេងប្រាសាទដ៏មានតម្លៃជាសកលមួយនេះ។ យើងគាំទ្រ និងស្រឡាញ់ប្រាសាទព្រះវិហារ យើងស្រឡាញ់ប្រទេសកម្ពុជា។ ជយោ ! ប្រាសាទព្រះវិហារ ជយោ ! ព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ សហការី

ចែករំលែកព័តមាននេះ